អាម៉េរិក​ទាមទារ ១២,៧ ពាន់​លាន​ដុល្លារ​ក្នុងការ​កាត់ទោស​ស្តេចត្រាញ់​គ្រឿងញៀន​ម៉ិ​ក​ស៊ិ​ក អែល​ឆា​ប៉ូ

688
ចែករម្លែក

​អាជ្ញាធរ​អាម៉េរិក​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​៥​កក្កដា​ថា​ពួកគេ​កំពុង​សុំ​ដីកា​បង្គាប់​តុលា​ការដែល​តម្រូវឱ្យ​ស្តេចត្រាញ់​គ្រឿងញៀន​ម៉ិ​ក​ស៊ិ​ក​ឈ្មោះ ចាវ​គីន “​អែល​ឆា​ប៉ូ​” គូ​ស្មាន់ បង់ប្រាក់​ចំនួន ១២,៧ ពាន់​លាន​ដុល្លារ បន្ទាប់ពី​ការកាត់ទោស​ពីបទ​ចាប់ពង្រត់​និង​ឧក្រិដ្ឋកម្ម​ជួញដូរ​គ្រឿង​ញៀន​កាលពីដើម​ឆ្នាំនេះ​។​

​ចំនួន​ទឹកប្រាក់​នេះ​គឺ​តំណាងឱ្យ​កូកាអ៊ីន​កញ្ឆា​និង​ហេ​រ៉ូ​អ៊ី​ន​ដែល​តុលាការ​បាន​រកឃើញថា​គូ​ស្មាន់​បាន​ជួញដូរ ដោយ​គុណ​នឹង​តម្លៃ​ជា​មធ្យម​នៃ​គ្រឿងញៀន​ទាំងនោះ​។ នេះ​បើ​យោងតាម​ឯកសារ​របស់​រដ្ឋអាជ្ញា​នៅក្នុង​តុលាការ​សហព័ន្ធ​ប្រូ​ក​ឃ្លី​ន​។​

​ភ្លាមៗ​គេ​មិនទាន់​ដឹងថា​ទ្រព្យសម្បត្តិ​ប៉ុន្មាន បើសិន​ជាមាន ដែល​សហរដ្ឋ​អាម៉េរិក​អាច​រឹបអូស​បាន​ដើម្បី​បំពេញ​ការវិនិច្ឆ័យ​នេះ​។ អ្នកនាំពាក្យ​រដ្ឋអាជ្ញា​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​នោះទេ​។​

​លោក ជេ​ហ្វ​ហ្វើ​រី លី​ត​មែន មេធាវី​របស់លោក​គូ​ស្មាន់ បាន​និយាយថា “​នេះ​គឺជា​ការធ្វើ​លំ​ហាត់​ក្នុង​ថ្នាក់រៀន ព្រោះ​រដ្ឋាភិបាល​មិនដែល​រកឃើញ​ឬ​កំណត់​ឃើញ​សូម្បី​មួយ​កាក់​នៃ​ទឹកប្រាក់​ចំនួន ១២,៧ ពាន់​លាន​ដុល្លារ នៅក្នុង​ដំណើរការ​មួយ​ដែល​សន្ម​ត់​ថា​ជា​ប្រាក់ចំណេញ​ដែល​លោក​គូ​ស្មាន់​រកបាន​”​។​

​លោក​គូ​ស្មាន់ អាយុ ៦២ ឆ្នាំ​ត្រូវបាន​ផ្តន្ទាទោស​កាលពី​ថ្ងៃទី ១២ កុម្ភៈ​លើ​បទល្មើស​ចំនួន ១០ ករណី​ដែល​គាត់​ប្រឈម បន្ទាប់ពី​ចៅក្រម​បាន​ស្តាប់​ភស្តុតាង​ពីសា​ក្សី​ជាង ៥០ នាក់ ដោយ​ផ្តល់ជូន​ទិដ្ឋភាព​មិន​ធ្លាប់មាន​ពីមុនមក​អំពី​ដំណើរការ​នៅ​ខាងក្នុង​ក្រុម​ជួញដូរ​គ្រឿងញៀន Sinaloa Cartel របស់គាត់​។ គាត់​ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ​អស់​មួយ​ជិវិត នៅពេល​គាត់​ត្រូវ​ផ្តន្ទាទោស​នៅ​ថ្ងៃទី ១៧ កក្កដា​។​

​កាលពី​ថ្ងៃ​ពុធ ចៅក្រម​អាម៉េរិក​លោក ប្រាយ​អែន កូ​ហ្គា​ន (Brian Cogan) បាន​បដិសេធ​បំណង​ក្នុង​លះបង់​ចោល​សាលក្រម​នេះ​និង​ធ្វើ​សវនាការ​ជំនុំជម្រះ​ជាថ្មី​។ មេធាវី​របស់លោក​គូ​ស្មាន់​បាន​អះអាងថា​ការកាត់ក្ដី​ជាថ្មី​គឺ​ត្រូវការ​ចាំបាច់ បន្ទាប់ពី​សារព័ត៌មាន Vice News ចេញផ្សាយ​បទសម្ភាសន៍​មួយ​ជាមួយ​សមាជិក​គណៈ​វិនិច្ឆយ​ម្នាក់ ដែល​និយាយថា គណៈវិនិច្ឆ័យ​មិនបាន​គោរព​តាម​បញ្ជា​របស់​តុលាការ​ក្នុងករណីនេះ​ទេ​។​

​លោក​គូ​ស្មាន់​បាន​បង្កើត​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ដោយ​ខ្លួនឯង​នៅក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៨០ ដោយ​សាងសង់​ផ្លូវ​រូង​ក្រោម​ដី​ឆ្លងកាត់​ព្រំដែន​ដែល​អនុញ្ញាតឱ្យ​គាត់​អាច​នាំ​កូកាអ៊ីន​ពី​ម៉ិ​ក​ស៊ិ​ក​ទៅកាន់​សហរដ្ឋ​អាម៉េរិក​បាន​លឿន​ជាង​អ្នកដទៃ​។ គាត់​បាន​ចំណាយពេល​ភាគច្រើន​ក្នុង​អាជីព​របស់គាត់​រត់គេច​ខ្លួន​ពីមួយ​កន្លែង​ទៅមួយ​កន្លែង​ទៀត​ក្នុង​តំបន់​ជួរ​ភ្នំ​ស៊ីណា​ឡាវ ដែល​ការពារ​ដោយ​កងទ័ព​ស៊ីឈ្នួល ហើយ​បាន​រត់គេច​បានសម្រេច​ពី​ពន្ធនាគារ​ម៉ិ​ក​ស៊ិ​ក​ដែលមាន​សុវត្ថិភាព​បំផុត​ដល់​ទៅ​ពីរដង​៕ ដោយ៖ កញ្ញាដាលីស

អាម៉េរិក​ទារប្រាក់ ១២,៧ ពាន់​លាន​ដុល្លារ​ពី​អែល​ឆា​ប៉ូ