អាម៉េរិក​ចោទប្រកាន់ តែ​ចិន​បដិសេធ​! ហេតុអ្វី​បាន​ជា​សង្គ្រាម​រូបិយប័ណ្ណ​នាំអោយ​សេដ្ឋកិច្ច​ចុះ​ខ្សោយ​?

560
ចែករម្លែក

​ចិន​កាលពី​ថ្ងៃ​អង្គារ​ទី​៦​សីហា​បាន​បដិសេធ​ជា​ខ្លាំង​ចំពោះ​ការចោទប្រកាន់​របស់​អាម៉េរិក​ហៅ​ចិនថា​ជា​«​អ្នក​លេងល្បិច​ខាង​រូបិយប័ណ្ណ​»​មួយ ដោយ​បាន​បញ្ជាក់ថា ចិន​មិនដែល​​បាន​រៀបចំ​បញ្ចុះ​ថ្លៃ​រូបិយប័ណ្ណ​របស់​ខ្លួន​ដើម្បី​មាន​ប្រៀប​ខាង​ប្រកួតប្រជែង ហើយ​ក៏​នឹង​មិន​ប្រើ​រូបិយប័ណ្ណ​ជា​ឧបករណ៍​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​ដែរ​។​

​កាលពី​ថ្ងៃ​ចន្ទ​ទី​៥​សីហា រូបិយប័ណ្ណ​របស់​ចិន គឺ​ប្រាក់​យ័ន បាន​ធ្លាក់​ថ្លៃ​ដល់​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​១១​ឆ្នាំ គឺ​៧​យ័ន​ដូរ​បាន​១​ដុល្លារ​អាម៉េរិក​ជា​លើកដំបូង​ចាប់តាំងពី​ខែ​កុម្ភៈ​​ឆ្នាំ ២០០៨​។​

​ជម្លោះ​ពាណិជ្ជ​របស់​ប្រធានាធិបតី​អាម៉េរិក​លោក​ដូណាល់ ត្រាំ ជាមួយនឹង​ចិន​បាន​កើនឡើង​មួយ​កំរិត​ថែមទៀត​នៅ​ដើមខែ​នេះ បន្ទាប់​ពី​ត្រាំ​ប្រកាស​ដំឡើង​ពន្ធ​លើ​ទំនិញ​នៅ​​សេសសល់​របស់​ចិន​ចាប់ពី​ដើម​ខែ​ក្រោយ តែ​ប្រាក់​យ័ន​ស្រាប់តែ​ធ្លាក់​ថ្លៃ​ដល់​កំរិត​ទាប​បំផុត​ក្នុង​រយៈពេល​១១​ឆ្នាំ​មកនេះ​ទល់​នឹង​ប្រាក់​ដុល្លារ ហើយ​ចិន​ថែម​ទាំង​ផ្អាក​ទិញ​ក​សិ​​ផល​អាម៉េរិក​ថែម​ទៀត ជាហេតុ​នាំ​អោយ​រដ្ឋការ​ត្រាំ ចោទប្រកាន់​ចិន​ថា «​លេងល្បិច​ទម្លាក់​ថ្លៃ​ប្រាក់​យ័ន​»​។​

​ការវិវត្តន៍​សភាពការណ៍​ថ្មី​នេះ​គំរាម​អោយ​ផ្ទុះ​សង្គ្រាម​រូបិយប័ណ្ណ​មួយ​ដែល​អាច​ប៉ះពាល់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សកល​និង​រុញ​ទម្លាក់​សេដ្ឋកិច្ច​អាម៉េរិក​និង​ចិន​ផងដែរ​។​

.​អ្វី​ជា​សង្គ្រាម​រូបិយប័ណ្ណ​?

​វា​កើត​ឡើង​នៅ​ពេល​ប្រទេស​ទាំង​ពីរ​ទំនង​ជា​ព្យាយាម​បន្ទាប​ថ្លៃ​រូបិយប័ណ្ណ​របស់​ផង​ខ្លួន ដើម្បី​មាន​ប្រៀប​ប្រកួតប្រជែង​លើ​គ្នា​។​រូបិយប័ណ្ណ​ប្រទេសមួយ​កាន់តែ​ថោក វា​ធ្វើអោយ​​ការនាំចេញ​របស់​ប្រទេស​នោះ​កាន់តែ​ងាយស្រួល​និង​ធ្វើអោយ​ការនាំ​ចូល​កាន់តែ​ថ្លៃ​។​ចំណាត់ការ​ណា​មួយ​បែប​នេះ មានបំណង​គាំពារ​ឧស្សាហករ​របស់​ប្រទេស​មួយ ជាពិសេស​ទប់​​ទល់​ការប្រកួតប្រជែង​បរទេស​។​

.​តើ​អាម៉េរិក​និង​ចិន​កំពុង​មាន​សង្គ្រាម​រូបិយប័ណ្ណ​?

