អាម៉េរិក​និយាយថា​ចំនួន​អ្នកស្លាប់​ពី​ការតវ៉ា​នៅ​អ៊ីរ៉ង់​អាច​កើន​ហួស​១០០០​នាក់

182
ចែករម្លែក

​សហរដ្ឋ​អាម៉េរិក​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​៥​ធ្នូ​ថា អាជ្ញាធរ​អ៊ីរ៉ង់​ប្រហែលជា​បានសម្លាប់​មនុស្ស​ជាង ១.០០០ នាក់​នៅក្នុង​ការបង្ក្រាប​បាតុកម្ម​មួយ ដែល​វ៉ាស៊ីនតោន​ចាត់ទុកជា​បញ្ហា​ប្រឈម​ផ្ទៃក្នុង​ដ៏​អាក្រក់​បំផុត​របស់រប​ប​បព្វជិត​អ៊ីរ៉ង់​។​

​ចំនួន​ស្លាប់​ដ៏​ច្រើន​នេះ​កើត​ឡើងខណៈ​អាម៉េរិក​បានដាក់​សម្ពាធ​ថ្មី​នៅក្នុង​តំបន់​ទៅលើ​សត្រូវ​របស់ខ្លួន ជាមួយ​មន្ត្រី​មួយរូប​និយាយថា មន្ទីរ​បញ្ច​កោណ​កំពុង​ពិចារណា​បញ្ជូន​កងទ័ព​ពី ៥.០០០ ទៅ ៧.០០០ នាក់​បន្ថែមទៀត​មក​ក្នុង​តំបន់​។​

​លោក ប្រាយ​អ៊ែន ហ៊ុ​គ អ្នកចង្អុល​បង្ហាញ​រប​ស់​អាម៉េរិក​អំពី​អ៊ីរ៉ង់ បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា “​របប​អ៊ីរ៉ង់​ប្រហែលជា​អាច​សម្លាប់​ពលរដ្ឋ​ជាង ១.០០០ នាក់​ចាប់តាំងពី​ការតវ៉ា​បានចាប់ផ្តើម​”​។​

​លោក​បាន​ទទួលស្គាល់ថា​ព័ត៌មាន​ពិតជា​ពិបាក​ក្នុងការ​ផ្ទៀងផ្ទាត់​នៅក្នុង​ប្រទេស​អ៊ីរ៉ង់ ដែល​ត្រូវបាន​កាត់ផ្តាច់​ពី​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត ប៉ុន្តែ​និយាយថា “​យើង​ដឹង​ច្បាស់​ថា​អ្នកស្លាប់​មាន​ច្រើន​រាប់រយ​”​។​

​លោក​ហ៊ុ​គ​និយាយថា ប្រជាជន​អ៊ីរ៉ង់ “​រាប់ពាន់នាក់​” បាន​រងរបួស ហើយ​យ៉ាងហោចណាស់​បាតុករ ៧.០០០ នាក់​ត្រូវបាន​ឃុំខ្លួន​។​

​លោក​ប្រធានាធិបតី​ត្រាំ ដែល​កំពុង​ទទួល​អ្នក​ការទូត​អ​.​ស​.​ប​នៅ​សេត​វិមាន បាន​ហៅ​ការបង្ក្រាប​នេះ​ថា “​ឃោរឃៅ​” និង​ជា “​ស្ថានភាព​អាក្រក់​ខ្លាំង​” ខណៈ​លោក​ប្តេជ្ញា​ឆ្លើយតប “​ខ្លាំងក្លា​” ចំពោះ​រាល់​ការ​គំរាម​ណាមួយ​ពី​អ៊ីរ៉ង់​មកលើ​ផលប្រយោជន៍​អាម៉េរិក​។

​ការតវ៉ា​បាន​ផ្ទុះឡើង​កាលពី​ថ្ងៃទី​១៥​វិច្ឆិកា​នៅ​ទូទាំងប្រទេស​អ៊ីរ៉ង់ ដែល​សេដ្ឋកិច្ច​របស់ខ្លួន​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ដោយ​ទណ្ឌកម្ម​ពី​សហរដ្ឋ​អាម៉េរិក បន្ទាប់ពី​រដ្ឋាភិបាល​បានប្រកាស​ដំឡើងថ្លៃ​សាំង​៕ ដោយ៖កញ្ញាដាលីស

អាម៉េរិក​ជឿថា​បាតុករ​ជាង​១​ពាន់​នាក់​ស្លាប់​នៅ​អ៊ីរ៉ង់