អាម៉េរិក​និយាយថា​ការវាយប្រហារ​លើ​រោងចក្រ​ប្រេង​អា​រ៉ា​ប៊ី​សា​អូឌីត​គឺជា “​អំពើ​បង្ក​សង្គ្រាម​” របស់​អ៊ីរ៉ង់​

176
ចែករម្លែក

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាម៉េរិក​លោក​ម៉ៃ ផ​ម​ផេ​វ​កាលពី​ថ្ងៃ​ពុធ​ទី​១៨​កញ្ញា​បាន​ហៅ​ការវាយប្រហារ​ទៅលើ​រោងចក្រ​ប្រេង​របស់​អារ៉ាប់​ប៊ី​សា​អូឌីត​ថា​ជា “​អំពើ​បង្ក​សង្គ្រាម​” ប្រឆាំងនឹង​ព្រះរាជាណាចក្រ​មួយ​នេះ​ពី​សំណាក់​អ៊ីរ៉ង់ ខណៈ​អា​រ៉ា​ប៊ី​សា​អូឌីត​បង្ហាញ​នូវ​បំណែក​ដ្រូ​ន​និង​មី​ស៊ី​ល និង​ដកស្រង់​ភស្តុតាង​ផ្សេងទៀត​ដែល​ពួកគេ​និយាយថា ការ​វាយឆ្មក់​នេះ​គឺ “​ឧបត្ថម្ភ​គាំទ្រ​ដោយ​អ៊ីរ៉ង់​គ្មាន​ការសង្ស័យ​នោះឡើយ​”​។​

​អ៊ីរ៉ង់ ដែល​បដិសេធ​ការជាប់​ពាក់ព័ន្ធ​ក្នុងការ​វាយប្រហារ​នេះ បាន​ព្រមាន​សហរដ្ឋ​អាម៉េរិក​ថា ខ្លួន​នឹង​សងសឹក​ភ្លាមៗ ប្រសិនបើ​ខ្លួន​ក្លាយជា​គោលដៅ​ត្រូវ​វាយប្រហារ​។​

​ទន្ទឹមនឹងនេះ​លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ​បាន​និយាយថា​លោក​កំពុង​ធ្វើ​ចំណាត់ការ​បង្កើន​ទណ្ឌកម្ម​ហិរញ្ញវត្ថុ​ទៅលើ​រដ្ឋាភិបាល​ក្រុង​តេ​ហេ​រ៉ង់​ជុំវិញ​ការវាយប្រហារ​នេះ​។ គាត់​មិន​បង្ហាញ​ការតាំង​ចិត្ត​ទេ​ថា​តើ​គាត់​នឹង​បញ្ជា​ឱ្យ​យោធា​អាម៉េរិក​សងសឹក​វិញ​ឬ​អត់​។​

​នៅក្នុង​សន្និសីទ​សារព័ត៌មាន អ្នកនាំពាក្យ​យោធា​អា​រ៉ា​ប៊ី​សា​អូឌីត​លោក​វរសេនីយ៍ឯក តួ​គី អាល់​ម៉ា​ល់​គី បាន​និយាយថា ការវាយប្រហារ​កាលពី​ថ្ងៃ​សៅរ៍ ដែល​ធ្វើឱ្យ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដល់​បេះដូង​នៃ​ឧស្សាហកម្ម​ប្រេង​អា​រ៉ា​ប៊ី​សា​អូឌីត “​ត្រូវបាន​ចាប់ផ្តើម​ចេញ​ពី​ភាគ​ខាងជើង​និង​ត្រូវបាន​ឧបត្ថម្ភ​គាំទ្រ​ដោយ​អ៊ីរ៉ង់​ដោយ​គ្មាន​ការសង្ស័យ​”​។ យេ​ម៉ែន​ស្ថិតនៅ​ភាគខាងត្បូង​អារ៉ាប់​ប៊ី​សា​អូឌីត រីឯ​អ៊ីរ៉ង់​និង​អ៊ីរ៉ាក់​ស្ថិតនៅ​ភាគ​ខាងជើង​។​

​លោក​អាល់​ម៉ា​ល់​គី​មិនបាន​ចោទប្រកាន់​អ៊ីរ៉ង់​ថា​បាន​បាញ់​មី​ស៊ី​ល​ដោយ​ខ្លួនឯង​ឬ​បាញ់​ចេញពី​ទឹកដី​អ៊ីរ៉ង់​នោះទេ​។​

​ក្រុម​ឧទ្ទាម​ហ៊ូ​ធី​គាំទ្រ​ដោយ​អ៊ីរ៉ង់​បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​ដោយនិយាយ​ថា​វា​ជាការ​ឆ្លើយតប​នឹង​សង្គ្រាម​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​យេ​ម៉ែន​ដែល​បានសម្លាប់​មនុស្ស​រាប់ពាន់​នាក់​៕ ដោយ៖ កញ្ញាដាលីស

អា​រ៉ា​ប៊ី​សា​អូឌីត​បង្ហាញ​ភស្តុតាង​បំណែក​ដ្រូ​ន​និង​មី​ស៊ី​ល និង​ថា​ការវាយប្រហារ​នោះ​គឺ​គាំទ្រ​ដោយ​អ៊ីរ៉ង់