អាម៉េរិក​ប្រុង​ជើងការ​ខ្ពស់​សម្រាប់​លទ្ធភាព​វាយប្រហារ​សងសឹក​ពី​ពួក​អាយ​ស៊ី​ស ខណៈ​បញ្ចេញ​រូបភាព​និង​វីដេអូ​ដំបូង​នៃប្រតិបត្តិ​ការសម្លាប់​អា​ល់បាក​ដា​ឌី​

473
ចែករម្លែក

​នាយ​ឧ​ត្ត​ម​សេនីយ៍ ដែល​ដឹកនាំ​ការ​វាយឆ្មក់​របស់​អាម៉េរិក​ទៅលើ​មេដឹកនាំ​ក្រុម​រដ្ឋ​អ៊ីស្លាម បាន​និយាយថា សហរដ្ឋ​អាម៉េរិក​កំពុង​ប្រុង​ជើងការ​ខ្ពស់​សម្រាប់​លទ្ធភាព “​វាយប្រហារ​សងសឹក​” ដោយ​ក្រុម​ជ្រុលនិយម​មួយ​នេះ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ្វ្រែ​ង ម៉ា​កកេ​ន​ហ្ស៊ី ប្រធាន​ទីបញ្ជាការ​កណ្តា​ល​អាម៉េរិក បាន​និយាយថា សាកសព​របស់លោក​អា​ប៊ូ បាក អា​ល់បាក​ដា​ឌី ត្រូវបាន​បញ្ចុះ​នៅក្នុង​ទឹកសមុទ្រ​ក្នុង​រយៈពេល ២៤ ម៉ោង​បន្ទាប់ពី​គាត់​បាន​ស្លាប់​។​

​មន្ទីរ​បញ្ច​កោណ​បានចេញ​ផ្សាយ​នូវ​រូបភាព​និង​វីដេអូ​ឃ្លី​ប​ដំបូងបង្អស់​របស់​រដ្ឋា​ភិ​បាល​នៃប្រតិបត្តិ​ការ​ពេល​រាត្រី​នោះ​រួមទាំង​ឃ្លី​ប​វីដេអូ​មួយ​បង្ហាញ​កង​កុម្ម៉ង់ដូ Delta Force ចូល​ជិត​ជញ្ជាំង​នៃ​បរិវេណ​មួយ ដែល​អាល់​បា​កដា​ឌី​និង​អ្នក​ដទៃទៀត​ត្រូវបាន​រកឃើញ​។​

​វីដេអូ​មួយទៀត​បានបង្ហាញ​ពី​ការវាយប្រហារ​តាម​អាកាស​របស់​អាមេរិក​ទៅលើ​ក្រុម​សកម្មប្រយុទ្ធ​ដទៃទៀត ដែល​បាន​បាញ់​តដៃ​វិញ​លើ​ឧទ្ធម្ភាគចក្រ​ដឹក​ទាហាន​អាម៉េរិក​ទៅកាន់​បរិវេណ​នោះ​។​

​អាម៉េរិក​ក៏បាន​បាញ់​គ្រាប់បែក​កម្ទេច​បរិវេណ​នោះដែរ បន្ទាប់ពី​ទាហាន​បានបញ្ចប់​បេសកកម្ម ដូច្នេះ​វា​នឹងមិន​ប្រើ​សម្រាប់​ជាទី​សក្ការៈបូជា​របស់​អា​ល់បាក​ដា​ឌី​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ម៉ាក​ខេន​ហ្ស៊ី​បាន​និយាយថា “​បរិវេណ​នោះ​មើលទៅ​ដូចជា​ចំណតរថយន្ត ដែលមាន​ក្រហូង​ធំៗ​យ៉ាង​អ៊ីចឹង ឥឡូវនេះ​”​។​

​លោក​បាន​បន្ថែមថា​កង​កម្លាំង​អាម៉េរិក​បាន​បើក​ការវាយប្រហារ​ចេញពី​ទីតាំង​មួយ​មិន​លាតត្រដាង​នៅក្នុង​ប្រទេស​ស៊ី​រី​សម្រាប់​ការ​ជិះ​ឧទ្ធម្ភាគចក្រ​រយៈពេល​មួយ​ម៉ោង​ទៅកាន់​បរិវេណ​នោះ​។​

​លោក​បាន​បន្ថែមថា កុមារ​ពីរ​នាក់​បាន​ស្លាប់​ជាមួយ​អា​ល់បាក​ដា​ឌី នៅពេលដែល​គាត់​បំផ្ទុះ​អាវកាក់​គ្រាប់បែក ពោលគឺ​មិនមែន​ក្មេង​បីនាក់​ដូច​ការរាយការណ៍​ពីដំបូង​នោះទេ​។ គាត់​បាន​និយាយថា ក្មេងៗ​ហាក់ដូច​ជាមាន​អាយុ​ក្រោម ១២ ឆ្នាំ​៕ ដោយ៖ កញ្ញាដាលីស

រូបភាព​ដំបូង​នៃប្រតិបត្តិ​ការសម្លាប់​បា​កដា​ឌី​ត្រូវ​បានបង្ហាញ