អាម៉េរិក​នឹង​ដក​ទាហាន​រាប់ពាន់នាក់​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​

314
ចែករម្លែក

​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អាម៉េរិក​បាន​រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១​សីហា​ថា សហរដ្ឋ​អាម៉េរិក​កំពុង​ត្រៀម​ដក​កងទ័ព​រាប់ពាន់​នាក់​ចេញពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ដែលជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​ជាមួយ​ពួក​តា​លី​បង់​ដើម្បី​បញ្ចប់​ជម្លោះ​ដែលមាន​រយៈពេល​ជិត​ពីរ​ទសវត្សរ៍​នៅ​ទីនោះ​។​

​កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍​និង​ទូរទស្សន៍​ស៊ី​អិន​អិន​បាន​ដកស្រង់​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​ដោយ​និយាយថា កិច្ចព្រមព្រៀង​នេះ​នឹង​ឃើញ​កងទ័ព​អាម៉េរិក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ត្រូវ​កាត់បន្ថយ​ពី​ប្រមាណ ១៤.០០០ នាក់មក​ត្រឹម ៨.០០០-៩.០០០ នាក់​។​

​កិច្ចព្រមព្រៀង​នេះ​ក៏​នឹង​តម្រូវឱ្យ​ពួក​តា​លី​បង់​ចាប់ផ្តើម​ចរចា​ដោយផ្ទាល់​ជាមួយ​រដ្ឋាភិបាល​ក្រុង​កា​ប៊ុល​ផងដែរ ដែល​ក្រុម​សកម្មប្រយុទ្ធ​នេះ​ហៅថា “​របប​អាយ៉ង​” នោះ​។​

​ស៊ី​អិន​អិន​បាន​រាយការណ៍​ថា កិច្ចព្រមព្រៀង​នេះ​ក៏​នឹង​ឃើញ​មានការ​កាត់បន្ថយ​យ៉ាងខ្លាំង​នូវ​បុគ្គលិក​ស្ថានទូត​អាម៉េរិក​នៅ​ទីក្រុង​កា​ប៊ុល​និង​ការកាត់បន្ថយ​បុគ្គលិក​សន្តិសុខ​ផងដែរ​។​

​របាយការណ៍​នេះ​បាន​កើតឡើង​បន្ទាប់ពី​លោក ហ្សា​ល់​មេ ខា​លី​ល​ហ្សា​ដ (Zalmay Khalilzad) អ្នកតំណាង​ពិសេស​របស់​សហរដ្ឋ​អាម៉េរិក​សម្រាប់​ការផ្សះផ្សា​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា សហរដ្ឋ​អាម៉េរិក​មាន​ឆន្ទៈ​ដើម្បី “​សម្រេច​កិច្ចព្រមព្រៀង​” ប្រសិនបើ​ពួក​តា​លី​បង់​បំពេញ​កិច្ចការ​មួយផ្នែក​របស់​ពួកគេ​នៅក្នុង​ការទម្លាយ​ភាពទាល់ច្រក​ក្នុងការ​ចរចា​រវាង​ភាគី​ទាំងពីរ​។​

​សហរដ្ឋអាមេរិក​និង​តា​លី​បង់​បាន​ជួបប្រជុំគ្នា​តាំងពី​ឆ្នាំមុន​ដោយ​សង្ឃឹមថានឹង​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​ជម្លោះ​អា​ហ្វ​ហ្គា​នី​ស្ថាន ហើយ​គ្រោង​នឹង​ចាប់ផ្តើម​កិច្ចពិភាក្សា​ថ្មី​មួយ​នៅ​រដ្ឋធានី​ដូ​ហា​របស់​កាតា​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ទៀត​។​

​អ្នកនាំពាក្យ​របស់​ក្រុម​តា​លី​បង់ លោក ហ្សា​ប៊ី​ហ៊ូ​ឡា មូ​ចា​ហ៊ី​ដ បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា “​មាន​ក្តី​សង្ឃឹមថា​ដំណោះស្រាយ​អាច​នឹងត្រូវ​សម្រេចបាន​នៅក្នុង​កិច្ចប្រជុំ​លើក​នេះ​”​។​

​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ចង់បាន​ការធានា​ពី​ពួក​តា​លី​បង់​ថា អា​ហ្វ​ហ្គា​នី​ស្ថាន​នឹងមិន​ក្លាយជា​កន្លែង​សុវត្ថិភាព​សម្រាប់​ពួក​ភេរវ​ករ​ឡើយ ខណៈដែល​ពួក​តា​លី​បង់​ផ្តោតលើ​ការធានា​ឱ្យមាន​ការដក​កងទ័ព​បរទេស​ដឹកនាំ​ដោយ​សហរដ្ឋ​អាម៉េរិក​ចេញ​ឱ្យ​អស់ពី​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

​យោងតាម​សហរដ្ឋ​អាម៉េរិក កិច្ចព្រមព្រៀង​ក៏​គួរតែ​បញ្ចូល​បទ​ឈប់​បាញ់​គ្នា​ដែរ​៕ ដោយ៖ កញ្ញាដាលីស

អាម៉េរិក​យល់ព្រម​ដក​ទ័ព​រាប់ពាន់នាក់​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន