អាមេរិក ជប៉ុន កូរ៉េ​ខាងត្បូង​និង​អូស្ត្រាលី ធ្វើ​សមយុទ្ធ​ទ័ពជើងទឹក​លើក​ទីមួយ​នៅ​ប៉ាស៊ីហ្វិក​ភាគ​ខាងលិច​

561
ចែករម្លែក

​កងទ័ពជើងទឹក​អាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៣​ឧសភា​ថា នាវា​កងទ័ព​ជើង​អាមេរិក​ច្រើន​គ្រឿង​បាន​ធ្វើ​សមយុទ្ធ​រួម​ជាមួយ​កង​នាវាចម្បាំង​មកពី​ប្រទេស​សម្ពន្ធ​​មិត្ត​ដែល​មាន ជប៉ុន អូស្ត្រាលី និង​កូរ៉េខាងត្បូង​ក្នុងការ​ធ្វើ​សមយុទ្ធ​រួម​គ្នា​លើក​ទី​មួយ​របស់​ពួកគេ​សមុទ្រ​ប៉ាស៊ីហ្វិក​ភាគ​ខាងលិច​។​

​សមយុទ្ធ​” ទ័ព​ជួរមុខ​ប៉ាស៊ីហ្វិក ” ដែល​ធ្វើ​នៅ​ជិត​កោះ​ហ្កាំ របស់​សហរដ្ឋអាមេរិក​នេះ ធ្វើឡើង​នៅ​មុន​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ​ទៅកាន់​​ប្រទេស​ជប៉ុន​នៅ​ចុង​សប្តាហ៍​នេះ ស្របពេល​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន យកចិត្តទុកដាក់​លើ​ក្រុម​ប្រទេស​ជា​សម្ពន្ធមិត្ត​នៅ​អាស៊ី​ដើម្បី​ជួយ​ទប់ទល់​នឹង​អំណាច​យោធា​​របស់​ចិន​នៅក្នុង​តំបន់​។​

​លោក ហ្វី​លីព សរ​យឺ​(Phillip Sawyer) ឧត្តមនាវីរង​នៃកង​នា​វាទី​៧​អាមេរិក​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ” សមយុទ្ធ​នេះ​ចូលរួម​កម្លាំង​ទ័ព​ដែល​មក​​ពី​ប្រទេស​៤​នៅ​ជិត​សមុទ្រ ដែល​អាច​ផ្តល់​ការការពារ​សន្តិសុខ​នៅ​ទូទាំង​សមុទ្រ ឥ​ណ្ឌូ​-​ប៉ាស៊ីហ្វិក​ដោយ​ផ្អែក​លើ​តម្លៃ​រួម​និង​ផលប្រយោជន៍​រួម​” ។​

​សមយុទ្ធ​ដែល​មាន​រយៈពេល​៦​ថ្ងៃនេះ ត្រូវ​បាន​ចូលរួម​ដោយ នាវា​ពិឃាត​ជប៉ុន​២​គ្រឿង​នាវាចម្បាំង​អូស្ត្រាលី​២​គ្រឿង និង នាវា​ពិឃាត​មួយ​គ្រឿង​មក ពី​កូរ៉េខាងត្បូង ជាមួយនឹង​​កងទ័ព​សរុប​ទាំងអស់​៣.០០០​នាក់​។​

​កងទ័ពជើងទឹក​អាមេរិក បាន​បញ្ជូន​នាវា​៥​គ្រឿង​និង​យន្តហោះ​ចម្បាំង​ព្រមទាំង​យន្តហោះ​ល្បាត​សមុទ្រ​ជាច្រើន​គ្រឿង​សម្រាប់​ការធ្វើ​សមយុទ្ធ​ហ្វឹកហាត់ ដែល​រួម​ទាំង​​ការបាញ់​គ្រាប់​ពិត​និង​សមយុទ្ធ​ប្រឆាំង​នាវា​មុជទឹក​៕​ដោយ​៖​សុខា​/sn

អាមេរិក បញ្ជូន​នាវា​៥​គ្រឿង និង​យន្តហោះ​ច្រើន​គ្រឿង​សម្រាប់​ការធ្វើ​សមយុទ្ធ​នេះ​