អាម៉េរិក​មាន​គម្រោង​បើក​អម​នាវា​នៅ​ឈូង​សមុទ្រ​ពែ​ក្ស​បន្ទាប់ពី​អ៊ីរ៉ង់​គំរាម​នាវា​ដឹក​ប្រេង​របស់​អង់គ្លេស​

462
ចែករម្លែក

​មន្ទីរ​បញ្ច​កោណ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១១​កក្កដា​ថា​ខ្លួន​កំពុង​ពិភាក្សា​អំពី​ការ​អមដំណើរ​ដោយ​យោធា​សម្រាប់​នាវា​នៅ​ឈូង​សមុទ្រ​ពែ​ក្ស ពោលគឺ​មួយថ្ងៃ​គត់​បន្ទាប់ពី​ទូក​ប្រដាប់អាវុធ​របស់​អ៊ីរ៉ង់​បាន​គំរាម​នាវា​ដឹក​ប្រេង​របស់​អង់គ្លេស​។​

​បេក្ខជន​តែងតាំង​របស់​សេត​វិមាន​ដើម្បី​ក្លាយជា​ប្រធាន​នៃ​អគ្គសេនាធិការ​ចម្រុះ លោក​ឧ​ត្ត​ម​សេនីយ៍ ម៉ាក មី​ល​លី (Mark Milley) បាន​និយាយថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កំពុង​ព្យាយាម​បង្កើត​ក្រុមចម្រុះ​មួយ​ទាក់ទង​ទៅនឹង​ការផ្តល់ជូន​ការ​អមដំណើរ​ដោយ​យោធា​និង​ការ​អមដំណើរ​ដោយ​កងទ័ពជើងទឹក​ចំពោះ​ការដឹកជញ្ជូន​ទំនិញ​ពាណិជ្ជកម្ម​តាម​នាវា​។​

​លោក​មី​ល​លី​បាន​ប្រាប់​គណៈកម្មាធិការ​ទីភ្នាក់ងារ​ប្រដាប់អាវុធ​របស់​ព្រឹទ្ធសភា​ថា “​ខ្ញុំ​គិតថា នោះ​នឹងមាន​ការអភិវឌ្ឍ​នៅ​ប៉ុន្មាន​សប្តាហ៍​ទៀត​”​។​

​ភាព​តានតឹង​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស​បាន​កើនឡើង​ក្នុង​ប៉ុន្មាន​សប្តាហ៍​កន្លងទៅនេះ​ដោយ​សេដ្ឋកិច្ច​របស់​ប្រទេស​អ៊ីរ៉ង់​បាន​ធ្លាក់ចុះ​ឥតឈប់ឈរ​បន្ទាប់ពី​ការដាក់ទណ្ឌកម្ម​ឡើងវិញ​របស់​អាមេរិក ក្រោយពី​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ ដក​អាម៉េរិក​ចេញពី​កិច្ចព្រមព្រៀង​អន្តរជាតិ​ឆ្នាំ​២០១៥​ដើម្បី​ទប់ស្កាត់​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​។​

​ព្រឹត្តិការណ៍​កើតឡើង​យ៉ាង​រហ័ស​ជា​បន្តបន្ទាប់​ទៀត​បានធ្វើឱ្យ​ពាក់ព័ន្ធ​ស្មុគស្មាញ​ដល់​ចក្រភព​អង់គ្លេស​និង​សម្ព័ន្ធមិត្ត​អឺរ៉ុប​ដទៃទៀត​ដើម្បី​ជួយសង្គ្រោះ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ JCPOA ឆ្នាំ ២០១៥ ថ្វីបើ​សហរដ្ឋ​អាម៉េរិក​ដកខ្លួន​ចេញ​ក៏ដោយ​។​

​សេចក្តីថ្លែងការណ៍​រប​ស់លោក​មី​ល​លី​បាន​កើតឡើង​បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​ឡុង​ដ៍​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​តេ​ហេ​រ៉ង់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​បានដាក់​ពង្រាយ​នាវា​យោធា​ចំនួន​បី​ដើម្បី​រារាំង​ការឆ្លងកាត់​នៃ​នាវា​ដឹក​ប្រេង​របស់​ក្រុមហ៊ុន BP ប្រវែង ២៧៤ ម៉ែត្រ ឈ្មោះ British Heritage​។​

​អ្នកនាំពាក្យ​របស់​ការិយាល័យ​នាយករដ្ឋមន្ត្រី​អង់គ្លេស​បាន​និយាយថា “​យើង​ព្រួយបារម្ភ​ចំពោះ​សកម្មភាព​នេះហើយ​បន្ត​ជំរុញ​អាជ្ញាធរ​អ៊ីរ៉ង់​ឱ្យ​សម្រាល​ស្ថានភាព​នៅក្នុង​តំបន់​”​។​

​ការគំរាមកំហែង​រប​ស់​អ៊ីរ៉ង់​លើ​នាវា​ដឹក​ប្រេង​របស់ BP កាលពី​ថ្ងៃ​ពុធ​ហាក់ដូចជា​សងសឹក​ចំពោះ​ការ​រឹបអូស​នាវា​ដឹក​ប្រេង​របស់​អ៊ីរ៉ង់​ឈ្មោះ Grace 1 នៅឯ​ដែនដី​ហ្គី​ល​ប្រា​ល់តា​កាលពី​ថ្ងៃទី ៤ កក្កដា​។​

​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​បាន​បដិសេធ​ការចូលរួម​ពាក់ព័ន្ធ​នឹង​ឧបទ្ទវហេតុ​ជាមួយ​នាវា British Heritage ប៉ុន្តែ​បាន​និយាយថា​សហរដ្ឋ​អាម៉េរិក​និង​អង់គ្លេស “​សោកស្តាយ​យ៉ាងខ្លាំង​” ចំពោះ​ការចាប់​ឃាត់ទុក​របស់​អង់គ្លេស​លើ​នាវា​ដឹក​ប្រេង​អ៊ីរ៉ង់​នៅក្បែរ​ឆ្នេរ​របស់​ហ្គី​ល​ប្រា​ល់តា​សម្រាប់​ការរំលោភ​ទណ្ឌកម្ម​លើ​ប្រទេស​ស៊ី​រី ដែល​តាម​ការចោទប្រកាន់​គឺជា​អ្នក​ចាំ​ទទួល​ទំនិញ​របស់​នាវា​នេះ​។​

​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​រី​យ៉ា​ដ​មុននេះ​បាន​ស្តីបន្ទោស​អ៊ីរ៉ង់​ចំពោះ​ការប្រើប្រាស់​គ្រាប់មីន​សមុទ្រ​ដើម្បី​បំផ្ទុះ​នាវា​ដឹក​ប្រេង​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស​កាលពី​ខែឧសភា​និង​មិថុនា ហើយ​លោក​ត្រាំ​ប៊ិះ​តែ​នឹង​បញ្ជា​ឱ្យធ្វើ​ការវាយប្រហារ​ទៅលើ​អ៊ីរ៉ង់​ដើម្បី​សងសឹក​៕ ដោយ៖ កញ្ញាដាលីស

នាវាចម្បាំង​អង់គ្លេស HMS Montrose ការពារ​នាវា​ដឹក​ប្រេង​អង់គ្លេស British Heritage ពី​ការ​គំរាម​របស់​ទាហាន​អ៊ីរ៉ង់​កាលពី​ថ្ងៃ​ពុធ