អាម៉េរិកព្រមានអំពីការគំរាមកំហែងដល់នាវាដែលឆ្លងកាត់ឈូងសមុទ្រពែក្ស ចំពេលកំពុងតានតឹងជាមួយអ៊ីរ៉ង់

97
ចែករម្លែក

សហរដ្ឋអាម៉េរិកនៅថ្ងៃអង្គារទី១៤មករានេះបានព្រមានអំពីការគំរាមកំហែងដល់នាវាពាណិជ្ជកម្មនៅក្នុងនិងជុំវិញឈូងសមុទ្រពែក្ស បន្ទាប់ពីការប្រឈមមុខដាក់គ្នាជាមួយអ៊ីរ៉ង់។

ភាពតានតឹងបានកើនឡើងចាប់តាំងពីការវាយប្រហារតាមអាកាសរបស់អាម៉េរិកកាលពីដើមខែនេះ ដែលបានសម្លាប់ឧត្តមសេនីយ៍ កាសសេម សូឡីម៉ានី ដែលជាឧត្តមសេនីយ៍កំពូលរបស់អ៊ីរ៉ង់និងជាអ្នករៀបចំសកម្មភាពយោធាក្នុងតំបន់របស់អ៊ីរ៉ង់។ អ៊ីរ៉ង់បានឆ្លើយតបវិញដោយការបាញ់មីស៊ីលឆ្លងទ្វីបដាក់កងទ័ពអាម៉េរិកនៅអ៊ីរ៉ាក់ដោយមិនបង្ករបួសដល់នរណាម្នាក់ឡើយ ហើយបានបាញ់ធ្លាក់យន្ដហោះអ៊ុយក្រែនមួយគ្រឿងដោយចៃដន្យនៅជិតក្រុងតេហេរ៉ង់ ដោយសម្លាប់មនុស្សទាំង ១៧៦ នាក់ជិះលើយន្តហោះ។

នៅក្នុងការព្រមានអំពីដែនសមុទ្រ សហរដ្ឋអាម៉េរិកបាននិយាយថា “ការកើនឡើងសកម្មភាពយោធានិងការកើនឡើងភាពតានតឹងផ្នែកនយោបាយនៅក្នុងតំបន់ នៅតែបន្តបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់នាវាពាណិជ្ជកម្ម។ អ្វីដែលអាចទាក់ទងនឹងការគំរាមកំហែងទាំងនេះគឺលទ្ធភាពប៉ាន់ស្មានខុសឬការកំណត់អត្តសញ្ញាណខុស ដែលអាចនាំឱ្យមានសកម្មភាពគឃ្លើន”។

សហរដ្ឋអាម៉េរិកនិយាយថា នាវាដែលឆ្លងកាត់ឈូងសមុទ្រពែក្ស ឈូងសមុទ្រអូម៉ង់ និង ច្រកសមុទ្រហ័រមូស ដែលប្រេង ១ភាគ៣ លើពិភពលោកត្រូវបានជួញដូរតាមច្រកទាំងនោះ អាចនឹងជួបប្រទះការជ្រៀតជ្រែកក្នុងប្រព័ន្ធ GPS ឬការស្ទះប្រព័ន្ធទំនាក់ទំនង។

អាម៉េរិកនិយាយថា នាវាខ្លះបានរាយការណ៍ពីការប្រាស្រ័យទាក់ទងពី “អង្គភាពមិនស្គាល់ឈ្មោះ ដែលអះអាងថាជានាវាចម្បាំងអាម៉េរិកឬជានាវាចម្បាំងរបស់កងកម្លាំងចម្រុះ”។

អាម៉េរិកនិយាយថានាវាដែលត្រូវបានទាក់ទងដោយកងកម្លាំងអ៊ីរ៉ង់គួរតែកំណត់អត្តសញ្ញាណរបស់ពួកគេហើយនិយាយថាពួកគេកំពុងដំណើរការស្របតាមច្បាប់អន្តរជាតិ។ អាម៉េរិកណែនាំឱ្យនាវាទាំងអស់បដិសេធកុំឱ្យកងកម្លាំងអ៊ីរ៉ង់ឡើងជិះនាវាពួកគេ ប៉ុន្តែមិនត្រូវបដិសេធពួកគេទាំងទទឹងទិសនោះទេ រួចហើយត្រូវទាក់ទងទៅកងនាវាទី ៥ របស់សហរដ្ឋអាម៉េរិកជាបន្ទាន់៕ ដោយ៖ កញ្ញាដាលីស

អាម៉េរិកប្រាប់ឱ្យនាវាទាំងអស់ប្រុងប្រយ័ត្នពេលឆ្លងចូលឈូងសមុទ្រពែក្ស