អាម៉េរិក​កំពុង​ផលិត​អាវ​ក្រោះ​ដូច​ឈុត “Iron Man”

393
ចែករម្លែក

​មន្ត្រី​ម្នាក់​នៃ​ទីបញ្ជាការ​ប្រតិបត្តិការ​ពិសេស​សហរដ្ឋ​អាម៉េរិក (SOCOM) បានបញ្ជាក់​នៅ​ដើម​សប្តាហ៍​នេះ​ថា យោធា​បាន​បើក​ការធ្វើ​តេស្ត​ជាក់ស្តែង​នូវ​អាវ​ក្រោះ​ធុន​ស្រាល​ការពារ​ខ្លាំងក្លា​ផ្សំ​ពី​សារធាតុ​ប៉ូ​លី​ធី​លីន (​ឬ​អាវ​ក្រោះ LPAEP) ដែលជា​ប្រភេទ​អាវ​ក្រោះ​ដូច​ឈុត “Iron Man” ដែល​គេ​ទ​ន្ទ​ង់​រង់ចាំ​ជា​យូរ​មកហើយ​។​

​ទោះបីជា​បច្ចេកវិជ្ជា​ដ្រូ​ន​កំពុង​រីកដុះដាល​ខ្លាំង​និង​ត្រូវគេ​រំពឹងថា​នឹង​ក្លាយជា​អ្នកដើរតួ​យ៉ាងសំខាន់​ក្នុង​សមរភូមិ​ប្រដាប់អាវុធ​នាពេល​អនាគត “​ការវាយតម្លៃ​លើ​ការប្រយុទ្ធ​” សម្រាប់​គ្រឿង​បំពាក់​លើ​រាងកាយ​ថ្មី​ជាមួយនឹង​ការ​គ្របដណ្តប់​ការពារ​ដងខ្លួន​បាន​ជាង ៤៤​ភាគរយ​កំពុងតែ​ដំណើរការ​ហើយ​។ នេះ​បើ​យោងតាម​អ្នកនាំពាក្យ​របស់ SOCOM និង​ជា​អនុសេនីយ៍ឯក លោក ធី​ម ហក​ឃី​ន​។​

​លោក​ហក​ឃី​ន​បាន​បកស្រាយ​ប្រាប់​វេ​ប​សាយ Task & Purpose កាលពី​ថ្ងៃ​ពុធ​ទី​១៣​វិច្ឆិកា​ថា អាវ​ក្រោះ LPAEP មិន​ត្រឹម​ផ្តល់ជូន​ការការពារ​រាងកាយ​បាន​ច្រើនជាង​អាវ​ក្រោះ​ធម្មតា​ដល់​ទៅ ១៩ ភាគរយ​ប៉ុណ្ណោះ​ទេ តែ​វា​ថែមទាំង​មាន​ទម្ងន់​ស្រាល​ជាង ២៥ ភាគរយ ឬ ១,៤ គីឡូក្រាម​ទៀតផង និង ផ្តល់ជូន​ការការពារ​បន្ថែម​សម្រាប់​ស្មា កំភួនដៃ ក្រលៀន និង ជុំវិញ​ដងខ្លួន​។​

​អាវ​ក្រោះ​នេះ​ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​រង​សម្រាប់​ឈុត​ការពារ​ខ្លួន​ទម្ងន់​ស្រាល (TALOS) ឬ គម្រោង “Iron Man” របស់ SOCOM​។ ឈុត​នេះ​បានចាប់ផ្តើម​អភិវឌ្ឍ​ឡើង​តាំងពី​ឆ្នាំ ២០១៣ មកម្ល៉េះ ហើយ​មកទល់​បច្ចុប្បន្ន​មិនទាន់​សម្រេច​រួចរាល់​ទាំងស្រុង​នៅឡើយ​ទេ​៕ ដោយ៖ កញ្ញាដាលីស

ឈុត​អាវ​ក្រោះ LPAEP អាច​ការពារ​ដងខ្លួន​បាន​ច្រើនជាង​មុន ១៩ ភាគរយ​និង​ស្រាល​ជាង​មុន​២៥​ភាគរយ