អាម៉េរិក​ដាក់​បម្រាម​លើ​មន្ត្រី​យោធា​ជាន់ខ្ពស់​មី​យ៉ាន់​ម៉ា​ចំពោះ​ការធ្វើបាប​ក្រុម​ជន​រ៉ូ​ហ៊ីង​យ៉ា​

439
ចែករម្លែក

​សហរដ្ឋ​អាម៉េរិក​កាលពី​ថ្ងៃ​អង្គារ​ទី​១៦​កក្កដា​បាន​ដាក់​បម្រាម​លើ​មេដឹកនាំ​កងទ័ព​និង​មន្ត្រី​យោធា​ជាន់ខ្ពស់​មី​យ៉ាន់​ម៉ា​៣​នាក់​ផ្សេង​ទៀត មិន​អោយ​ចូល​ទឹកដី​អាម៉េរិក​ដោយ​​សារ​តែ​ការពាក់ព័ន្ធ​របស់​ពួកគេ​នៅក្នុង​”​ការ​បោសសម្អាត​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​”​ដោយ​ជំរុញ​ឱ្យ​ទទួលខុសត្រូវ​ចំពោះ​យុទ្ធនាការ​បង្ក្រាប​ឃោរឃៅ​របស់​ពួកគេ ។​

​ក្រសួងការបរទេស​អាម៉េរិ​ក​បាន​និយាយថា​ខ្លួន​បាន​ចាត់វិធានការ​ប្រឆាំង​មេដឹកនាំ​ទ័ព លោក Min Aung Hlaing និង​មន្ត្រី​ផ្សេង​មួយ​ចំនួន​ទៀត​បន្ទាប់ពី​បាន​រកឃើញ​​ភស្តុតាង​ដ៏​គួរឱ្យ​ជឿ​បាន​ថា​ថា​ពួកគេ​បាន​ចូលរួម​នៅក្នុង​អំពើ​ហិង្សា​កាលពី​២​ឆ្នាំ​មុន​ដែល​នាំឱ្យ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ចំនួន​៧៤០.០០០​នាក់ រត់​ភៀសខ្លួន​ឆ្លងកាត់​ព្រំដែន​ទៅ​​ប្រទេស​បង់​ក្លា​ដែស​។​

​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក លោក ម៉ៃ ផ​ម​ផេវ បាន​និយាយថា ” ជាមួយនឹង​ការប្រកាស​នេះ​សហរដ្ឋ​អាម៉េរិក ជា​រដ្ឋាភិបាល​ទី​មួយ​ដែល​ចាត់​វិធានការ​ជា​សាធារណៈ​ប្រឆាំង​​ទៅ​នឹង​ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់​បំផុត​នៃ​យោធា​មី​យ៉ាន់​ម៉ា​” ។ យើង​នៅតែ​មាន​ការបារម្ភ​ថា រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​មិន​បាន​ចាត់​វិធានការ​ដើម្បី​ចាប់​អ្នក​ទាំងនោះ​ឱ្យ​ទទួលខុស​​ត្រូវ​ចំ​ពោះ​ការរំលោភ​សិទ្ធិមនុស្ស និង​ការរំលោភបំពាន​នោះទេ ហើយ មាន​របាយការណ៍​ជា​បន្តបន្ទាប់​អំពី​យោធា​មី​យ៉ាន់​ម៉ា​ដែល​បាន​រំលោភ​សិទ្ធិមនុស្ស​និង​ការរំលោភបំពាន​​នៅ​ទូទាំង​ប្រទេស​នេះ​” ។​

​ការដាក់ទណ្ឌកម្ម​គឺជា​សញ្ញា​ដ៏​ច្បាស់​ដែល​បង្ហាញ​ការខកចិត្ត​របស់​សហ​រដ្ឋ​អាម៉េរិក​ចំពោះ​ប្រទេស​មី​យ៉ាន់​ម៉ា ចាប់តាំងពី​ប្រទេស​នេះ​បាន​ធ្វើ​កំណែទម្រង់​នយោបាយ​នៅ​ឆ្នាំ​២០១១​មក​ដោយ​របប​យោធា​បាន​សម្រុះសម្រួល​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ហើយ​នៅ​ទីបំផុត​បាន​អនុញ្ញាត​ឱ្យ​មានការ​ដឹកនាំ​នយោបាយ​តាម​ការបោះឆ្នោត​មួយ​។​

​ទណ្ឌកម្ម​នេះ ក៏​ត្រូវបាន​ដាក់​ផងដែរ ទៅលើ លោក Soe Win អគ្គមេបញ្ជាការ​រង លោក Than Oo ឧត្តមសេនីយ៍ និង​ឧត្តមសេនីយ៍ Aung Aung ព្រមទាំង​ក្រុមគ្រួសារ​​នៃ​មន្ត្រី​ទាំង​៤​នាក់​នេះ​៕​ដោយ​៖​សុខា​/sn

លោក Min Aung Hlaing ប្រមុខ​កងទ័ព​មី​យ៉ាន់​ម៉ា