អាមេរិក​សុំទោស បន្ទាប់ពី​សេត​វិមាន​ហៅ​ស៊ី​ជីន​ពីង​របស់​ចិន​ថា​ជា​ប្រមុខរដ្ឋ​តៃវ៉ាន់​

858
ចែករម្លែក

បន្ទាប់ពី​សំដៅ​លោក​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង ជា​មេដឹកនាំ​តៃវ៉ាន់​រួចមក​នោះ ក្រុមមន្ត្រី​ការទូត​ក្នុង​សេត​វិមាន​របស់​ត្រាំ បាន​សុំ​អភ័យទោស និង កែតម្រូវ​កំហុស​របស់ខ្លួន​។

ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​សៅរ៍​ទី ៨​កក្កដា ទាក់ទិន​នឹង​កិច្ចប្រជុំ​ក្នុងប្រទេស​អាល្លឺម៉ង់ រវាង​មេដឹកនាំ​ចិន និង ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ការិយាល័យ​ព័ត៌មាន​របស់​សេត​វិមាន​បាន​សំដៅ​លោក​ស៊ីថា​ជា​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ចិន ដែលជា​ឈ្មោះ​ផ្លូវការ​របស់​តៃវ៉ាន់ ដោយ​យល់​ខុស​ទាំងស្រុង​នូវ​ឈ្មោះ​ផ្លូវការ​របស់​ចិន ដែល​ហៅថា សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

លោក​កេង សួង អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​និយាយថា នៅពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ស្នើឱ្យ​មានការ​បកស្រាយ​អំពី​កំហុស​ការទូត​នេះ មន្ត្រី​របស់​រដ្ឋបាល​ត្រាំ បាន​និយាយថា​វា​ជា​កំហុស​បច្ចេកទេស​។

អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ចិន ក្រោយមក បាន​កត់សម្គាល់ថា សេត​វិមាន​បាន​សុំ​អភ័យទោស និង​កែតម្រូវ​កំហុស​នេះហើយ​។​

ក្រុម​អ្នកជំនាញ​គោលនយោបាយ​ការបរទេស​បានកត់សម្គាល់​ថា កំហុស​បច្ចេកទេស​នេះ​គឺ​កើតឡើង​ចំពេល​កំពុង​មានការ​ប្រឈម​ខាង​ការទូត​រវាង​តៃវ៉ាន់ និង​ចិន​។

បន្ទាប់ពី​ការបង្កើត​កោះ​តៃវ៉ាន់ ដោយ​បំបែក​ចេញពី​ចិនដីគោក​ក្នុង​ឆ្នាំ ១៩៤៥ មក ប៉េកាំង​បាន​សំដៅ​កោះ​តៃវ៉ាន់​ជា​ដែនដី​ចិន ដែលជា​ការអះអាង​មួយ តៃវ៉ាន់​បដិសេធ​ឥតឈប់ឈរ​៕ ដោយ ៖កញ្ញាដាលីស

លោក​ស៊ី​ជីន​ពីង និង​ដូ​ណា​ល់​ត្រាំ ពេល​ជួបគ្នា​ក្នុង​កិច្ចប្រជុំ​កំពូល G20 នៅ​អាល្លឺម៉ង់​កាលពី​សប្តាហ៍​មុន
#