អាម៉េរិក​បញ្ជូន​យន្តហោះ​បំបាំងកាយ​បន្ថែម​ទៅកាន់​ឈូង​សមុទ្រ​

718
ចែករម្លែក

​យន្តហោះ​ទំនើប​អាច​គេច​ចេញពី​រ៉ា​ដា​ធុន F-22​របស់​កងទ័ពអាកាស​អាម៉េរិក​ជាង​ដប់​គ្រឿង ត្រូវបាន​បញ្ជូន​ទៅកាន់​រដ្ឋ​កាតា​នៅ​ឈូង​សមុទ្រ ជា​ផ្នែក​នៃ​ការបង្កើន​កម្លាំង​​យោធា​អាម៉េរិក​ដែល​ត្រូវ​បាន​ស្នើឡើង​តាំងពី​ខែ​ឧសភា​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​គំរាម​ខ្លាំង​ឡើង​ពី​អ៊ីរ៉ង់​មក​លើ​កងកម្លាំង​អាម៉េរិក​នៅក្នុង​តំបន់​។​

​ផ្នែក​ទ័ពអាកាស​នៃ​បញ្ជាការ​កណ្តាល​អាម៉េរិក​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​២៨​មិថុនា​ថា យន្តហោះ F-22 Raptors​នៅ​សប្តាហ៍​នេះ​បាន​ទៅ​ដល់​មូលដ្ឋាន​ទ័ពអាកាស​al-Udeid ​ដើម្បី​«​ការពារ​កងកម្លាំង​និង​ផលប្រយោជន៍​អាម៉េរិក​»​។​វា​បាន​បង្ហោះ​ក្នុង​គេហទំព័រ​របស់ខ្លួន​នូវ​រូបថត​យន្តហោះ F-22​បាន​ទៅ​ដល់​ទីនោះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​និង​បាន​និយាយថា​​នេះ​ជា​លើកដំបូង​ដែល​យន្តហោះ F-22​ត្រូវបាន​បញ្ជូន​មកកាន់​មូលដ្ឋាន​al-Udeid ដែល​ជា​មជ្ឈមណ្ឌល​នៃ​ប្រតិបត្តិការ​ទ័ពអាកាស​របស់​អាម៉េរិក​នៅ​មជ្ឈិម​បូព៌ា​។​

F-22 ដែល​ផ្ទុក​កាំជ្រួច​បាញ់ពី​អាកាសទៅ​អាកាសនិងអាច​វាយប្រ​ហារ​លើ​គោលដៅ​លើដី​ផង កាលពីមុន​ត្រូវបាន​បញ្ជូនទៅ​កាន់​មូលដ្ឋាន al-Dhafra នៅ​អារ៉ាប់​រួម​អេ​មី​រ៉ា​ត ដើម្បី​​គាំទ្រ​កងកម្លាំង​អាម៉េរិក​និង​ដៃគូ​នៅ​ស៊ី​រី​។​

​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ B-52 ចំនួន​៤​គ្រឿង​ក៏​ត្រូវបាន​បញ្ជូន​ទៅកាន់​al-Udeid នៅ​ប៉ុន្មាន​ថ្ងៃក្រោយ​ការប្រកាស​ដោយ​សេត​វិមាន​កាលពី​ថ្ងៃ​៥​ឧសភា ថា​នាវា​ដឹក​​យន្តហោះ​USS Abraham Lincoln​​ត្រូវបាន​បញ្ជូន​ទៅកាន់​តំបន់​នេះ​ជា​ប្រញាប់​ដើម្បី​ឆ្លើយតប​នឹង​«​សញ្ញា​បង្ក​បញ្ហា​ខ្លាំង​ឡើង​និង​ការព្រមាន​» និង​ជា​«​សារ​ទៅ​កាន់​របប​ដឹក​​នាំ​អ៊ីរ៉ង់​ថា ការវាយប្រហារ​ណា​មួយ​លើ​ផលប្រយោជន៍​អាម៉េរិក​ឬ​សម្ពន្ធមិត្ត នឹង​ជួប​កម្លាំង​គ្មាន​ត្រា​ប្រណី​»​។​

​កងកម្លាំង​កាំជ្រួច​ការពារ​ដែនអាកាស​Patriot ក៏​ត្រូវបាន​បញ្ជូន​បន្ថែ​ម​ទៅ​ទៀត​នៅ​ប៉ុន្មាន​សប្តាហ៍​ក្រោយមក បូក​រួម​ទាំង​យន្តហោះ​ឈ្លបយកការណ៍​ដើម្បី​បង្កើន​សមត្ថភាព​យោ​​ធា​ក្នុង​ការ​តាម​ឃ្លាំ​មើល​សកម្មភាព​យោធា​អ៊ីរ៉ង់​ទាំងឡាយណា​ដែល​គំរាម​ដល់​ការដឹកជញ្ជូន​តាម​នាវា​នៅក្នុង​ឈូង​សមុទ្រ​៕​ដោយ៖វាសនា

យន្តហោះ F-22 Raptors ចាត់ទុក​ជា​យន្តហោះ​ទំនើប​បំផុត​មួយ​ក្នុង​ឃ្លាំង​សព្វាវុធ​អាម៉េរិក