អាមេរិក ព្រមាន​កូរ៉េខាងជើង អំពី​ការឆ្លើយតប​ខ្លាំងក្លា​ដោយ​យោធា​បន្ទាប់ពី​ការសាកល្បង​នុយក្លេអ៊ែរ​

435

​សហរដ្ឋអាមេរិក​បាន​ព្រមាន​កាលពី​ថ្ងៃអាទិត្យ​ថា ខ្លួន​អាចធ្វើ​ការឆ្លើយតប​ខ្លាំងក្លា​ដោយ​យោធា​ចំពោះ​ការគំរាមកំហែង​ពី​កូរ៉េខាងជើង បន្ទាប់ពី​មានកា​បំផ្ទុះ​បង្កហេតុ​ដោយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ចំពោះ​អ្វីដែល​ខ្លួន​បាន​អះអាងថា​ជាការ​សាកល្បង​គ្រាប់បែក​អ៊ី​ដ្រូ​ហ្សែ​ន​ដ៏​ខ្លាំង​និង​កាន់តែ​តូច​។​

​ការធ្វើ​អត្ថាធិប្បាយដោយ លោក ជី​ម ម៉ា​តទី​ស រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក បាន​កើតឡើង​បន្ទាប់ពី​លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក បាន​កោះប្រជុំ​ក្រុមទី​ប្រឹក្សា​សន្តិសុខ​ជាតិ​របស់លោក ដើម្បី​ពិភាក្សា​អំពី​ការសាកល្បង​នុយក្លេអ៊ែរ​ដ៏​ខ្លាំង​ដែល​នឹកស្មាន​មិន​ដល់ ដោយ​កូរ៉េខាងជើង​កាលពី​ថ្ងៃអាទិត្យ ទី​៣​កញ្ញា​។​

​លោក ជី​ម ម៉ា​តទី​ស បាន​និយាយប្រាប់​ក្រុម​អ្នកយកព័ត៌មាន “​ការគំរាមកំហែង​ណាមួយ​ចំពោះ​សហរដ្ឋអាមេរិក​ឬ​ទឹកដី​របស់ខ្លួន ដោយ​រួមទាំង​កោះ​ក្វាម ឬ ក្រុម​ប្រទេស​សម្ព័ន្ធមិត្ត​របស់ខ្លួន នឹង​ត្រូវបាន​ឆ្លើយតប​ដ៏​ខ្លាំង​ដោយ​យោធា​”​។​

​លោក​បាន​បន្ថែមថា “​យើង​មិនទាន់​ចាត់ការ​វាយប្រហារ​កម្ទេច​ទាំងស្រុង​លើ​ប្រទេសមួយ​ទេ គឺ​កូរ៉េខាងជើង ប៉ុន្តែ​ដូច​អ្វីដែល​ខ្ញុំ​បាន​និយាយ​នោះ​គឺថា យើង​មាន​ជម្រើស​ច្រើន​ដើម្បី​ធ្វើ​ដូចនេះ​”​។​

​កាលពីពេល​មុននេះ លោក ដូ​ណា​ល់ ត្រាំ បាន​ថ្កោលទោស​ចំពោះ​ការ​សា​ល្បង​នុយក្លេអ៊ែរ​នេះ ដោយ​និយាយថា “​ពេលវេលា​នៃ​ការធ្វើឱ្យ​ស្ងប់ស្ងាត់ គឺ​ចប់​ហើយ ហើយ​គំរាម​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​កាន់តែខ្លាំង​ឡើង ដោយ​រួមទាំង​បញ្ឈប់​ការធ្វើ​ពាណិជ្ជកម្ម​ទាំងអស់​ជាមួយ​ប្រទេស​ណាមួយ ដែល​ធ្វើ​ពាណិជ្ជកម្ម ជាមួយ​កូរ៉េខាងជើង ។​

​កូរ៉េខាងជើង បាន​អបអរ​សារ​ទ​ចំពោះ​ការសាកល្បង​របស់ខ្លួន​អំពី​អ្វីដែល​ខ្លួន​និយាយថា ជា​គ្រាប់បែក​អ៊ី​ដ្រូ​ហ្សែ​ន​ដែល​ផលិតឡើង​សម្រាប់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ ដ៏​ជោគជ័យ​បំផុត​៕ ដោយ៖ សុខា

លោក ជី​ម ម៉ា​តទី​ស រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក (​រូប​ឆ្វេង​) ត្រូវបាន​ឈរ​អប ដោយ លោក យ៉ូ​សេប ដាន់​ហ្វ​ត នាយសេនាធិការ​ចម្រុះ​អាមេរិក​(​រូប​ស្តាំ​) ក្នុង​ពេលធ្វើ​សន្និសីទកាសែត នៅ​ខាងក្រៅ​សេត​វិមាន