អាម៉េរិក​ថា​ខ្លួន​មាន​ភស្តុតាង​ជាក់​ច្បាស់​ថា​ខ្លួន​បាញ់​ទម្លាក់​យន្តហោះ​ឌ្រូ​ន​អ៊ីរ៉ង់​

440
ចែករម្លែក

​មន្ត្រី​អាម៉េរិក​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​១៩​កក្កដា​ថា​សហរដ្ឋ​អាម៉េរិក​មាន​ភស្តុតាង​ជាក់​ច្បាស់​ថា​ខ្លួន​បាន​បាញ់​ទម្លាក់​យន្តហោះ​ឌ្រូ​ន​(​យន្តហោះ​គ្មាន​មនុស្ស​បើក​)​មួយ​របស់​​អ៊ីរ៉ង់​បើទោះបីជា​មាន​ការបដិសេធ​របស់​រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់​នេះ ក៏ដោយ​។​

​ដោយនិយាយ​សំដៅលើ​រូបភាព​ក្នុង​វីដេអូ មន្ត្រី​អាម៉េរិក​នេះ​បាន​និយាយថា “​យើង​មាន​ភស្តុតាង​យ៉ាងច្បាស់​។ វា​គឺជា​យន្តហោះ​ឌ្រូ​ន​របស់​ពួកគេ​ដែល​បាន​ហោះចូល​មក​ជិត​​បំផុត​ទៅ​នឹង​នាវា​របស់​យើង ហើយ​ប្រសិនបើ​យន្តហោះ​ឌ្រូ​ន​របស់​អ្នក ហោះ​ទៅជិត​នាវា​របស់​យើង វា​នឹង​ត្រូវ​បាញ់​ទម្លាក់ ” ។​

​មន្ទីរ​បញ្ច​កោណ​មិន​បាន​បញ្ជាក់​ថា​តើ​មាន​ឬ​មិន​មាន​ភស្តុតាង​ណាមួយ​នៃ​យន្តហោះ​ឌ្រូ​ន​ដែល​ត្រូវ​បាន​បាញ់​ទម្លាក់​នោះទេ​។​

​ប្រធានាធិបតី​អាម៉េរិក ដូ​ណា​ល់ ត្រាំ បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា នាវា​អាម៉េរិក​USS Boxer បាន​បំផ្លាញ​យន្តហោះ​ឌ្រូ​ន​មួយ​របស់​អ៊ីរ៉ង់​នៅ​ច្រក​សមុទ្រហ័​រមូស​នៃ​ឈូង​​សមុទ្រ​ពែ​ក្ស បន្ទាប់​ពី​វា​បាន​ហោះចូល​មក​ជិត​នាវាចម្បាំង​អាម៉េរិក​នេះ​។​

​តែ​កងទ័ព​អ៊ីរ៉ង់​បាន​ច្រាន​ចោល​ការអះអាង​របស់​លោក ដូ​ណា​ល់ ត្រាំ ដោយ​ថា “​គ្មាន​មូលដ្ឋាន​និង​គ្មាន​ការពិត ” ខណៈ​ដែល​ខ្លួន​(​អ៊ីរ៉ង់​)​បាន​និយាយថា​យន្តហោះ​ឌ្រូ​ន​របស់​​ពួកគេ​កំពុង​ហោះហើរ​នៅ​ជិត​នាវា​អាម៉េរិក​នោះ​និង​បាន​វិល​មក​កាន់​មូលដ្ឋាន​វិញ​អស់ហើយ គឺ​គ្មាន​បាត់​យន្តហោះ​ណាមួយ​ទេ​។​

​អ្នកនាំពាក្យ​កងទ័ព​អ៊ីរ៉ង់​បាន​និយាយថា ” យន្តហោះ​ឌ្រូ​ន​ទាំងអស់​របស់​អ៊ីរ៉ង់ បាន​ហោះ​ត្រឡប់​មក​មូលដ្ឋាន​របស់​ខ្លួន​វិញ​ដោយ​សុវត្ថិភាព​”​។​

​តំបន់​ឈូង​សមុទ្រ​និង​ច្រក​សមុទ្រហ័​រមូស​ដែលជា​ផ្លូវទឹក​ដឹកជញ្ជូនដ៏​សំខាន់​បំផុត​សម្រាប់​ការផ្គត់ផ្គង់​ប្រេង​របស់​ពិភពលោក​នេះ បាន​ក្លាយជា​តំបន់​ដ៏​គ្រោះថ្នាក់​អស់​រយៈពេល​២​ខែ​ចុងក្រោយ​នេះ​នៅពេល​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់​ប្រឈម​មុខ​នឹង​ដាក់​គ្នា​បន្ទាប់ពី​ការសម្រេចចិត្ត​របស់​លោក​ដូណាល់​ត្រាំ ដកខ្លួន​ចេញ​​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ មក​នោះ​៕​ដោយ​៖​សុខា​/sn

លោក ដូ​ណា​ល់ ត្រាំ ថា នាវាចម្បាំង​អាម៉េរិក​USS Boxer នេះ បាន​ចាត់​វិធានការ​ការពារ​ខ្លួន​ប្រឆាំង​យន្តហោះ​ឌ្រូ​ន​អ៊ីរ៉ង់​នេះ​