អាម៉េរិក​និង​កូរ៉េខាងត្បូង​លើក​ពេល​ធ្វើ​សមយុទ្ធ នៅពេល​៣៣៤​នាក់​បន្ថែម​ឆ្លង​វីរុស​នៅ​កូរ៉េខាងត្បូង​

77
ចែករម្លែក

កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៧​កុម្ភៈ​បាន​រាយការណ៍​ការឆ្លង​កូរ៉ូណា​វីរុស​ថ្មី​Covid-19​ចំនួន​៣៣៤​នាក់​បន្ថែម ធ្វើ​អោយ​ចំនួន​មនុស្ស​ឆ្លង​វីរុស​នេះ​កើន​​ដល់​១.៥៩៥​នាក់​។​ទោះជា​យ៉ាងណា ចំនួន​មនុស្ស​ស្លាប់​ដោយ​វីរុស​នេះ​នៅ​១២​នាក់​ដដែល​នៅ​កូរ៉េខាងត្បូង​។​

​វា​ជា​ចំនួន​ឆ្លង​ក្នុង​មួយថ្ងៃ​ច្រើន​បំផុត​នៅក្នុង​ប្រទេស​នេះ ចាប់តាំងពី​គេ​បាន​រក​ឃើញ​អ្នក​ឆ្លង​ដំបូង​កាលពី​ថ្ងៃ​២០​មករា​នៅ​កូរ៉េខាងត្បូង​។​ក្នុងចំណោម​អ្នក​ឆ្លង​​ថ្មី​ទាំងនេះ មាន​៣០៧​នាក់​ស្ថិតនៅក្នុង​ទីក្រុង​ដេ​ហ្គូ ភាគ​អាគ្នេយ៍​នៃ​ប្រទេស កន្លែង​ដែល​វីរុស​ផ្ទុះ​ចេញពី​ព្រះវិហារ​គ្រិស្តសាសនា​មួយ​។​

​ក្នុង​ព្រឹត្តិការណ៍​ពាក់ព័ន្ធ​នឹង​កូរ៉ូណា​វីរុស​នេះ​ដែរ ប្រទេស​ទាំង​២​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា សមយុទ្ធ​យោធា​រួម​គ្នា​រវាង​អាម៉េរិក​និង​កូរ៉េខាងត្បូង​ត្រូវ​​បាន​លើក​ពេល​។​

​ការសំរេច​លើក​ពេល​ធ្វើ​លំ​ហាត់​យោធា​នេះ កើត​ឡើង​ក្រោយ​ពី​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​ប្រកាស​ព្រមាន​កំរិត​ខ្ពស់​បំផុត​អំពី​វីរុស​និង​ទាហាន​អាម៉េរិក​ម្នាក់​នៅ​​កូរ៉េខាងត្បូង​ឆ្លង​Codid-19​។​

អាម៉េរិក​មាន​ទាហាន​២៨.៥០០​នាក់​ឈរជើង​នៅ​កូរ៉េ​ខាងត្បូង​ដើម្បី​ជួយ​ការពារ​ប្រទេស​នេះ​ពី​ការ​គំរាម​មក​ពី​កូរ៉េខាងជើង​៕​ប្រែ​សម្រួល​៖​វាសនា​