អាម៉េរិក​និយាយថា កូរ៉េខាងជើង​រាំងខ្ទប់​ការ​បន្ត​កិច្ច​ពិភាក្សា​នុយគ្លេអ៊ែ​រ​

209
ចែករម្លែក

​តំណាង​ពិសេស​របស់​អាម៉េរិក​ទ​ទួល​បន្ទុក​កូរ៉េខាងជើង បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា កូរ៉េខាងជើង​ត្រូវ​បញ្ឈប់​រារាំង​កិច្ចពិភាក្សា​នុយគ្លេអ៊ែរ​ជាមួយ​អាម៉េរិក ​មុន​ពេល​វា​យឺត​ពេល​។​

​លោក​ស្ទេ​ហ្វិន ប៊ី​អេ​ហ្កា​ន់ បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា «​ប្រសិនបើ​យើង​ត្រូវ​បន្ត កូរ៉េខាងជើង​ត្រូវតែ​ទុក​ទៅ​ម្ខាង​ការ​ស្វះស្វែង​រក​ឧបសគ្គ​ចំពោះ​ការចរចា ហើយ​ជំនួស​មកវិញ​​ស្វះស្វែង​ឱកាស​សំរាប់​ការចូលរួម​ពាក់ព័ន្ធ​នៅ​ពេល​មានឱកាស »​។​

តំណាង​ពិសេស​អាម៉េរិក​សំរាប់​កូរ៉េខាងជើង លោក​ស្ទេ​ហ្វិន ប៊ី​អេ​ហ្កា​ន់ នៅ​ក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​៩​កុម្ភៈ ឆ្នាំ​២០១៩

​ប្រទេស​ទាំង​ពីរ​បាន​ចាប់ផ្តើម​ការចរចា​ជា​ប្រវត្តិសាស្ត្រ​មួយ​បន្ទាប់​ពី​ប្រធានាធិបតី​អាម៉េរិក​លោក​ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ជួប​គ្នា​នៅ​សិង្ហ​បុរី​​កាលពី​ខែ​មិថុនា ឆ្នាំ​២០១៨​។​ជំនួប​លើក​ទី​២​នៅ​ក្រុង​ហាណូយ​កាលពី​ខែ​កុម្ភៈ បាន​បញ្ចប់​ដោយ​គ្មាន​កិច្ចព្រមព្រៀង​។​អ្នក​ទាំង​២​បាន​ជួបគ្នា​ជា​ថ្មី​នៅ​ខែ​មិថុនា​នៅ​ភូមិភា​ជាប់​​ព្រំដែន​នៃ​កូរ៉េ​ខាង​ទាំង​ពីរ​និង​បាន​ព្រមព្រៀង​ចាប់ផ្តើម​ការចរចា​ថ្នាក់​ការងារ​ជា​ថ្មី តែ​វា​នៅ​មិនទាន់​បាន​ចាប់ផ្តើម​នៅឡើយ​ទេ​។​

​នៅ​ប៉ុន្មាន​សប្តាហ៍​មក​នេះ កូរ៉េ​ខាងជើង​បាន​ធ្វើកា​រ​សាកល្បង​បាញ់​កាំជ្រួច​ចម្ងាយ​ខ្លី​ជា​បន្តបន្ទាប់ ហើយ​មន្ត្រី​អាម៉េរិក​ហៅ​ការបាញ់​ទាំង​នេះ​ថា​ជាការ​បង្ករឿង តែ​ទោះជា​យ៉ាងណា​​លោក​ត្រាំ​បាន​ជៀសវាង​មិន​ធ្វើ​ការរិះគន់​ទេ​។​

​មន្ត្រី​កូរ៉េខាងជើង​ក៏​បាន​រិះគន់​គោលជំហរ​របស់​អាម៉េរិក​ក្នុង​ការរក្សា​ការ​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង និង​សមយុទ្ធ​រួម​រវាង​អាម៉េរិក​និង​កូរ៉េខាងត្បូង​៕​ដោយ​៖​វាសនា​