អាម៉េរិក​ថា​ជំរើស​យោធា​នៅ​លើ​តុ ខណៈ​អ៊ីរ៉ង់​ព្រលយ​ថា «​អាម៉េរិក​អាច​នៅ​ពីក្រោយ​ការវាយប្រហារ​នាវា​ដឹក​ប្រេង​»

644
ចែករម្លែក

​អាម៉េរិក​តាំងពី​ដំបូង​បាន​អះអាង​ថា សាធារណរដ្ឋ​អ៊ីស្លាម​(​អ៊ីរ៉ង់​)​បាន​នៅ​ពីក្រោយ​ការវាយប្រហា​រលើ​នាវា​ដឹក​ប្រេង​របស់​ជប៉ុន​និងន័​រវេស​នៅក្នុង​ឈូងសមុទ្រ​អូ​ម៉ង់​កាលពី​ថ្ងៃ​១៣​មិថុនា និង​ថែម​ទាំង​បាន​បញ្ចេញ​វីដេអូ​បង្ហាញ​ភស្តុតាង​ដាក់បន្ទុក​លើ​អ៊ីរ៉ង់​ផងដែរ​។​

​នៅពេល​រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់ បដិសេធ​ដាច់ខាត​ថា​ខ្លួន​មិន​មាន​ជាប់​ពាក់ព័ន្ធ រដ្ឋាភិបាល​ជប៉ុន​ត្រូវបាន​គេ​រាយការណ៍​ថា ការចោទប្រកាន់​របស់​អាម៉េរិក​មិន​គួរ​អោយ​​ជឿ​ទុកចិត្តបាន​។​

​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក លោក​ម៉ៃ ផ​ម​ផេវ បាន​ព្រមាន​ថា អាម៉េរិក​នឹង​បន្ត​ដាក់​សម្ពាធ​លើ​អ៊ីរ៉ង់ និង​បាន​អះអាង​ជា​ថ្មី​ថា​អ៊ីរ៉ង់​បាន​វាយប្រហារ​លើ​នាវា​ដឹក​ប្រេង​២​នៅ​ឈូង​​សមុទ្រ​អូ​ម៉ង់ ដែលជា​«​ចេតនា​ច្បាស់លាស់​មួយ​ដើម្បី​រារាំង​ការដឹកជញ្ជូន​ឆ្លងកាត់​ផ្លូវ​នេះ​»​។​

​ក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន​Fox News កាលពី​ថ្ងៃអាទិត្យ អ្នកការទូត​កំពូល​របស់​អាម៉េរិក​រូ​ប​នេះ នៅតែ​និយាយ​ថា​«​សហគមន៍​ចារកម្ម​មាន​ទិន្នន័យ​ច្រើនណាស់​​មាន​ភស្តុតាង​ច្រើន​»​និង​បាន​សន្យាថា​«​ពិភពលោក​នឹង​បាន​ឃើញ​វា​ច្រើន​ទៀត​»​។​

​លោក​បាន​បន្ថែមថា​«​យើង​មិន​ចង់បាន​សង្គ្រាម​ទេ​។​យើង​បាន​ធ្វើ​អ្វី​ដែល​អាច​ដើម្បី​រារាំង​វា​។​អ៊ីរ៉ង់​គួរ​យល់​ច្បាស់​ថា យើង​នឹង​បន្ត​ចាត់ការ​ដើម្បី​រារាំង​កុំអោយ​អ៊ីរ៉ង់​ប្រព្រឹត្ត​បែប​​នេះ​»​។​

​ក្នុង​កិច្ច​សម្ភាសន៍​ដាច់​ដោយឡែក​មួយ​ជាមួយ CBS លោក​បាន​និយាយថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កំពុង​ពិចារណា​ជំរើស​មួយចំនួនធំ បើ​និយាយ​អំពី​អ៊ីរ៉ង់​។​ចំណាត់ការ​យោធា​​ប្រឆាំង​អ៊ីរ៉ង់​ក៏​កំពុង​ពិចារណ ក្រោយ​មាន​បញ្ហា​នេះ​»​។​

រដ្ឋមន្ត្រីការបរទេស​អាម៉េរិក លោក​ម៉ៃ ផ​ម​ផេវ

​ការបង្ហាញ​ជំរើស​យោធា​នេះ​បាន​កើតឡើង​ចំពេល ប្រធានសភា​អ៊ីរ៉ង់ បាន​ព្រលយ​ពាក្យ​ថា អាម៉េរិក​អាច​នៅ​ពីក្រោយ​ការវាយប្រហារ​«​គួរអោយ​សង្ស័យ​»​លើ​នាវា​ដឹក​ប្រេង​នៅ​ឈូង​​សមុទ្រ​អូ​ម៉ង់ ដើម្បី​ដាក់​សម្ពាធ​លើ​អ៊ីរ៉ង់​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​អ៊ីរ៉ង់​IRNA​បាន​រាយការណ៍​ថា លោក​អា​លី ឡា​រី​ចាននី បាន​ប្រាប់​សមាជិកសភា​អ៊ីរ៉ង់​ថា​«​ការវាយប្រហារ​គួរអោយ​សង្ស័យ​លើ​នាវា​ដឹក​ប្រេង​…​ទំនង​ជា​ការ​​បន្ថែម​លើ​ទណ្ឌកម្មសេដ្ឋកិច្ច​មកលើ​អ៊ីរ៉ង់ តែ​វា​មិន​បាន​ផល​ដូច​អ្វី​ដែល​គេ​ស្មាន​នោះទេ​។​

​លោក​បាន​រំលឹក​អំពី​ហេតុការណ៍​កាលពីមុន​មួយ គឺ​ក្នុងអំឡុង​សង្គ្រាមលោកលើកទី​២ នៅពេល​អាម៉េរិក​បាន​វាយប្រហារ​លើ​នាវា​ខ្លួន​ឯង​នៅ​ជិត​ជប៉ុន​ដើម្បី​ប្រឌិត​លេស​មួយ​ដើម្បី​​បង្ក​អរិភាព​។​

​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ ក៏បាន​ច្រាន​ចោល​ការចោទប្រកាន់រ​បស់​អាម៉េរិក​ថា​គ្មាន​«​មូលដ្ឋាន​»​និង​ថា​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ប្រញាប់​ធ្វើការ​ចោទប្រកាន់​អ៊ីរ៉ង់​ភ្លាមៗ​ទាំង​​មិន​មាន​ភស្តុតាង​៕​ដោយ​៖​វាសនា​