អាម៉េរិក​មាន​អាវុធ​ទំនើប​ជាង​អ៊ីរ៉ង់​ឆ្ងាយ​ណាស់ ប៉ុន្តែ​អាម៉េរិក​ប្រឈម​នឹង​ការពិត​ដ៏​ឈឺចាប់​ក្នុងពេល​ផ្ទុះ​សង្គ្រាម​

457
ចែករម្លែក

​ភាព​តានតឹង​ដែល​ទុកឱ្យ​អាម៉េរិក​ប៊ិះ​នឹង​ផ្ទុះ​ជម្លោះ​ដោយ​បើកចំហ​ជាមួយ​អ៊ីរ៉ង់​នៅ​សប្តាហ៍​នេះ បាន​គូសបញ្ជាក់​ពី​ការពិត​ដ៏​អាក្រក់​មួយ ដែល​មន្ទីរ​បញ្ច​កោណ​បាន​ព្យាយាម​ដោះស្រាយ​អស់​ជាច្រើន​ឆ្នាំ​មកហើយ នោះ​គឺ ខណៈដែល​យោធា​អាម៉េរិក​មាន​អាវុធ​ល្អ​ជាង​អ៊ីរ៉ង់ រដ្ឋាភិបាល​ក្រុង​តេ​ហេ​រ៉ង់​នៅតែ​អាចធ្វើ​សង្គ្រាម ដែល​ផ្តល់​ការឈឺចាប់​ក្នុង​កម្រិត​មួយ​ដល់​អាម៉េរិក​បាន​ដដែល​។​

នាវា​ពិឃាត USS Bainbridge ឆ្លងកាត់​ព្រែកជីក​ស៊ុយ​អេ​របស់​អេ​ហ្ស៊ី​ប​កាលពី​ខែឧសភា

​យោធា​អ៊ីរ៉ង់​មាន​កងទ័ព​ជាង ៧០០.០០០ នាក់ រួមទាំង​កងទ័ព​សាមញ្ញ​ប្រហែល ៣៥០.០០០ នាក់​។ នេះ​បើ​យោងតាម​របាយការណ៍​ស្រាវជ្រាវ​របស់​សភា (CRS) ដែល​ចុះផ្សាយ​កាលពី​ខែ​មុន​។ របាយការណ៍​របស់ CRS បាន​និយាយថា ខ្លួន​មិន​រាប់បញ្ចូល​កង​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម (IRGC) ដែលជា​កម្លាំង​ជំនាញ​មួយ​ដែលមាន​កងទ័ព ១២៥.០០០ នាក់​ផ្សេងទៀត​នៅក្នុង​កងកម្លាំង​របស់​ខ្លួន និង ទាហានជើងទឹក ២០.០០០ នាក់​។​

​វា​គឺ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម IRGC ដែល​បាន​បង្កើត​ភាព​ប្រេះឆា​រវាង​សហរដ្ឋ​អាម៉េរិក​និង​អ៊ីរ៉ង់​។ កងកម្លាំង IRGC ដែល​បាន​ចាត់តាំង​អង្គការ​ភេរវកម្ម​បរទេស​ដោយ​រដ្ឋអំណាច​កាលពី​ខែមេសា​នោះ បាន​ល្បាត​ច្រក​សមុទ្រ​ហ័​រ​មូស​យុទ្ធសាស្ត្រ​ដ៏​សំខាន់ គ្រប់គ្រង​លើ​កម្មវិធី​មី​ស៊ី​ល​ឆ្លង​ទ្វីប​របស់​អ៊ីរ៉ង់ និង​ប្រកាស​ទទួលខុសត្រូវ​ចំពោះ​ការបាញ់​មី​ស៊ី​ល​ទម្លាក់​ដ្រូ​ន​ឈ្លបយកការណ៍ RQ-4 របស់​អាមេរិក​នៅ​ឈូង​សមុទ្រ​អូ​ម៉​ង់​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ដោយ​ជំ​រុញឱ្យ​រដ្ឋបាល​ត្រាំ​រៀបចំ​ផែនការ​វាយប្រហារ​សង​សឹក​វិញ មុនពេល​លោក​ប្រធានាធិបតី​បញ្ជា​ឱ្យ​បញ្ឈប់​ផែនការ​នោះ​វិញ​នៅ​ចុង​ម៉ោង​។​

