អាមេរិក ជប៉ុន ឥណ្ឌា​និង​ហ្វីលីពីន ធ្វើ​សមយុទ្ធ​ជើង​ទឹក​ប្រជែង​នឹង​អំណាច​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​

688
ចែករម្លែក

​នៅក្នុង​ការបង្ហាញ​កម្លាំង​ទ័ពជើងទឹក​ថ្មី​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែល​ប្រជែង​គ្នា នាវា​ពិឃាត​អាមេរិក​មួយ បាន​ធ្វើ​ការហ្វឹកហាត់​ជាមួយ​នាវា​ដឹក​យន្តហោះ​ជប៉ុន នាវា​នៃ​កងទ័ព​​ជើង​ទឹក​ឥណ្ឌា​២​គ្រឿង និង​នាវា​ល្បាត​ហ្វីលីពីន​មួយ នៅក្នុង​ផ្លូវទឹក​ដែល​អះអាង​សិទ្ធិ​ជែង​គ្នា​ដោយ​ចិន និង​អាមេរិក ។​នេះ​បើ​តាម​កងទ័ពជើងទឹក​អាមេរិក​បាន​និយាយ​កាល​​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៩​ឧសភា​។​

​ដោយ​សមយុទ្ធ​ស្រដៀង​គ្នា​ត្រូវ​បាន​ដឹកនាំ​ធ្វើ​ដោយ​ប្រទេស​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​កាលពី​ពេល​ថ្មីៗ ការបង្ហាញ​កម្លាំង​ជើង​ទឹក​រួមគ្នា​ដោយ​ប្រទេស​៤​នេះ​តំណាង​អោយ​ការ​​ប្រឈម​ថ្មី​មួយ​ចំពោះ​ចិន នៅពេល​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ​គំរាម​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​តំលៃ​២០០​ពាន់​លាន​ដុល្លារ បើ​ចិន​មិន​បន្ទន់​ជំហរ​សំរាប់​កិច្ចព្រមព្រៀង​​ពាណិជ្ជកម្ម​មួយ​ទេ​។​

​មេបញ្ជាការ អ៊ែន​ឌ្រូ ជេ គ្លុង កា​ពី​ទែន​នាវា​ពិឃាត​USS William P. Lawrence​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា «​ការចូលរួម​ពាក់ព័ន្ធ​បែប​វិជ្ជាជីវៈ​ជាមួយ​សម្ពន្ធមិត្ត​ ដៃគូ​និង​មិត្ត​របស់​យើង​នៅក្នុង​តំបន់​ជា​ឱកាស​ដើម្បី​ស្ថាបនា​មិត្ត​មាន​រឹងមាំ​របស់​យើង​»​។​

​ជប៉ុន​បាន​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​មួយ​ក្នុងចំណោម​នាវា​ប្រភេទ​នេះ​២​របស់ខ្លួន គឺ​Izumo​នៅពេល​ឥណ្ឌា​បញ្ជូន​នាវា​ពិឃាត INS Kolkata​និង​នាវា​ចាក់​ប្រេង INS Shakti​។​

​សមយុទ្ធ​ដែល​បានបញ្ចប់​កាលពី​ថ្ងៃ​ពុធ​ទី​៨​ឧសភា កើត​ឡើង​បន្ទាប់ពី​នាវាចម្បាំង​អាមេរិក​២​ផ្សេងទៀត បើក​ជិត​កោះ​ដែល​ចិន​កាន់កាប់​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​កាលពី​ថ្ងៃ​​ចន្ទ ជាហេតុ​នាំ​អោយ​មាន​ការ​តវ៉ា​ប្រឆាំង​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដែល​អះអាង​ថា​នាវា​នោះ​រំលោភ​អធិបតេយ្យភាព​របស់​ខ្លួន​។​តែ​កងទ័ពជើងទឹក​អាមេរិក​និយាយ​ថា ខ្លួន​​ធ្វើ​ប្រតិបត្តិការ​សេរីភាព​នាវាចរណ៍ នៅក្នុង​ដែនទឹក​អន្តរជាតិ​ជុំវិញ​ពិភពលោក​តែប៉ុណ្ណោះ​។​

​សូមបញ្ជាក់​ថា ចិន​អះអាង​ជា​កម្មសិទ្ធិ​លើ​សមុទ្រ​ចិន​ខាងត្បូង​ស្ទើរ​ទាំងមូល ក្នុងពេល​ព្រុយ​ណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី កោះ​តៃវ៉ាន់ ហ្វីលីពីន​និង​វៀតណាម​អះអាង​ជាន់​ជាមួយ​​ខ្លួន​។​អាមេរិក ជប៉ុន​និង​ឥណ្ឌា​មិន​អះអាង​កម្មសិទ្ធិ​ត្រួតគ្នា​ជាមួយ​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ទេ​តែ​ជប៉ុន​មាន​ជម្លោះ​ដែនទឹក​ជាមួយ​ចិន​នៅ​សមុទ្រ​ចិន​ខាងកើត​៕​ដោយ​៖​វាសនា​

#