អាម៉េរិក​ព្រមាន​ដាក់ទណ្ឌកម្ម​តួ​ក​គី ប្រសិនបើ​តួ​ក​គី​ទិញ​ប្រព័ន្ធ​មី​ស៊ី​ល​របស់​រុស្ស៊ី​

447
ចែករម្លែក

​រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក​ស្តីទី​លោក​ម៉ាក អ៊ី​ស្ព័​រ (Mark Esper) បានបញ្ជាក់​យ៉ាងច្បាស់​ទៅកាន់​តួ​ក​គី​កាលពី​ថ្ងៃ​ពុធ​ទី​២៦​មិថុនា​ថា តួ​ក​គី​នឹង​ប្រឈម​ការដាក់​ទណ្ឌកម្មសេដ្ឋកិច្ច ប្រសិនបើ​តួ​ក​គី​ទិញ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​របស់​រុស្ស៊ី ខណៈ​ការប្រឈមមុខគ្នា​រវាង​សម្ព័ន្ធមិត្ត​ណា​តូ​ទាំងពីរ​បន្ត​អូសបន្លាយ​ពេល​។​

​លោក​អ៊ី​ស្ព័​របា​ន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ​តួ​ក​គី​លោក​ហ៊ូ​លូ​ស៊ី អាកា (Hulusi Akar) អំឡុង​កិច្ចប្រជុំ​ណា​តូ​មួយ ដោយ​ផ្ញើ​សារ​ដដែល​របស់​អាម៉េរិក​ថា ប្រសិនបើ​ប្រទេស​តួ​ក​គី​ទិញ​ប្រព័ន្ធ​មី​ស៊ី​ល S-400 របស់​រុស្ស៊ី នោះ​តួ​ក​គី​នឹងមិន​ត្រូវបាន​អនុញ្ញាត​ឱ្យ​ទិញ​យន្តហោះ​ចម្បាំង​ប្រភេទ F-35 ដែលមាន​បច្ចេកវិជ្ជា​ខ្ពស់​នោះទេ​។ ទោះយ៉ាងណា កិច្ចប្រជុំ​នោះបាន​បញ្ចប់​ដោយ​គ្មាន​លទ្ធផល​ជាក់ស្តែង​នោះទេ​។​

​មន្ដ្រី​ការពារជាតិ​ជាន់ខ្ពស់​ម្នាក់​ដែល​ធ្វើដំណើរ​ជាមួយ​លោក​អ៊ី​ស្ព័​របា​ន​និយាយថា បុរស​ទាំងពីរ​នាក់​បាន​ពិភាក្សាគ្នា​ដោយ​ត្រង់​និង​ស្មោះត្រង់ ប៉ុន្តែ​កិច្ចប្រជុំ​ពុំបាន​ហុច​លទ្ធផល​ឬ​ផ្លាស់ប្តូរ​គោលជំហរ​រប​ស់​ភាគី​ណាមួយ​នោះទេ​។ មន្ត្រី​រូបនោះ​និយាយ​ក្នុង​លក្ខខណ្ឌ​អនាមិក​ដើម្បី​ពិភាក្សា​អំពី​កិច្ចប្រជុំ​ជា​លក្ខណៈ​ឯកជន​នេះ​។​

​តួ​ក​គី​បាន​និយាយថា ខ្លួន​នឹងមិន​ឱនលំទោន​ចំពោះ​ឱសានវាទ​របស់​អាម៉េរិក​ទេ ហើយ​ថា​ការទិញ​ប្រព័ន្ធ S-400 គឺជា​កិច្ចព្រមព្រៀង​ស្ថាពរ​។ សហរដ្ឋ​អាម៉េរិក​បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀតថា​ប្រព័ន្ធ​មី​ស៊ី​ល​រុស្ស៊ី​គឺជា​ការគំរាមកំហែង​ដល់​យន្តហោះ​ចម្បាំង​របស់ខ្លួន ហើយ​ថា​តួ​ក​គី​នឹងត្រូវ​ដកចេញ​ពី​កម្មវិធី​យន្តហោះ F-35 ប្រសិនបើ​តួ​ក​គី​ទិញ​ប្រព័ន្ធ​មី​ស៊ី​ល S-400 ។ មន្ត្រី​អាមេរិក​បាន​លើកទឹកចិត្ត​ដល់​តួ​ក​គី​ឱ្យ​ទិញ​ប្រព័ន្ធ​មី​ស៊ី​ល Patriot ផលិត​នៅ​អាម៉េរិក​ជំនួស​វិញ​។​

​សហរដ្ឋអាមេរិក​បាន​បញ្ឈប់​ការហ្វឹកហ្វឺន​ដល់​អាកាសយានិក​តួ​ក​គី​នៅលើ​យន្តហោះ F-35 រួចទៅហើយ និង បានផ្តល់​ពេល​ឱ្យ​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​រហូតដល់​ចុងខែ​កក្កដា​ដើម្បី​យក​បុគ្គលិក​យោធា​របស់ខ្លួន​ចេញពី​សហរដ្ឋ​អាម៉េរិក​៕ ដោយ៖ កញ្ញាដាលីស

រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក​ស្តីទី​លោក​ម៉ាក អ៊ី​ស្ព័​រ (​ស្តាំ​) ជួប​ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ​តួ​ក​គី​លោក​ហ៊ូ​លូ​ស៊ី អាកា នៅ​ទីក្រុង​ព្រុ​ច​សែ​ល​របស់​បែលហ្ស៊ិក​កាលពី​ថ្ងៃ​ពុធ