​យោងតាម​របាយការណ៍​ឆ្នាំ ២០១៨ ដោយ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ​និង​អន្ដរជាតិ​ឱ្យដឹងថា ការពិនិត្យ​ឡើងវិញ​នៃ​អាវុធ​របស់​អ៊ីរ៉ង់​បាន​បង្ហាញថា​ភាគច្រើន​នៃ​អាវុធ​ទាំងនោះ គឺ “​ហួស​សម័យ​ឬ​មានគុណ​ភាព​ទាប​”​។ ប៉ុន្តែ​របាយការណ៍​នេះ​បាន​បន្ថែមទៀតថា មី​ស៊ី​ល​ឆ្លង​ទ្វីប​និង​មី​ស៊ី​ល​បញ្ជា​ទិស ខែល​ការពារ​ដែនអាកាស និង ការប្រើប្រាស់​កម្លាំងប្រដាប់អាវុធ​នៅក្រៅ​ប្រទេស “​ភាគច្រើន​ត្រូវបាន​ព្រងើយកន្តើយ​”​។​

​មន្ត្រី​ការពារជាតិ​ជាន់ខ្ពស់​អាម៉េរិក​មួយរូប​ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​អនាមិក​ដោយសារ​ភាពរ​សើ​ប​នៃ​បញ្ហា បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​២១​មិថុនា​ថា នាវាចម្បាំង ដែល​អមដំណើរ​នាវា​ផ្ទុក​យន្តហោះ USS Abraham Lincoln បាន​ត្រៀមលក្ខណៈ​ដើម្បី​វាយប្រហារ ប្រសិនបើ​ទទួលបញ្ជា​។ មន្ត្រី​នោះបាន​និយាយថា ពួកវា​រួមបញ្ចូល​ទាំង​នាវា​ពិឃាត USS Bainbridge និង​នាវា USS Leyte Gulf ដែល​ទាំងពីរ​នេះ​អាច​ផ្ទុក​មី​ស៊ី​ល Tomahawk បាន​ដូចគ្នា​។​

​ក្រុមមន្ត្រី​យោធា​អាម៉េរិក​កាលពី​ថ្ងៃ​សុក្រ​បាន​បដិសេធ​មិន​និយាយថា​តើ​នាវា Lincoln និង​នាវា​អម​រប​ស់វា កំពុង​ប្រុង​ជើងការ​ដើម្បី​អនុវត្ត​ប្រតិបត្តិការ ឬ ថា​តើ​ការវាយប្រហារ​ប៊ិះ​តែ​នឹង​កើតឡើង​ឬ​យ៉ាងណា​នោះទេ​។​

​អ្នកនាំពាក្យ​យោធា​លោក​វរសេនីយ៍ឯក អៀ​ល ប្រោ​ន បាន​និយាយថា “​ទីបញ្ជាការ​កណ្តាល​អាម៉េរិក​រក្សា​នូវ​សមត្ថភាព​យោធា​ដ៏​រឹងមាំ​នៅក្នុង​តំបន់​ដែល​ត្រៀមខ្លួន​ឆ្លើយតប​គ្រប់​វិបត្តិ​ទាំងអស់​។ សហរដ្ឋ​អាម៉េរិក​មិន​ស្វែងរក​ការប៉ះទង្គិច​ជាមួយ​អ៊ីរ៉ង់​នោះទេ ប៉ុន្តែ​យើង​ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​ការពារ​កងកម្លាំង​និង​ផលប្រយោជន៍​របស់​អាម៉េរិក​នៅក្នុង​តំបន់​”​។​

​ក្នុងចំណោម​អាវុធ​ដែល​អ៊ីរ៉ង់​មាន​គឺ​ប្រព័ន្ធ​មី​ស៊ី​ល​ប្រឆាំង​យន្តហោះ ដូចជា S-300 ដែល​អាច​តម្រង់​គោលដៅ​លើ​មេឃ​នៅ​កម្ពស់ ២៤ គីឡូម៉ែត្រ​។ រដ្ឋាភិបាល​ក្រុង​តេ​ហេ​រ៉ង់​ក៏មាន​កង​យន្តហោះ​ជាង ៣០០ គ្រឿង​ផងដែរ ប៉ុន្តែ​គ្មាន​យន្តហោះ​ណាមួយ​ទំនើប​ស្មើនឹង​យន្តហោះ​របស់​អាម៉េរិក​នោះឡើយ​។ យន្តហោះ​ទាំងនោះ​រួមមាន​យន្ដហោះ​ចម្បាំង MiG-29 ផលិត​នៅ​រុស្ស៊ី​និង​យន្តហោះ​ទម្លាក់​គ្រាប់បែក Su-24 និង​យន្តហោះ​កេរតំណែល​អាម៉េរិក ដែល​មន្ទីរ​បញ្ច​កោណ​បានដាក់​ចូលនិវត្តន៍​រួចទៅហើយ ដូចជា យន្តហោះ F-4 ជាដើម​។ យោងតាម CRS បានឱ្យដឹងថា អ៊ីរ៉ង់​បាន​ទិញ​យន្តហោះ​ទាំងនោះ​ពី​សហរដ្ឋ​អាម៉េរិក មុនពេល​បដិវត្តន៍​ឆ្នាំ ១៩៧៩​។​

