អាមេរិក ប្រកាស​ផ្តាច់ជំនួយ​បោះឆ្នោត តែ​គ​.​ជ​.​ប​. មាន​ថវិកា​គ្រប់គ្រាន់​

545

(ភ្នំពេញ)៖​បន្ទាប់ពី​តុលាការ​កំពូល បានសម្រេច​រំលា​យគណ​បក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ រួចមក ភ្លាមៗសហរដ្ឋអាមេរិក បានប្រកាស​បញ្ចប់​ជំនួយ​ជួយ​ដល់គ​.​ជ​.​ប​. សម្រាប់​រៀបចំ​ការបោះឆ្នោត​ ក៏ប៉ុន្តែ​អ្នកនាំពាក្យ​គ​.​ជ​.​ប​. លោក​ហង្ស​ពុទ្ធា បាន​បញ្ជាក់ថា គ​.​ជ​.​ប​.​នៅតែ​បន្តដំណើរ​ការរៀប​ចំកា​របោះ​ឆ្នោត ដោយមាន​ថវិកា​គ្រប់គ្រាន់​ពី​រាជរដ្ឋាភិបាល និង​ម្ចាស់ជំនួយ​សំខាន់ៗ ដូចជា ជប៉ុន សហភាព​អឺរ៉ុប ចិន និង​កូរ៉េ ជាដើម​។​

​តាមរយៈ​សេចក្តីថ្លែងការណ៍​ខ្លី ចេញផ្សាយ​ពី​សេត​វិមាន សហរដ្ឋអាមេរិក បាន​ហៅ​ដំណើរការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ថា​ជាការដើរថយក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​។ ជាមួយគ្នា​នោះ ជាការ​ឆ្លើយតប​នឹង​ការសម្រេច​នេះ ជំហាន​ដំបូង សហរដ្ឋអាមេរិក បានសម្រេច​បញ្ចប់​ការគាំទ្រ​របស់ខ្លួន​លើ​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​របស់​គជប សម្រាប់​ការបោះឆ្នោតជាតិ នៅ​ឆ្នាំ​២០១៨​ ដែល​សហរដ្ឋអាមេរិក បាន​ចាត់ទុកថា នឹងមិន​ធ្វើឡើង​ដោយ​ស្របច្បាប់ សេរី និង​មិន​យុត្តិធម៌​ទេ​។​

​ជាមួយនឹង​ការលើកឡើង​ខាងលើ សហរដ្ឋអាមេរិក ក៏បាន​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា លុបចោល​នូវ​ការសម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដោះលែង​លោក​កឹម​សុខា ព្រមទាំង​អនុញ្ញាត​ឲ្យ​គណបក្សប្រឆាំង សង្គម​ស៊ិ​វិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ធ្វើ​សកម្មភាព​ស្របច្បាប់​នៅ​កម្ពុជា​ឡើងវិញ​។​

​ក៏ប៉ុន្តែ​ឆ្លើយតប​នឹង​សេចក្តីថ្លែងការណ៍​របស់​សេត​វិមាន​ខាងលើនេះ លោក ហង្ស ពុទ្ធា សមាជិក និង​ជា​អ្នកនាំពាក្យ​គជប បាន​ចាត់ទុកថា ការលើកឡើង​ខាងលើនេះ ជា​សិទ្ធិ​របស់​សហរដ្ឋអាមេរិក​។ សហរដ្ឋអាមេរិក ដែល​កន្លងមក បាន​ជួប​គ.ជ.ប​ នូវ​ឡាន Pick Up ចាស់ៗ ចំនួន៦គ្រឿង ព្រមទាំង​ឲ្យ​អង្គការ​អាមេរិក​មួយ ឈ្មោះ IFES ដាក់​ការិយាល័យ នៅ​គ.ជ.ប ដើម្បី​ជួយ​ដល់​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​នៅ​កម្ពុជា​។​

​លោក ហង្ស ពុទ្ធា បញ្ជាក់ថា បើ​សហរដ្ឋអាមេរិក ឈប់​ផ្តល់ជំនួយ​ដល់​គជប ក៏​មិន​ប៉ះពាល់​ដល់​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​នោះទេ ព្រោះថា គ.ជ.ប កន្លងមកនិង​មកដល់ពេលនេះ នៅតែ​ទទួលបាន​ជំនួយ​ពី​ជប៉ុន សហភាព​អឺរ៉ុប ចិន និង​កូរ៉េខាងត្បូង​។ ក្នុងនោះ កន្លងមក ជប៉ុន​បានផ្តល់​ថវិកា១,៣ លាន​ដុល្លារ សម្រាប់​ទិញ​សម្ភារៈ​ផ្ទុក​ទិន្នន័យ​អ្នកបោះឆ្នោត ហើយ​សហភាព​អឺរ៉ុប បាន​ផ្តល់ជំនួយ ៦,៧ លាន​អឺរ៉ូ ដល់​គជប​។ ក្រៅពីនោះ នៅ​គជប ក៏មាន​ការិយាល័យ​រប​ស់​សហភាព​អឺរ៉ុប​,​ចែ​កា​( JICA) និង ក​យ​កា​(KOICA) ដើម្បី​ជួយ​គជប ក្នុង​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​។​

​លោក ហង្ស ពុទ្ធា ក៏បាន​បន្ថែមថា សម្រាប់​ការបោះឆ្នោត នៅ​ឆ្នាំ​២០១៨ គម្រោង​ថវិកា​សម្រាប់​រៀបចំ​ការ​បោះឆ្នោត ក៏​ត្រូវបាន​រាជរដ្ឋាភិបាល​រៀបចំ​ដាក់​ឆ្លង​រដ្ឋសភា​រួចហើយ​។ ដូច្នេះ បើ​មិនមាន​ជំនួយ​ពី​បរទេស ក៏​គជប មាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​រៀបចំ​កា​របោះ​ឆ្នោត​បានដែរ​។

​ជាមួយនឹង​ការលើកឡើង​ខាងលើនេះ លោក ហង្ស ពុទ្ធា ក៏បាន​បន្តថា កន្លងមក ចិន​ក៏បានផ្តល់​សម្ភារៈ​ឧបករណ៍​ដល់គ​.​ជ​.​ប​. ក្នុងការ​រៀបចំ​ការបោះ​ឆ្នោត ដែល​គិត​ជា​ទឹកប្រាក់​ប្រហែលជា ១២ លាន​ដុល្លារ​។ ថ្មីៗ​នេះ ប្រទេស​រុស្ស៊ី ក៏បាន​ប្រកាស​ជួយ​កម្ពុជា ក្នុងការ​រៀបចំ​ការបោះ​ឆ្នោត​ផងដែរ​៕ដោយ៖ម៉េងឆៃ/sn