អាម៉េរិក​ទារ​៥​ពាន់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​សំរាប់​ដាក់​កងកម្លាំង​នៅ​កូរ៉េ​ខាងត្បូង ជាហេតុ​នាំ​អោយ​កិច្ចចរចា​ត្រូវ​លុបចោល​កណ្តាល​ទី​

247
ចែករម្លែក

​ក្រសួងការបរទេស​កូរ៉េខាងត្បូង​បាន​និយាយ​ថា​មន្ត្រី​កូរ៉េ​ខាងត្បូង​និង​ក្រុមមន្ត្រី​អាម៉េរិក​បាន​បញ្ឈប់​ការចរចា​នៅ​ថ្ងៃ​អង្គារ​ទី​១៩​ខែវិច្ឆិកា​ភ្លាមៗ​អំពី​បន្ទុក​ចំណាយ​សំរាប់​ការរក្សា​​វត្តមាន​យោធា​អាម៉េរិក​នៅក្នុង​ប្រទេស​នេះ​ចំ​ពេល​មាន​ប្រតិកម្ម​ជា​សាធារណៈ​ចំពោះ​ព័ត៌មាន​លេច​ធ្លាយ​ដែល​ថា​អាម៉េរិក​ទាមទារ​អោយ​កូរ៉េ​ខាងត្បូង​ចំណាយ​ជាង​៥​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។​

​ការបញ្ឈប់​កិច្ចចរចា​នេះ​គឺជា​ការខ្វែងគំនិត​គ្នា​ជា​សាធារណៈ​យ៉ាង​ខ្លាំង​និង​ដ៏​កម្រ​នៅក្នុង​សម្ពន្ធភាព​អស់​រយៈពេល​៦៦​ឆ្នាំ​មកនេះ ដោយ​ភាគី​នី​មួយៗ បាន​លើកឡើង​ថា​ភាគី​​ម្ខាង​ទៀត​មិន​បាន​ត្រៀម​ខ្លួន​ដើម្បី​ឈានដល់​ការសម្របសម្រួល​សម​ហេតុផល​និង​ត្រឹមត្រូវ​អំពី​ការជួយ​ចេញ​ការចំណាយ​សម្រាប់​ការដាក់​ទាហាន​អាម៉េរិក​ចំនួន​២៨.៥០០ នាក់ ដើម្បី​ទប់ទល់​ការគំរាមកំហែង​ណាមួយ​ពី​ប្រទេស​កូរ៉េខាងជើង​។

​ដោយ​សំដៅ​ទៅលើ​កិច្ចព្រមព្រៀង​ស្តីពី​ការចំណាយ​នេះ ក្រសួងការបរទេស​កូរ៉េខាងត្បូង​បាន​និយាយថា​”​ជំហរ​របស់​យើង​គឺថា​វា​គួរតែ​ស្ថិតនៅក្នុង​ក្របខណ្ឌ​នៃ​កិច្ចព្រមព្រៀង​​ដែល​អាច​ទទួលយកបាន ដែល​ត្រូវបាន​ព្រមព្រៀង​ដោយ​កូរ៉េ​ខាងត្បូង​និង​សហរដ្ឋ​អាម៉េរិក​អស់​រយៈពេល ២៨ ឆ្នាំ​កន្លងមកនេះ​។

​តែ​ក្រសួងការបរទេស​អាម៉េរិក បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា សហរដ្ឋ​អាម៉េរិក​ជឿជាក់​ថា​ចំណែក​នៃ​ការចំណាយ​លើ​វិស័យ​ការពារ​ជាតិ​គួរតែ​ត្រូវ​បាន​កើនឡើង​​គួរឱ្យកត់សម្គាល់ តាមរយៈ​ការបង្កើត​ប្រព័ន្ធ​ថ្មី​មួយ​។​

​អ្នកចរចា​កំពូល​អាម៉េរិក លោក​ជេ​មស៍ ដឺ​ហាត បាន​និយាយថា ” ភាគី​អាមេរិក​បាន​បញ្ឈប់​ការចរចា​ដើម្បី​ផ្តល់​ពេលវេលា​ដល់​ភាគី​កូរ៉េ​ខាងត្បូង​ធ្វើ​ពិចារណា​ឡើងវិញ​ហើយ​ខ្ញុំ​​សង្ឃឹមថា​នឹង​ដាក់​ចេញ​នូវ​សំណើ​ថ្មី​ដែល​អាច​ជួយ​ឱ្យ​ភាគី​ទាំង​២​ធ្វើការ​ឆ្ពោះទៅរក​កិច្ចព្រមព្រៀង​មួយ​ដែល​អាច​ទទួលយកបាន​ទាំង​សង​ខាង​ក្នុង​ស្មារតី​នៃ​សម្ពន្ធភាព​ដ៏​អស្ចារ្យ​​របស់​យើង​”​។​

​សូមបញ្ជាក់​ថា បច្ចុប្បន្ន​កូរ៉េខាងត្បូង​ចេញ​ចំណាយ​សំរាប់​ការដាក់​ទ័ព​អាម៉េរិក​តែ​ជិត​១​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ​។​ការ​ដែល​អាម៉េរិក​សុំ​ដំឡើង​១​ជា​៥​បែបនេះ​ពិតជា​​ពិបាក​ទទួល​បាន​ការ​យល់ព្រម​ពី​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​។​

​កាលពី​ថ្ងៃ​១៩​វិច្ឆិកា រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក​លោក​ម៉ាក អ៊ី​ស​ភើ​បា​និយាយថា លោក​មាន​ជំនឿ​ថា​កូរ៉េ​ខាងត្បូង​«​អាច​និង​គួរតែ​»​ចូលរួម​បរិច្ចាគ​ចំណែក​ប្រាក់​ធំ​ឡើង​សំ​រាប់ការ​​ដាក់​ទាហាន​អាម៉េរិក​នៅក្នុង​ទឹកដី​របស់​ខ្លួន​។​

​នៅពេល​ត្រូវ​បាន​សួរថា​តើ​អាម៉េរិក​មានបំណង​ដក​កងកម្លាំង​ទេ បើ​មិន​សំរេចបាន​កិច្ចព្រមព្រៀង លោក​អ៊ី​ស​ភើ​បាន​បដិសេធ​មិន​ឆ្លើយ​អំពី​អ្វី​ដែល​អាម៉េរិក​ត្រូវធ្វើ​នោះទេ តែ​ថា ក្រសួងការបរទេស​ដឹក​នាំ​ការចរចា​បញ្ហា​នេះ​៕​ប្រែ​សម្រួល​៖​វាសនា​/​សុខា​

រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក​បាន​បញ្ជាក់​ជា​ថ្មី​ថា កូរ៉េខាងត្បូង​ជា​ប្រទេស​អ្នកមាន​មួយ និង​អាច​និង​គួរតែ​ចំណាយ​ច្រើន​ឡើង​លើ​ការដាក់​កងកម្លាំង​អាម៉េរិក