​នៅ​សមុទ្រ កងទ័ពជើងទឹក​អ៊ីរ៉ង់​ត្រូវគេ​ជឿថា​មាន​នាវា​ជាង ១០០ គ្រឿង ដែល​ពាក់កណ្តាល​ក្នុងចំណោម​នោះ​គឺជា​នាវា​តូចៗ​ល្បឿន​លឿន ដែល​មិនអាច​ទប់ទល់​នឹង​នាវា​ពិឃាត​របស់​អាម៉េរិក​បាន​ទេ ប៉ុន្តែ​អាច​ផ្អាក​ចរាចរណ៍​តាម​ដែនសមុទ្រ​បាន​ដោយ​ការ​បង្កប់​គ្រាប់មីន និង រំខាន​ដល់​នាវា​ពាណិជ្ជកម្ម​។​

​វា​គឺ​សកម្មភាព​របស់​កងក​ម្លាំ​ង​ប្រដាប់អាវុធ IRGC និង កងកម្លាំង​ក្រៅ​ស្រុក​របស់​អ៊ីរ៉ង់ ដែល​បង្ក​ការព្រួយបារម្ភ​ដល់​មន្ត្រី​អាម៉េរិក​។ រដ្ឋាភិបាល​អាម៉េរិក​បាន​សន្ម​ត់​ការវាយប្រហារ​ជាច្រើន​ទៅលើ​ពួកគេ​នៅ​ទូទាំង​ពិភពលោក​ក្នុង​រយៈពេល ២០ ឆ្នាំ​កន្លងមកនេះ ហើយ​មន្ទីរ​បញ្ច​កោណ​បាន​និយាយ​នៅ​ឆ្នាំនេះ​ថា​ខ្លួន​ជឿថា​កងកម្លាំង​ក្រៅ​ស្រុក​របស់​អ៊ីរ៉ង់​ទទួលខុសត្រូវ​ចំពោះ​ការស្លាប់​យ៉ាងហោចណាស់​ទាហាន​អាម៉េរិក ៦០៨ នាក់​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​ក្នុងអំឡុង​សង្គ្រាម​៨​ឆ្នាំ ដែល​បង្កដោយ​ការ​លុកលុយ​របស់​អាម៉េរិក​ក្នុង​អ៊ីរ៉ាក់​នៅ​ឆ្នាំ ២០០៣​។​

​នៅ​ដើម​សប្តាហ៍​នេះ​មន្ទីរ​បញ្ច​កោណ​បាន​និយាយថា​ខ្លួន​ដាក់ពង្រាយ​កងទ័ព​ចំនួន ១.០០០ នាក់​បន្ថែមទៀត​ទៅកាន់​មជ្ឈិមបូព៌ា​ដើម្បី​រារាំង​អ៊ីរ៉ង់​។ នៅ​ពីរ​បី​ថ្ងៃ​ក្រោយមក មន្ទីរ​បញ្ច​កោណ​បាន​បញ្ជាក់ថា​កងកម្លាំង​ទាំងនោះ​រួមមាន​កងវរសេនាតូច​មី​ស៊ី​ល Patriot ដែល​ត្រូវបាន​ប្រើ​សម្រាប់​ការពារ​ដែនអាកាស ដ្រូ​ន​ស៊ើបការណ៍ យន្តហោះ​ចម្បាំង និង យន្តហោះ​ជំនួយ ព្រមទាំង​សមត្ថភាព​ទប់ស្កាត់​ផ្សេងទៀត​ជាច្រើន​៕ ដោយ៖ កញ្ញាដាលីស

​ប្រភព​៖ Washington Post