អាម៉េរិក​បើកចំហ​សំរាប់​ការចរចា តែ​អ៊ីរ៉ង់​ថា​ទណ្ឌកម្ម​ថ្មី​ជា​ការបិទផ្លូវ​ការទូត​

338
ចែករម្លែក

​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាម៉េរិក​លោក ច​ន បុល​ថុន បាន​និយាយថា លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​បើកចំហ​សំរាប់​ការចរចា​ពិត​និង​«​អ្វី​ដែល​អ៊ីរ៉ង់​អាច​ធ្វើ​គឺ​ដើរកាត់​មាត់ទ្វារ​​បើកចំហ​នេះឯង​»​។​

​ក្នុងការ​ប្រកាស​នៅ​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម​កាលពី​ថ្ងៃ​អង្គារ​ទី​២៥​មិថុនា លោក​បុល​ថុន បាន​និយាយថា​តំណាង​អាម៉េរិក​កំពុង​ចុះ​មក​ពេញ​តំបន់​ដើម្បី​ស្វែងរក​ផ្លូវ​ចេញ​ពី​ភាព​តា​ន​​តឹង​ដែល​ចេះតែ​កើន​ឡើង​រវាង​អ៊ីរ៉ង់​និង​អាម៉េរិក​តែ​ថា ភាពស្ងប់ស្ងាត់​របស់​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់ «​ត្រូវបាន​ធ្វើ​អោយ​ថ្លង់​»​។​

ច​ន បុល​ថុន ថ្លែង​ទៅ​កាន់​សារព័ត៌មាន​នៅ​ក្រុង​ហ្សេ​រុយ​សា​ឡឹម កាលពី​ថ្ងៃ​អង្គារ​។​លោក​ថា​អ៊ីរ៉ង់​មិន​បាន​ឆ្លើយតប​នឹង​សំណើ​របស់​អាម៉េរិក​សំរាប់​ការចរចា​គ្នា​។​«​ភាពស្ងប់ស្ងាត់​របស់​​អ៊ីរ៉ង់ ជា​ការ​ធ្វើ​អោយ​ថ្លង់​ទៅវិញ​»

​តែ​នៅ​ថ្ងៃ​អង្គារ​ទី​២៥​មិថុនា​ដដែល អ៊ីរ៉ង់​បានបញ្ជាក់​ថា ទណ្ឌកម្ម​របស់​អាម៉េរិក​លើ​ក្រុម​មេដឹកនាំ​របស់​ខ្លួន កត់សំគាល់​ការបញ្ចប់​កិច្ចការ​ទូត​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ក្រោយ​ពី​ប្រធានាធិបតី​អាម៉េរិក​បាន​គំរាម​«​វាយ​បោសសម្អាត​កុំ​អោយ​សល់​ដាន​»​។​

​ត្រាំ កាលពី​ថ្ងៃ​ចន្ទ​បាន​ដាក់​ទណ្ឌកម្ម​លើ​មេដឹកនាំ​ជាន់ខ្ពស់​អ៊ីរ៉ង់ លោក​អាយ៉ា​តុឡា អា​លី ខា​មេ​នី និង​នាយទាហាន​កំពូលៗ ដែល​វា​នឹង​បង្កើន​ភាព​តានតឹង​ថែម​ទៀត​។​ក្រសួង​រត​​នាគារ​អាម៉េរិក​បាន​និយាយថា ខ្លួន​ក៏​នឹង​បន្ថែម​ឈ្មោះ​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​និង​នាយទាហាន​ជាន់ខ្ពស់​៨​រូប​ទៀត​ទៅ​ក្នុង​បញ្ជី​ទណ្ឌកម្ម​។​

​ជា​ប្រតិកម្ម​តប អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៊ីរ៉ង់ បាន​និយាយថា «​ការដាក់ទណ្ឌកម្ម​គ្មាន​បាន​ការ​មក​លើ​មេដឹកនាំ​កំពូល​និង​មេបញ្ជាការ​កិច្ចការ​ទូត​អ៊ីរ៉ង់ គឺជា​ការបិទ​​ផ្លូវ​ការទូត​ជា​អចិន្ត្រៃយ៍​ជាមួយ​រដ្ឋាភិបាល​របស់​ត្រាំ​។​រដ្ឋាភិបាល​ត្រាំ​កំពុង​បំផ្លាញ​យន្តការ​អន្តរជាតិ​សំរាប់​រក្សា​សន្តិភាព​និង​សន្តិសុខ​សកល​»៕​ដោយ​៖​វាសនា​