​សំរាប់​ពេល​ឥឡូវ មិនមាន​ទេ​។ រដ្ឋការ​ត្រាំ នៅ​មិនទាន់​ឆ្លើយតប​នឹង​ការធ្លាក់​ថ្លៃ​ប្រាក់​យ័ន​របស់​ចិន​នៅ​ឡើយ​ទេ ពោលគឺ​មិនទាន់​ទម្លាក់​ថ្លៃ​ប្រាក់​ដុល្លារ​ទល់នឹង​ប្រាក់​យ័ន​។​តែ​វា​នៅ​​តែ​អាច​កើតមាន ដោយ​ជំរើស​នេះ​ត្រូវបាន​លើកឡើង​ក្នុង​សេត​វិមាន​កាលពី​ខែ​មុន នេះ​បើ​តាម​របាយការណ៍​សារព័ត៌មាន ហើយ​ត្រាំ​បាន​និយាយ​កាលពី​ថ្ងៃ​២៦​កក្កដា​ថា លោក​​អាច​ចាត់វិធានការ​បន្ទាប​ថ្លៃ​ប្រាក់​ដុល្លារ «​តែ​ក្នុង​រយៈពេល​២​វិនាទី បើ​ខ្ញុំ​ចង់​ធ្វើ​»​។​

​មុន​នេះ​ក្នុង​ខែ​នេះ ត្រាំ​បាន​សរសេរ​បង្ហោះ​ថា ចិន​និង​អឺរ៉ុប បាន​លេងល្បែង​រូបិយប័ណ្ណ​ដ៏​ធំ​មួយ និង​«​អាម៉េរិក​គួរ​ចូល​ប្រកួត ឬ​បន្ត​ធ្វើ​ជា​ទីងមោង​ដែល​អង្គុយ​នៅ​ខាងក្រោយ​​ចាំ​មើល​ដោយ​សុភាព នៅ​ពេល​អ្នក​ដទៃ​បន្ត​លេង​ល្បែង​របស់​គេ​»​។​

.​អ្វី​ដែល​ត្រាំ​អាច​ចូល​អន្តរាគមន៍​?

​ក្រសួង​រតនាគារ​អាម៉េរិក​មាន មូលនិធិ​ស្ថិរភាព​អត្រា​ដោះដូរ​ប្រាក់​(Exchange Stabilization Fund) ដែល​ខ្លួន​អាច​ប្រើ​វា​ដើម្បី​លក់​ប្រាក់​ដុល្លារ​និង​ទិញ​ប្រាក់​យ័ន បញ្ចុះ​ថ្លៃ​ប្រាក់​​ដុល្លារ​ទល់​នឹង​រូបបិយប័ណ្ណ​ចិន​។​ទោះជា​យ៉ាងណា បើ​តាម​របាយការណ៍ មូលនិធិ​នេះ​មាន​ប្រាក់​ប្រមាណ​១០០​ពាន់​លាន​ដុល្លារ ជា​ចំនួន​មិន​ច្រើន​ល្មម​អាចមាន​ឥទ្ធិពល​លើ​ទីផ្សារ​ដូរ​​ប្រាក់ ដែល​ទាមទារ​ប្រាក់​ខ្ទង់លាន​លាន​ដុល្លារ​។​

​ការចាត់វិធានការ​ដូ​ច្នេះ​វា​ក៏​រំលោភ​កិច្ចព្រមព្រៀង​អន្តរជាតិ ដែល​អាម៉េរិក​បាន​ចុះហត្ថលេខា​ថា​មិន​លេងល្បិច​បន្ទាប​ថ្លៃ​ប្រាក់​ដុល្លារ​ដើម្បី​មានប្រៀប​ពាណិជ្ជកម្ម​។​

​ត្រាំ​ក៏​ចង់អោយ​ធនាគារកណ្តាល​កាត់បន្ថយ​អត្រា​ការប្រាក់​រយៈពេល​ខ្លី ដើម្បី​ធ្វើ​អោយ​ប្រាក់​ដុល្លារ​ថោក​សំរាប់​អ្នកវិនិយោគ​។​

.​តើ​សង្គ្រាម​រូបិយ​បណ្ណ​នាំ​អោយ​ខូចខាត​អ្វីខ្លះ​?

