អាម៉េរិក​និង​ម៉ិ​ក​ស៊ិ​ក​ធ្វើ​កិច្ចព្រមព្រៀង​ដើម្បី​បញ្ចៀស​ការដំឡើង​ពន្ធ​នៅក្នុង​ជម្លោះ​អន្តោប្រវេសន៍​

417
ចែករម្លែក

​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ​បានប្រកាស​កាលពី​ថ្ងៃ​សុក្រ​ទី​៧​មិថុនា​ថា សហរដ្ឋ​អាម៉េរិក​និង​ម៉ិ​ក​ស៊ិ​កបាន​ឈានដល់​កិច្ចព្រមព្រៀង​មួយ​ស្តីពី​អន្តោប្រវេសន៍ ជាមួយ​ពន្ធ​ពិន័យ​ដែល​លោក​បាន​គំរាម​នោះ នឹង “​ត្រូវ​ផ្អាក​ដោយ​គ្មាន​កាលកំណត់​”​។​

​លោក​បាន​និយាយ​នៅលើ Twitter ថា “​ខ្ញុំ​សប្បាយរីករាយ​ណាស់​ក្នុងការ​ជូនដំណឹង​ដល់​អ្នក​ទាំងអស់គ្នា​ថា សហរដ្ឋ​អាម៉េរិក​បាន​ឈានដល់​កិច្ចព្រមព្រៀង​មួយ​ដែល​បាន​ចុះហត្ថលេខា​ជាមួយ​ម៉ិ​ក​ស៊ិ​ក​។ ពន្ធ​ដែល​គ្រោង​នឹង​អនុវត្ត​ដោយ​សហរដ្ឋ​អាម៉េរិក​កាលពី​ថ្ងៃ​ចន្ទ​លើ​ម៉ិ​ក​ស៊ិ​ក នឹងត្រូវ​ផ្អាក​វិញ​ដោយ​គ្មាន​កាលកំណត់​។ ជា​ថ្នូរ​ត្រឡប់មកវិញ ម៉ិ​ក​ស៊ិ​កបាន​ព្រមព្រៀង​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ដើម្បី​ទប់ស្កាត់​លំហូរ​នៃ​ការធ្វើ​ចំណាកស្រុក​ឆ្លងកាត់​ម៉ិ​ក​ស៊ិ​ក​និង​ព្រំដែន​ភាគខាងត្បូង​រប​ស់​យើង​។ នេះ​កំពុង​ត្រូវបាន​ធ្វើឡើង​ដើម្បី​កាត់បន្ថយ​ឬ​លុបបំបាត់​អន្តោប្រវេសន៍​ខុសច្បាប់​ដែល​មកពី​ម៉ិ​ក​ស៊ិ​ក​ចូលមក​សហរដ្ឋ​អាម៉េរិក​”​។​

​ការប្រកាស​របស់​ត្រាំ​បានធ្វើ​ឡើង​នៅ​ចុងបញ្ចប់​នៃ​ការចរចា​រយៈពេល​បី​ថ្ងៃ​នៅឯ​ក្រសួងការបរទេស​អាម៉េរិក ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ទាមទារ​ឱ្យ​បង្ក្រាប​យ៉ាងខ្លាំង​ក្លា​ទៅលើ​ជនអន្តោប្រវេសន៍​អាម៉េរិក​កណ្តាល បន្ទាប់ពី​មនុស្ស​រាប់ពាន់នាក់​បាន​ឆ្លងកាត់​ម៉ិ​ក​ស៊ិ​ក​ដើម្បី​ចូលទៅក្នុង​សហរដ្ឋ​អាម៉េរិក​ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​។​

​ប្រធានាធិបតី​អាម៉េរិក​បានគ្រោង​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​របស់​ម៉ិ​ក​ស៊ិ​ក​ទាំងអស់​ជាមួយ​អត្រាពន្ធ ៥ ភាគរយ​ចាប់ពី​ថ្ងៃ​ចន្ទ​ក្រោយ​តទៅ ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ​ទៀត​នឹង​ដំឡើង​រហូតដល់ ២៥ ភាគរយ ជា​ចំណាត់ការ​មួយ​ដែល​អាចធ្វើឱ្យ​ដួលរលំ​សេដ្ឋកិច្ច​របស់​ម៉ិ​ក​ស៊ិ​ក​។​

​ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​ក លោក​អង់​ដ្រេ ម៉ា​នូ​អែល ឡូ​ប៉េ​ស អូ​ប្រា​ដ័​រ (Andres Manuel Lopez Obrador) បាន​និយាយ​នៅលើ Twitter ថា “​សូម​អរគុណ​ចំពោះ​ការគាំទ្រ​ពី​ប្រជាជន​ម៉ិ​ក​ស៊ិ​ក​ទាំងអស់ យើង​អាច​ចៀសវាង​ការដំឡើង​ពន្ធ​លើ​ផលិតផល​ម៉ិ​ក​ស៊ិ​ក ដែល​នាំ​ចេញទៅ​សហរដ្ឋ​អាម៉េរិក​” ។ លោក​បាន​បន្ថែមថា​លោក​នឹងធ្វើ​ដំណើរ​នៅ​ថ្ងៃ​សៅរ៍​ទី​៨​មិថុនា​នេះ​ទៅ​ទីក្រុង​ធី​ជួ​ណា​ជាប់​ព្រំដែន​អាម៉េរិក​ដើម្បី​អបអរសាទរ​៕ ដោយ៖ កញ្ញាដាលីស

លោក​ត្រាំ​ប្រកាស​ផ្អាក​ការដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​ម៉ិ​ក​ស៊ិ​កដោយ​គ្មាន​កាលកំណត់