អាម៉េរិក​ព្រមាន​ថា​ប្រទេស​ណា ដែល “​ប៉ះ​” នាវា​ដឹក​ប្រេង​របស់​អ៊ីរ៉ង់​នឹង​ប្រឈម​ទណ្ឌកម្ម​របស់​អាម៉េរិក​

184
ចែករម្លែក

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាម៉េរិក​លោក ម៉ៃ ផ​ម​ផេ​វ និយាយថា ប្រទេស​ណា ដែល​ប៉ះ គាំទ្រ ឬ អនុញ្ញាតឱ្យ​នាវា​ដឹក​ប្រេង​អ៊ីរ៉ង់​ដឹក​ប្រេង​ឆៅ​ចូល​ចត អាច​ប្រឈម​ការដាក់ទណ្ឌកម្ម​ពី​សហរដ្ឋ​អាម៉េរិក​។​

​លោក​ប្រាប់​ក្រុមអ្នកកាសែត​កាលពី​ថ្ងៃ​អង្គារ​ទី​២០​សីហា​ថា ប្រសិនបើ​នាវា​ដឹក​ប្រេង​អ៊ីរ៉ង់ ដែល​ចាក​ចេញពី​ជី​ប្រា​ល់តា​កាលពី​ថ្ងៃអាទិត្យ ជាថ្មី​ម្តងទៀត​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ស៊ី​រី “​យើង​នឹង​ចាត់វិធានការ​ទាំងអស់ ដែល​យើង​អាចធ្វើ​បាន ស្រប​ជាមួយនឹង​ទណ្ឌកម្ម​ទាំងនោះ​ដើម្បី​រារាំង​រឿងនេះ​”​។​

​នាវា​ដឹក​ប្រេង​អ៊ីរ៉ង់ Grace 1 ត្រូវបាន​ឃុំខ្លួន​អស់​រយៈពេល​មួយខែ​ពីបទ​ប៉ុនប៉ង​រំលោភ​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​លើ​ប្រទេស​ស៊ី​រី​។ អាជ្ញាធរ​ជី​ប្រា​ល់តា​បាន​ច្រានចោល​ការប៉ុនប៉ង​រប​ស់​សហរដ្ឋ​អាម៉េរិក​ក្នុងការ​រឹបអូស​យក​នាវា​ដឹក​ប្រេង​នេះ​វិញ​។​

​លោក​ផ​ម​ផេ​វ​បាន​និយាយថា សហរដ្ឋ​អាម៉េរិក​មិន​ចង់ឱ្យ​ប្រេង​ឆៅ​ដឹកចេញទៅ​ប្រទេស​ស៊ី​រី​ទេ ពីព្រោះ​វា​នឹងត្រូវ​បានដាក់​លក់​និង​ប្រើប្រាស់​ដោយ​កងកម្លាំងរ​បស់​បដិវត្តន៍​អ៊ីរ៉ង់ ជា​អង្គការ​ចាត់តាំង​មួយ​ដែល​បានសម្លាប់​ជនជាតិ​អាម៉េរិក​និង​ប្រជាជន​រាប់ពាន់នាក់​នៅ​ទូទាំង​ពិភពលោក​។​

​លោក​បាន​និយាយថា លោក​ជឿថា ការយល់ឃើញ​បែបនេះ “​ត្រូវបាន​ចែករំលែក​ដោយ​ពិភពលោក​ទាំងមូល​”៕ ដោយ៖ កញ្ញាដាលីស

លោក​ម៉ៃ ផ​ម​ផេ​វ (​ឆ្វេង​) ព្រមាន​ដាក់ទណ្ឌកម្ម​ប្រទេស​ណា​ដែល​អនុញ្ញាតឱ្យ​នាវា​ដឹក​ប្រេង​អ៊ីរ៉ង់​ចូល​ចត អំឡុង​ទស្សនកិច្ច​នៅ​ទីស្នាក់ការ​អ​.​ស​.​ប​កាលពី​ថ្ងៃ​អង្គារ​ទី​២០​សីហា
#