អាម៉េរិក​ចាប់បាន​ថ្នាំញៀន​តំលៃ​៣៥០​លាន​ដុល្លារ​ក្នុង​ប្រតិបត្តិការ​នៅ​សមុទ្រ​(វីដេអូ)

408
ចែករម្លែក

កង​ឆ្មាំ​ឆ្នេរសមុទ្រ​អាម៉េរិក បាន​ចាប់​បាន​ថ្នាំញៀន​កូកាអ៊ីន​តំលៃ​៣៥០​លាន​ដុល្លារ​ក្នុង​ប្រតិបត្តិការ​ជា​បន្តបន្ទាប់​នៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ។​

រូបភាព​បង្ហាញ​ពួក​ឈ្មួញ​ថ្នាំញៀន​ព្យាយាម​បើក​រត់​ដោយ​បោះ​ទម្លាក់​ថ្នាំញៀន​ចូលក្នុង​ទឹក​

​កាលពី​យប់​ថ្ងៃ​សុក្រ កង​ឆ្មាំ​សមុទ្រ​បាន​បញ្ចេញ​រូបភាព​នាវា​និង​ទូក​លឿន​របស់​ខ្លួន​ដេញ​តាម​ទូក​លឿន​និង​នាវាមុជទឹក​ដែល​គេ​សង្ស័យថា​ដឹក​ថ្នាំញៀន​នៅក្នុង​ដែនទឹក​អន្តរ​​ជាតិ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក នៅឯនា​យក​ឆ្នេ​រម៉ិក​ស៊ិចនិង​អាម៉េរិក​ឡាទីន​។​

​ជា​សរុប ថ្នាំ​កូកាអ៊ីន​១៣​តោន ដែល​មាន​តំលៃ​ប្រមាណ​៣៥០​លាន​ដុល្លារ ត្រូវបាន​រឹបអូស ពី​ទូក​លឿន​របស់​ពួក​ឈ្មួញ ឬក៏​ត្រូវ​បាន​ស្រង់​ចេញពី​ទឹក​ក្រោយ​ប្រទះឃើញ​អណ្តែត​នៅ​​ក្នុង​សមុទ្រ​ក្រោយ​ពួក​ជនល្មើស​បោះចោល​ក្នុងពេល​បើក​រត់គេច​ខ្លួន​ពី​សមត្ថកិច្ច​។​

​កង​ឆ្មាំ​សមុទ្រ​អាម៉េរិក​មិន​បាន​បញ្ជាក់​ប្រាប់​ថា​បាន​ចាប់​ឃាត់ខ្លួន​មនុស្ស​ប៉ុន្មាន​នាក់​ទេ​ក្នុង​ប្រតិបត្តិការ​ទាំងនេះ តែ​ថា​តាំងពី​មុន​មក​នៅ​ឆ្នាំ​នេះ ខ្លួន​បាន​ចាប់​ឃាត់ខ្លួន​ជន​​សង្ស័យ​រត់ពន្ធ​និង​ជួញដូរ​ថ្នាំញៀន​ជាង​៤០០​នាក់​នៅ​ប៉ាស៊ីហ្វិក​ខាងកើត និង​ថ្នាំញៀន​កូកាអ៊ីន​១០៤.៣២០​គីឡូក្រាម​។​

​ក្នុង​ប្រតិបត្តិការ​ស្តែងៗ​ដូច​ក្នុង​ភាពយន្ត​ហូលីវូត​មួយ វីដេអូ​បង្ហាញ​ក្រុម​ឆ្មាំ​សមុទ្រ​អាម៉េរិក​បើក​ដេញ​និង​លោត​ឡើង​លើ​កូន​នាវាមុជទឹក​ដឹក​ថ្នាំញៀន​មួយ ហើយ​បើក​គម្រប​ឃ្លុប​​នាវា​ចាប់​ទាំង​ថ្នាំញៀន​និង​ជនល្មើស​៕​ដោយ​៖​វាសនា​

#