អាម៉េរិក​ផ្អាក​ការដឹកជញ្ជូន​យន្តហោះ F-35 ទៅ​តួ​ក​គី ជុំវិញ​ការទិញ​ខែល​ការពារ​អាកាស​ពី​រុស្ស៊ី​

514
ចែករម្លែក
  • 4
    Shares

​សហរដ្ឋ​អាម៉េរិក​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១​មេសា​ថា​ ខ្លួន​នឹង​បញ្ឈប់​ការដឹកជញ្ជូន​ទាំងអស់​និង​កិច្ចសហការ​ជាមួយ​តួ​ក​គី​លើ​កម្មវិធី​យន្តហោះ​ចម្បាំង F-35 បន្ទាប់ពី​សម្ព័ន្ធមិត្តរ​បស់​អង្គការ​ណា​តូ​មួយ​នេះ​បាន​ទទូច​ទិញ​អាវុធ​សំខាន់ៗ​ពី​រុស្ស៊ី​។​

​ក្រោយពី​បាន​ព្រមាន​ជាច្រើន​ខែ សហរដ្ឋ​អាម៉េរិក​បាន​និយាយថា ​ការសម្រេចចិត្ត​របស់​តួ​ក​គី​ក្នុង​ការទិញ​ប្រព័ន្ធ​មី​ស៊ី​ល S-400 របស់​រុស្ស៊ី​គឺ​មិន​សមស្រប​នឹង​ផ្នែក​ដែល​នៅសល់​នៃ​កម្មវិធី​យន្តហោះ​ចម្បាំង​របស់​អាម៉េរិក​នោះទេ​។​

​លោក​ឆា​លី អ៊ី​សាំ​មឺ​ជេ​អា អ្នកនាំពាក្យ​របស់​មន្ទី​រ​បញ្ច​កោណ​បាន​និយាយថា “​រហូត​ទាល់តែ​ពួកគេ​បោះបង់​ការដឹកជញ្ជូន​ប្រព័ន្ធ​មី​ស៊ី​ល S-400 សហរដ្ឋ​អាម៉េរិក​សូម​ផ្អាក​ការដឹកជញ្ជូន​និង​សកម្មភាព​ដែល​ពាក់ព័ន្ធ​នឹង​បណ្តុះបណ្តាល​សមត្ថភាព​ប្រតិបត្តិការ​យន្តហោះ F-35 ដល់​តួ​ក​គី​”​។​

​លោក​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ប្រសិនបើ​តួ​ក​គី​ទទួលបាន​ប្រព័ន្ធ S-400 ការចូលរួម​របស់​ពួកគេ​នៅក្នុង​កម្មវិធី​យន្តហោះ F-35 នឹង​ស្ថិតក្នុង​ហានិភ័យ​”​។​

​ក្រុមមន្ត្រី​អា​ម៉េរិ​កបាន​សម្តែង​ការព្រួយបារម្ភ​ថា ដោយសារ​តួ​ក​គី​ស្ថិតនៅក្នុង​ជំរំ​ទាំងពីរ រុស្ស៊ី​អាច​ទទួលបាន​ទិន្នន័យ​ពី​យន្តហោះ F-35 ដើម្បី​កែលម្អ​ការបាញ់​ច្បាស់លាស់​នៃ​ប្រព័ន្ធ S-400 ប្រឆាំងនឹង​យន្តហោះ​របស់លោក​ខាងលិច​។​

​មន្ទីរ​បញ្ច​កោណ​បាន​និយាយថា​ ខ្លួន​បានចាប់ផ្តើម​ពិនិត្យមើល​ប្រភពដើម​សម្រាប់​ផលិត​គ្រឿងបន្លាស់​សម្រាប់​យន្តហោះ F-35 ដែល​កំពុង​ត្រូវបាន​ផលិត​នៅក្នុង​ប្រទេស​តួ​ក​គី​។​

​លោក​សាំ​មឺ​ បាន​និយាយថា “​យើង​ពិតជា​សោកស្តាយ​ចំពោះ​ស្ថានភាព​នាពេល​បច្ចុប្បន្ន​ដែល​កំពុង​ប្រឈម​នឹង​ភាពជា​ដៃគូ​របស់​យើង​រវាង​យន្តហោះ F-35 និង​តួ​ក​គី​ ប៉ុន្ដែ​ក្រសួងការពារជាតិ​កំពុងតែ​ចាត់វិធានការ​ប្រុងប្រយ័ត្ន​ដើម្បី​ការពារ​ការវិនិយោគ​រួម​ដែល​បានធ្វើ​នៅក្នុង​បច្ចេកវិជ្ជា​សំខាន់​របស់​យើង​”​។​

​តួ​ក​គី​មាន​ផែន​ការទិញ​យន្តហោះ​ចម្បាំង F-35A ចំនួន ១០០ គ្រឿង ជាមួយ​អាកាសយានិក​កំពុង​ហ្វឹកហាត់​នៅ​អាម៉េរិក​។ ក្រុមហ៊ុន​ផលិត​យន្តហោះ Lockheed Martin បាន​និយាយថា ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​តួ​ក​គី​ចំនួន​៩​ដើម្បី​ផលិត​គ្រឿងបន្លាស់​សម្រាប់​យន្តហោះ F-35 ត្រូវគេ​រំពឹងថា​នឹង​កើន​ឡើងដល់ ១២ ពាន់​លាន​ដុល្លារ​៕ ដោយ៖ កញ្ញាដាលីស/Ha

យន្តហោះ​ចម្បាំង F-35A