អាម៉េរិក​និង​ជប៉ុន​នឹង​អភិវឌ្ឍ​រ៉ា​ដា Aegis ថ្មី​ដើម្បី​ទប់ទល់​នឹង​មី​ស៊ី​ល​របស់​ចិន​និង​រុស្ស៊ី​

440
ចែករម្លែក
  • 1
    Share

​រ៉ា​ដា​ថ្មី​ត្រូវបាន​គេ​រាយការណ៍​ថា​នឹង​ផ្តល់​ការ​គ្របដណ្តប់ ៣៦០ ដឺ​ក្រេស​ម្រា​ប់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​របស់​សហរដ្ឋអាមេរិក​ដោយ​គ្មាន​ចំណុច​រំលង​ណាមួយ​ទេ​។​

​ប្រភព​ការទូត​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​ក្យូ​ដូ​កាលពី​ថ្ងៃអាទិត្យ​ទី​១៧​មីនា​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​តូ​ក្យូ​កំពុងធ្វើការ​ឆ្ពោះទៅរក​ការអភិវឌ្ឍ​ប្រព័ន្ធ​រ៉ា​ដា​ថ្មី​សម្រាប់​នាវា​របស់​កងទ័ពជើងទឹក​អាមេរិក​ដែល​បំពាក់​ដោយ​រ៉ា​ដា Aegis “​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​បង្កើន​សមត្ថភាព​ការពារ​”​។​

​ប្រភព​បាន​លាតត្រដាង​ថា ប្រព័ន្ធ​ថ្មី​នេះ​មានបំណង​ទប់​ទល់នឹង​អាវុធ​ថ្មីៗ រួមមាន​មី​ស៊ី​ល​លឿន​ជាង​សំឡេង​ដែល​កំពុង​បង្កើតឡើង​ដោយ​ចិន​និង​រុស្ស៊ី ដោយ​បន្ថែមថា ការសម្របសម្រួល​លើ​គម្រោង​នេះ​បាន​ឈានដល់​ដំណាក់កាល​ចុងក្រោយ​ហើយ​។​

​យោងតាម​របាយការណ៍ ជប៉ុន​កំពុង​ប្រើប្រាស់​ការបណ្តាក់ទុន​រួមគ្នា​នេះ​ជា​មធ្យោបាយ​មួយ​ដើម្បី​ពង្រឹង​ការការពារ​របស់ខ្លួន​ប្រឆាំងនឹង​ការវាយប្រហារ​ដែល​អាច​កើតមានឡើង​ពី​កូរ៉េខាងជើង ដែល​តូ​ក្យូ​ចាត់ទុកថា​ជាការ​គំរាមកំហែង​ដែល​អាច​កើតមាន​ចំពោះ​សន្តិសុខ​ជាតិ​របស់ខ្លួន​។ ទន្ទឹមនឹង​នេះដែរ ក្យូ​ដូ​បាន​រាយការណ៍​ថា ការសម្រេចចិត្ត​របស់​ជប៉ុន​ក្នុង​ការចូលរួម​ក្នុង​គម្រោង​នេះ​បានលើកឡើង​ពី​ការព្រួយបារម្ភ​ថា គម្រោង​នេះ​អាច​ត្រូវគេ​មើលឃើញថា​ជាការ​លើកទឹកចិត្ត​ដល់​ការប្រណាំង​ប្រជែង​សព្វាវុធ​រវាង​មហាអំណាច​លើ​ពិភពលោក​។​

​បច្ចុប្បន្ន នាវាចម្បាំង​របស់​កង​ទ័ពជើងទឹក​អាម៉េរិក​ដែល​បំពាក់​រ៉ា​ដា Aegis គឺ​ពឹង​ផ្អែកលើ​ប្រព័ន្ធ​រ៉ា​ដា AN/SPQ-9B ដែល​តាម​ដឹង​គឺមាន​សមត្ថភាព​អាច​រកឃើញ​ការគំរាមកំហែង​នៅ​កម្ពស់​ទាប​ប៉ុណ្ណោះ​។ ទោះយ៉ាងណា ប្រព័ន្ធ​នេះ​ប្រើ​រ៉ា​ដា​បង្វិល​ធម្មតា ដែល​ងាយ​នឹងមាន​កន្លែង​មើលរំលង​។ យោងតាម​ក្យូ​ដូ ប្រព័ន្ធ​រ៉ា​ដា AN/SPQ-9B មួយ​មានតម្លៃ​ប្រហែល ៤,១ លាន​ដុល្លារ ខណៈ​ប្រព័ន្ធ​ថ្មី​ទំនងជា​នឹងមាន​តម្លៃ​ថ្លៃ​ជាង​នេះ​។​

​ប្រព័ន្ធ​ថ្មី​នឹង​ក្លាយជា​រ៉ា​ដា​មិន​បង្វិល ដែល​ផ្តល់នូវ​ការ​គ្របដណ្តប់ ៣៦០ ដឺ​ក្រេ​ថេរ ហើយនឹង​ត្រូវ​ប្រើប្រាស់​រួមគ្នា​ជាមួយនឹង​ប្រព័ន្ធ​រ៉ា​ដា​មួយទៀត​ឈ្មោះ AN/SPY-6 ដែលមាន​ជំនាញ​ខាង​គោលដៅ​ដែលមាន​កម្ពស់​ខ្ពស់ និង​គ្រោង​ដាក់ឱ្យ​ដំណើរការ​ចាប់ពី​ឆ្នាំ ២០២០៕ ដោយ៖ កញ្ញាដាលីស

អាម៉េរិក​និង​ជប៉ុន​កំពុង​អភិវឌ្ឍ​រ៉ា​ដា​ថ្មី​រួមគ្នា​ដើម្បី​ទប់ទល់​នឹង​មី​ស៊ី​ល​របស់​ចិន​និង​រុស្ស៊ី