អាម៉េរិក​ធ្វើឱ្យ​ប៉ា​ឡេ​ស្ទី​ន​ខឹងសម្បារ​រឿង​ក្រឡាស​ការសម្រេចចិត្ត​អំពី​ការតាំង​ទីលំនៅ​របស់​អ៊ីស្រាអែល​ក្នុង​តំបន់​វេស​ប៊ែ​ង​

241
ចែករម្លែក

​រដ្ឋបាល​ត្រាំ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៨​វិច្ឆិកា​បាន​និយាយថា​ខ្លួន​លែង​ចាត់ទុក​ការតាំង​ទីលំនៅ​របស់​ជ​ន​ជាតិ​អ៊ីស្រាអែល​នៅក្នុង​តំបន់​វេស​ប៊ែ​ង​ថា​ជា​ការបំពានច្បាប់​អន្តរជាតិ​ទៀតហើយ ដោយ​ប្រែ​ក្រឡាស់​អស់​នូវ​គោលនយោបាយ​របស់​អាម៉េរិក​ក្នុង​រយៈពេល ៤ ទសវត្សរ៍​និង​ធ្វើឱ្យ​អន្តរាយ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ប៉ា​ឡេ​ស្ទី​ន​ដើម្បី​ទទួលបាន​ភាពជា​រដ្ឋ​។​

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​លោក​ម៉ៃ ផ​ម​ផេ​វ​បានប្រកាសថា​សហរដ្ឋ​អាម៉េរិក​បដិសេធ​គំនិត​ផ្នែក​ច្បាប់​របស់​ក្រសួងការបរទេស​ឆ្នាំ ១៩៧៨ ដែល​បាន​ចែងថា​ការតាំង​ទីលំនៅ​ស៊ីវិល​នៅក្នុង​ទឹកដី​ដែល​កាន់កាប់​គឺ “​មិន​ស្រប​នឹង​ច្បាប់​អន្តរជាតិ​”​។ មេដឹកនាំ​អ៊ីស្រាអែល​បាន​ស្វាគមន៍​ចំពោះ​ការសម្រេចចិត្ត​នេះ​ខណៈ​ប៉ា​ឡេ​ស្ទី​ន​និង​ប្រទេស​ដទៃទៀត​បាន​ព្រមាន​ថា​វា​អាច​នឹង​កាត់ផ្តាច់​ឱកាស​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទូលំទូលាយ​មួយ​។​

​លោក​ផ​ម​ផេ​វ​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅឯ​ក្រសួងការបរទេស​ថា រដ្ឋបាល​ត្រាំ​ជឿថា​រាល់​សំណួរ​ផ្លូវច្បាប់​ណាមួយ​អំពី​ការតាំង​ទីលំនៅ​គួរតែ​ត្រូវ​ដោះស្រាយ​ដោយ​តុលាការ​អ៊ីស្រាអែល​ហើយ​ថា​ការ​ប្រកាសថា​ពួកគេ​ជា​អ្នក​រំលោភបំពាន​ច្បាប់​អន្តរជាតិ​នឹង​រំខាន​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏​ធំ​ដើម្បី​ចរចា​កិច្ចព្រមព្រៀង​សន្តិភាព​។​

​លោក​ផ​ម​ផេ​វ​និយាយថា “​ការហៅ​ការតាំង​ទីលំនៅ​ស៊ីវិល​ថា​មិន​ស្រប​នឹង​ច្បាប់​អន្តរជាតិ មិនបាន​ជំរុញ​ដល់​បុព្វហេតុ​សន្តិភាព​ទេ​។ ការពិត​ដ៏​លំបាក​គឺថា​នឹង​មិនមាន​ដំណោះស្រាយ​តាមផ្លូវ​តុលាការ​ចំពោះ​ជម្លោះ​នោះទេ​ហើយ​ការជជែក​វែកញែក​ថា​តើ​អ្នកណា​ខុស​អ្នកណា​ត្រូវ​ផ្អែក​តាមច្បាប់​អន្តរជាតិ នឹងមិន​នាំមក​នូវ​សន្តិភាព​ទេ​”​។​

​ចំណាត់ការ​នេះ​ឆ្លុះបញ្ចាំង​ឱ្យឃើញ​នូវ​ការ​ឱបក្រសោប​របស់​រដ្ឋបាល​ត្រាំ​ចំពោះ​ទស្សនៈ​រឹត​ត្អឹង​របស់​អ៊ីស្រាអែល​ក្នុង​គ្រា​ដែល​ប៉ា​ឡេ​ស្ទី​ន​កំពុង​ស្វះ​ស្វែងរក​ភាពជា​រដ្ឋ​។ សកម្ម​ភាពស្រដៀងគ្នា​នេះ​ទៀត​រួមមាន​ការសម្រេចចិត្តរ​បស់​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ​ក្នុងការ​ទទួលស្គាល់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល ការ​រើ​ស្ថានទូត​អាម៉េរិក​ទៅកាន់​ទីក្រុង​នេះ និង ការបិទ​ការិយាល័យ​ការទូត​ប៉ា​ឡេ​ស្ទី​ន​នៅ​ទីក្រុង​វ៉ាស៊ីនតោន​។​

​អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន​លោក ម៉ា​ម៉ូត អាប់​បាស និយាយថា “​រដ្ឋបាល​អាម៉េរិក​បានធ្វើឱ្យ​បាត់បង់​សេចក្តីទុកចិត្ត​របស់ខ្លួន​ក្នុងការ​ដើរតួនាទី​នាពេល​អនាគត​នៅក្នុង​ដំណើរការ​សន្តិភាព​”​។​

​សហភាព​អឺរ៉ុប​បាន​ព្រមាន​អំពី​ផលប៉ះពាល់​ដែល​អាច​កើតមានឡើង​នៅពេល​ក្រោយ​ទៀត នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ បន្ទាប់ពី​ការប្រកាស​នេះ ដោយ​មិន​និយាយ​ចំឈ្មោះ​សហរដ្ឋ​អាម៉េរិក​ទេ​។​

​សេចក្តីថ្លែងការណ៍​ពី​ប្លុក ២៨ ប្រទេស​នេះ​បាន​និយាយថា “​រាល់​សកម្មភាព​នៃ​ការតាំង​ទីលំនៅ​ទាំងអស់​គឺ​ខុសច្បាប់​នៅក្រោម​ច្បាប់​អន្ដរជាតិ ហើយ​វា​ធ្វើឱ្យ​អស្ថិរភាព​ដល់​ដំណោះស្រាយ​រវាង​រដ្ឋ​និង​រដ្ឋ​និង​ទស្សនវិស័យ​សម្រាប់​សន្តិ​ភាព​យូរអង្វែង​។ សហភាព​អឺរ៉ុប​អំពាវនាវ​ឱ្យ​អ៊ីស្រាអែល​បញ្ឈប់​រាល់​សក​ម្ម​ភាព​តាំង​ទីលំនៅ​ទាំងអស់ ស្របតាម​កាតព្វកិច្ចរ​បស់​ខ្លួន​ជា​រដ្ឋអំណាច​កាន់កាប់​”៕ ដោយ៖ កញ្ញាដាលីស

រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាម៉េរិក​លោក​ម៉ៃ ផ​ម​ផេ​វ