អាម៉េរិក​ថា​ខ្លួន​នឹង​មិន​ទទួលយក​ពេលវេលា​កំណត់​នៃ​ការចរចា​នុយក្លេអ៊ែរ​ដែល​កំណត់​ដោយ​កូរ៉េខាងជើង​ទេ​

233
ចែករម្លែក

​អ្នកការទូត​ជាន់ខ្ពស់​អាម៉េរិក​ម្នាក់​បាន​និយាយ​នៅ​ពី​ថ្ងៃ​ចន្ទ​ទី​១៦​ធ្នូ​ថា​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នឹង​មិន​ទទួលយក​កាលបរិច្ឆេទ​ចុងឆ្នាំ​ដែល​កូរ៉េ​ខាងជើង​បាន​កំណត់​ ដើម្បី​ធ្វើអោយ​ខ្លួន​ធ្វើ​សម្បទាន​នៅក្នុង​កិច្ច​ចរចា​នុយក្លេអ៊ែរ​ដែល​ជាប់គាំង​នោះទេ ហើយ​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​វិលត្រឡប់​ទៅរក​តុ​ចរចា​វិញ​ជាបន្ទាន់​។​

​លោក​ស្ទេ​ហ្វិន ប៊ី​អេ​ហ្កា​ន់ អ្នក​តំណាំង​ពិសេស​អាម៉េរិក​សម្រាប់​កិច្ចការ​កូរ៉េ​ខាងជើង​បាន​និយាយប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា “​ត្រង់​ចំណុច​នេះ ខ្ញុំ​បញ្ជាក់​ឱ្យ​ច្បាស់​ថា​សហរដ្ឋ​​អាម៉េរិក​មិនមាន​ពេលវេលា​កំណត់​ទេ​។ យើង​ដឹង​យ៉ាងច្បាស់​ថា​ប្រទេស​កូរ៉េខាងជើង​អាច​បង្កហេតុ​ខ្លាំង​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខតែ​សកម្មភាព​បែប​នេះ​នឹង​មិន​មាន​ប្រយោជន៍​អ្វី​ មិន​អាច​សម្រេច​បាន​សន្តិភាព​យូរអង្វែង​នៅ​ឧបទ្វីប​កូរ៉េ​នោះទេ​”​។​

​លោក​ស្ទេ​ហ្វិន ប៊ី​អេ​ហ្កា​ន់ ដែល​ស្ថិតនៅ​ទីក្រុង​សេ​អ៊ូ​ល​សម្រាប់​ជំនួប​ពិភាក្សា ជាមួយ​ក្រុម​មន្ត្រី​កូរ៉េខាងត្បូង​នោះ បាន​អំពាវនាវ​ឱ្យ​កូរ៉េ​ខាងជើង​ចូល​តុ​ចរចា​។​

​លោក​បាន​និយាយថា “​ខ្ញុំ​និយាយ​ដោយផ្ទាល់​ជាមួយ​សម​ភាគី​របស់​យើង​នៅ​កូរ៉េខាងជើង​។ វា​ដល់ពេល​ដែល​យើង​ត្រូវ​ធ្វើ​ការងារ​របស់​យើង​ហើយ​។ យើង​ត្រូវធ្វើ​វា​ឱ្យសម្រេចបាន​។ យើង​នៅ​ទីនេះ ហើយ​អ្នកដឹង​អំពី​ការធ្វើទំនាក់ទំនង​យ៉ាងណា​ជាមួយ​យើង ” ។​

​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កូរ៉េ​ខាងត្បូង​នោះ លោក​ស្ទេ​ហ្វិន ប៊ី​អេ​ហ្កា​ន់បាន​ធ្វើ​កិច្ច​ជំនួប​ដាច់​ដោយឡែក​ជាមួយ ប្រធានាធិបតី​កូរ៉េខាងត្បូង លោក​មូន ជែ​អ៊ី​ននិងរដ្ឋមន្ត្រី​​បង្រួបបង្រួម​កូរ៉េខាងត្បូង​ដែល​ទទួលបន្ទុក​កិច្ចការ​កូរ៉េខាងជើង​៕​ប្រែ​សម្រួល​៖​សុខា​/sn

លោក លោក​ស្ទេ​ហ្វិន ប៊ី​អេ​ហ្កា​ន់ (​រូប​កណ្តាល​)​មកដល់​អាកាសយានដ្ឋាន​ក្រុង​Incheon ប្រទេស​កូរ៉េខាងត្បូង កាលពី​ថ្ងៃអាទិត្យ​