អាមេរិក​សុំអោយ​កូរ៉េខាងត្បូង​បដិសេធ​ទំនិញ​របស់​Huawei ដោយ​សំអាង​អំពី​ហានិភ័យ​សន្តិសុខ​

667
ចែករម្លែក

​រដ្ឋាភិបាល​អាមេរិក​កំពុង​បញ្ចុះបញ្ចូល​កូរ៉េខាងត្បូង​កុំអោយ​ប្រើ​ផលិតផល​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​Huawei Technologies Co​របស់​ចិន​,​នេះ​បើ​តាម​ការផ្សាយ​របស់​កា​សែ​ត​​កូរ៉េខាងត្បូង​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៣​ឧសភា ចំ​ពេល​មាន​ការជំរុញ​កាន់តែ​ខ្លាំង​ឡើង​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​អោយ​សម្ពន្ធមិត្ត​របស់ខ្លួន​ច្រាន​ចោល​ទំនិញ​របស់​ក្រុម​​ហ៊ុន​ចិន​មួយ​នេះ​។​

​កាសែត​Chosun Ilbo​បាន​រាយការណ៍​ថា មន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ម្នាក់​បាន​និយាយ​នៅក្នុង​ជំនួប​កាលពីពេល​ថ្មីៗ​មួយ​ជាមួយ​សម​ភាគី​កូរ៉េខាងត្បូង ថា​ក្រុមហ៊ុន LG Uplus Corp ដែល​ប្រើ​គ្រឿង​បរិក្ខា​Huawei គួរ​កុំ​ប្រើ​វា​ក្នុង​វិស័យ​សំខាន់ៗ​នៅ​កូរ៉េ​ខាងត្បូង​។​

​មន្ត្រី​នោះ​បាន​បន្ថែមថា នៅ​ទី​បំផុត​ទៅ Huawei នឹង​ត្រូវ​ខ្ទាត​ចេញពី​ប្រទេស ទោះ​ជា​មិន​ភ្លាមៗ​ក្តី​។​

​មន្ត្រី LG Uplus​ម្នាក់​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បរទេស​កាលពី​ថ្ងៃ​២៣​ឧសភា​ថា « LG Uplus​នៅ​មិនទាន់​ទទួល​សេចក្តីថ្លែងការណ៍​ឬ​សំណើ​ណាមួយ​ពី​ក្រសួងការបរទេស​​កូរ៉េខាងត្បូង​ឬ​អាមេរិក​នៅ​ឡើយ​ទេ​ទាក់ទង​នឹង​ការប្រើ​គ្រឿង​បរិក្ខា​Huawei »​។​

​សូមបញ្ជាក់​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាននិងកំពុង​ជំរុញ​សម្ពន្ធមិត្ត​របស់ខ្លួន​អោយ​ឈប់​ប្រើ​គ្រឿង​បរិក្ខា​ផលិត​ដោយ​Huawei​ដោយសារ​ព្រួយបារម្ភ​ថា​វា​អាច​ប្រើ​ជា​ចារកម្ម​​ឬ​ការវាយប្រហារ​តាម​អ៊ិន​ធឺ​ណិ​ត ជា​ការព្រួយបារម្ភ​ដែល​Huawei​ចាត់ទុកថា​មិន​មាន​ហេតុផល​៕​ដោយ​៖​វាសនា​

យុទ្ធនាការ​ប្រឆាំង​Huawei​កាន់តែ​កើនឡើង​ក្រោយ​ពី​ប្រធានាធិបតី​អាមេរិក​ចុះហត្ថលេខា​លើ​បទ​បញ្ជា​ហាម​ប្រើ​គ្រឿង​បរិក្ខា​និង​លក់​ផលិតផល​អាមេរិក​ដល់​ក្រុមហ៊ុន​បច្ចេក​​វិទ្យា​យក្ស​របស់​ចិន​នេះ​