អាមេរិក ជប៉ុន​និង​ឥណ្ឌា ជំរុញអោយមាន​អាស៊ី​បើកចំហ​មួយ​

803
ចែករម្លែក

មេដឹកនាំអាមេរិក ជប៉ុននិងឥណ្ឌាកាលពីថ្ងៃសុក្រទី៣០វិច្ឆិកាបានជួបគ្នាជាលើកដំបូងនិងបានអំពាវនាវអោយមាននាវាចរណ៍បើកចំហនៅអាស៊ី ដែលនេះជាការបង្ហាញឯកភាពគ្នាមួយ ដែលសំដៅទប់ឥទ្ធិពលចិន។

លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នាយករដ្ឋមន្រ្តីឥណ្ឌា ណារេនដ្រា ម៉ូឌីនិងសមភាគីជប៉ុន លោកស៊ីនហ្សូ អាបេ បានជួបប្រជុំជាមួយគ្នានៅក្រៅជំនួបកំពូលរបស់មហាអំណាចសេដ្ឋកិច្ចទាំងម្ភៃ(G-20)នៅក្រុងប៊ុយណូហ្សែ ប្រទេសអាហ្សង់ទីន។

នាយករដ្ឋមន្រ្តីជប៉ុន(ឆ្វេង) ប្រធានាធិបតីអាមេរិកនិងនាយករដ្ឋមន្រ្តីឥណ្ឌាជួបគ្នានៅក្រៅជំនួបកំពូលG-20នៅអាហ្សង់ទីន

ជំនួបកំពូលត្រីភាគីរយៈពេលត្រឹមតែ១៥នាទីនេះគ្រាន់តែជានិមិត្តរូបជាជាងការដាក់ចេញយុទ្ធសាស្រ្ត តែវាបង្ហាញអោយឃើញថាប្រទេសទាំងបីកំពុងរួមគ្នាព្រួយបារម្ភអំពីឥទ្ធិពលកាន់តែកើនឡើងរបស់ចិន។

សូមបញ្ជាក់ថា ជប៉ុននិងឥណ្ឌាមានជម្លោះទឹកដីជាមួយចិនជាយូរមកហើយ ខណៈអាមេរិកបាននិងកំពុងគាបចិនអំពីពាណិជ្ជកម្មនិងសមុទ្រចិនខាងត្បូង។

លោកអាបេបាននិយាយថា« ជប៉ុន អាមេរិក និងឥណ្ឌារួមគ្នាចែករំលែកតំលៃជាមូលដ្ឋាននិងផលប្រយោជន៍យុទ្ធសាស្រ្ត ។ដោយពួកយើងទាំង៣ធ្វើការរួមគ្នា យើងនឹងនាំមកវិបុលភាពនិងស្ថិរភាពខ្លាំងឡើងនៅក្នុងតំបន់ ព្រមទាំងពិភពលោក»។

ចំណែកលោកម៉ូឌីបានកត់សំគាល់ថា ជប៉ុន អាមេរិកនិងឥណ្ឌា ផ្សំដើមពាក្យបង្កើតបានជាពាក្យ-Jai (Japan, America ,India) ជាភាសាហិណ្ឌូមានន័យថា«ជយោ»។

អ្នកនាំពាក្យសេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជំនួបកំពូលនេះ«បញ្ជាក់អះអាងឡើងវិញអំពីសារសំខាន់នៃទស្សនវិស័យឥណ្ឌូ-ប៉ាស៊ីហ្វិកបើកចំហនិងសេរីសំរាប់ស្ថិរភាពនិងវិបុលភាពសកល ហើយសន្យាពង្រឹងកិច្ចសហការត្រីភាគី»។

រដ្ឋការត្រាំបានបង្កើនសម្លេងអំពី«តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរីនិងបើកចំហ»មួយ ជាឃ្លាដែលទទួលបានការគាំទ្រពីលោកអាបេជាយូរមកហើយ និងលោកនៅតែនិយាយថា អាស៊ីទាំងអស់នៅតែបើកចំហចំពោះនាវាចរណ៍និងពាណិជ្ជកម្ម៕ដោយ៖វាសនា