អាមេរិក ជប៉ុន និង​អូស្ត្រាលី ហាត់​ប្រយុទ្ធ​ក្នុង​អាកាស​នៅ​ប៉ាស៊ីហ្វិក​ខាងលិច​

394
ចែករម្លែក
  • 45
    Shares

​កងកម្លាំង​មកពី​អាមេរិក ជប៉ុន​និង​អូស្ត្រាលី បាន​ធ្វើ​សមយុទ្ធ​ប្រចាំ​ឆ្នាំ​ឈ្មោះ​ថា​COPE North ជាមួយនឹង​ការបង្ហាញ​សមត្ថភាព​ប្រយុទ្ធ​ក្នុង​អាកាស​របស់​កម្លាំង​សម្ពន្ធ​មិត្ត​​ចំពោះ​យន្តហោះ​សត្រូវ​ណាមួយ​,​នេះ​បើ​តាម​ការប្រកាស​របស់​បញ្ជាការ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​អាមេរិក​។​

​បញ្ជាការ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​៨​មីនា​ថា​« សេណា​រី​យ៉ូរ​បស់​សមយុទ្ធ​COPE North 2019​នៅ​សប្តាហ៍​ចុងក្រោយ​នេះ​ពាក់ព័ន្ធ​នឹង​ជំនួយ​មនុស្សធម៌​និង​ប្រតិបត្តិ​​ការជួយ​សង្គ្រោះ រហូត​ដល់​ប្រតិបត្តិ​ការប្រយុទ្ធ​ក្នុង​អាកាស​ក្រោយ​ពី​ប្រទេស​មួយ​បាន​បាញ់​ទម្លាក់​យន្តហោះ​នៃ​ប្រទេស​ជា​មិត្ត​មួយ​»​។​

​ទាហាន​ប្រមាណ​៣.០០០​នាក់ យន្តហោះ​ជិត​១០០​គ្រឿង កងឯកភាព​ទ័ព​២០​មកពី​ប្រទេស​ទាំង​បី ចូលរួម​នៅក្នុង​សមយុទ្ធ​ដែល​បាន​ចប់​កាលពី​ថ្ងៃ​សុក្រ​។​

​មេបញ្ជាការ​ទ័ពអាកាស ឧត្តមសេនីយ៍ខេវិ​ន ស្នី​ឌ័​រ បាន​និយាយថា​« នៅ​ពេល​អ្នក​ពិនិត្យ​លើ​សមត្ថភាព​ប្រយុទ្ធ​ក្នុង​សមយុទ្ធ​នេះ ឧត្តមភាព​អាកាស ការ​ស្ទាក់​ស្កាត់​ក្នុង​អាកាស​​សង្គ្រាម​អេឡិចត្រូនិក ការដឹកជញ្ជូន​និង​ចាក់​ប្រេង​ក្នុង​អាកាស សុទ្ធតែ​ជា​ការងារ​សំខាន់​ចំពោះ​ប្រទេស​របស់​យើង​ប្រើ​ក្នុង​ជម្លោះ​ណាមួយ​»​។​

​សមយុទ្ធ​នេះ មាន​ការហោះ​ជិត​៩០០​លើក ដោយ​ប្រទេស​ទាំង​បី​ផ្តោត​លើ​ឧត្តមភាព​ប្រយុទ្ធ​ក្នុង​អាកាស​លើ​តំបន់​មួយ​ទំហំ​ជិត​១០​គីឡូម៉ែត្រ​ការ៉េ​៕​ដោយ​៖​វាសនា​