​បើ​កើតមាន មួយ​រយៈពេល​ទៅ​វា​នឹង​បង្ហាញ​ថា​សំខាន់​។​សំរាប់​ចិន ការ​រុញ​ប្រាក់​យ័ន​អោយទាប​ទៅ​វា​នឹង​កាន់តែ​ធ្វើអោយ​បណ្តា​ក្រុមហ៊ុន​ចិន​ដែល​ត្រូវ​សង​បំណុល​ជា​ប្រាក់​ដុល្លារ​​កាន់តែ​ពិបាក ពីព្រោះ​ប្រាក់​យ័ន​ដែល​គេរ​ក​បាន​ដូរ​ទៅ​ជា​ដុល្លារ​បាន​កាន់តែ​តិច​ទៅ​។​នៅក្នុង​ប្រទេស​ទាំង​ពីរ ប្រាក់​កាន់តែ​ចុះ​ថោក នាំ​អោយ​ទំនិញ​នាំ​ចូល​កាន់​តែ​ថ្លៃ​និង​នាំ​ដល់​​អតិផរណា​។​វា​ក៏​នឹង​ធ្វើអោយ​ទំនិញ​ចិន​នាំចូល​អាម៉េរិក​កាន់តែ​ថ្លៃ​សំរាប់​អ្នកប្រើប្រាស់​អាម៉េរិក​។​

​តើ​ពីមុន​ធ្លាប់​មាន​សង្គ្រាម​រូបិយប័ណ្ណ​ទេ​?

​ឧទាហរណ៍​ល្បីល្បាញ​បំផុត​បាន​កើតឡើង​នៅក្នុង​អំឡុង​មហា​វិបត្តិ​សេដ្ឋកិច្ច​(Great Depression)​នៃ​ទសវត្សរ៍​១៩៣០ នៅពេល​អាម៉េរិក​និង​បណ្តា​ប្រទេស​អឺរ៉ុប ព្យាយាម​ទម្លាក់​​ថ្លៃ​ប្រាក់​របស់​គេ​។​Jeffrey Bergstrand សាស្ត្រាចារ្យ​ហិរញ្ញវត្ថុ​នៅ​Notre Dame និង​ជា​អ្នកសេដ្ឋកិច្ច​ធនាគារកណ្តាល​អាម៉េរិក បាន​និយាយថា ចំណាត់ការ​ដូច្នេះ បូក​រួម​ទាំង​ការ​​ដំឡើង​ពន្ធ កាន់តែ​ធ្វើអោយ​មហា​វិបត្តិ​នោះ​កាន់តែ​អាក្រក់​ឡើង​។​

​ក្រោយ​សង្គ្រាមលោកលើកទី​២ អាម៉េរិក បណ្តា​ប្រទេស​មាន​សេដ្ឋកិច្ច​នាំមុខ​នៅ​អឺរ៉ុប ជប៉ុន​និង​ប្រទេស​ដទៃ​ទៀត បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង Bretton Woods​ដើម្បី​​បង្កើត​ប្រព័ន្ធ​កំណត់​អត្រា​ដូរ​ប្រាក់​ដើម្បី​កុំអោយ​មាន​សង្គ្រាម​រូបិយប័ណ្ណ​ទៀត​។​អាម៉េរិក​បាន​ចូលធ្វើ​អន្តរាគមន៍​ក្នុង​ទីផ្សារ​រូបិយប័ណ្ណ ដើម្បី​តែ​ជា​ផ្នែក​នៃ​កិច្ច​ខិតខំ​របស់​អន្តរ​​ជាតិ​ដែល​មាន​ការសម្របសម្រួល​គ្នា ដើម្បី​ជំរុញ​សេដ្ឋកិច្ច​សកល​។​នៅ​ឆ្នាំ​២០០០ អាម៉េរិក​ជាមួយ​ធនាគារ​កណ្តាល​អឺរ៉ុប​ជាច្រើន​និង​ជប៉ុន បាន​ទិញ​ប្រាក់​អឺរ៉ូ ដើម្បី​រុញ​ប្រាក់​អឺរ៉ូ​អោយ​​ផុត​ពី​ការធ្លាក់​ថ្លៃ​ទាប​បំផុត​របស់​វា​៕​ប្រែ​សម្រួល​ដោយ​៖​វាសនា​