អាម៉េរិក​មិនមាន​សិទ្ធិ​កកូរកកាយ​ទំនាក់ទំនង​ចិន​-​វៀតណាម​

525
ចែករម្លែក

​ពួក​អ្នកការទូត​អាម៉េរិក​កំពុង​ព្យាយាម​កកូរកកាយ​បង្ក​បញ្ហា​នៅក្នុង​ទំនាក់ទំនង​ចិន​-​វៀតណាម តាមរយៈ​ចេញ​សេចក្តីថ្លែងការណ៍​បំពាន​នានា​ទាក់ទង​នឹង​សំណើ​របស់​រដ្ឋា​ភិ​​បាល​ក្រុង​ហាណូយ​ដែល​សុំអោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បញ្ឈប់​ការសិក្សា​ស្រាវជ្រាវ​ដី​បាតសមុទ្រ​នៅក្នុង​ផ្នែក​នៃ​ខ្សែបន្ទាត់​៩​ត្រេ​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​ចិន​កំណត់​ថា​ស្ថិត​​ក្នុង​ដែន​អធិបតេយ្យភាព​របស់​ខ្លួន​។​នាវា​ស្រាវជ្រាវ​មួយ​បាន​ចូល​ក្នុង​តំបន់​នេះ​ក្នុង​ខែកក្កដា ឆ្នាំ​២០១៩​នេះ ដោយ​មាន​ការ​អមដំណើរ​ពី​នាវា​ឆ្មាំ​សមុទ្រ​ចិន​ជាច្រើន​គ្រឿង​ផង​​តែ​វៀតណាម មិន​ទទួលស្គាល់​ដែនទឹក​នេះ​ថា​ស្ថិត​ក្នុង​យុត្តាធិការ​អធិបតេយ្យ​របស់​ចិន​ទេ និង​បែរជា​អះអាង​ថា​វា​ជា​បស់​ខ្លួន​ដោយសារ​ហេតុផល​ជាតិនិយម​។​

​នេះ​មិនមែន​ជា​លើកដំបូង​ទេ​ដែល​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​មួយ​នេះ ប្រឆាំងនឹង​សកម្មភាព​របស់​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង តែ​បញ្ហា​មុនៗ​ត្រូវបាន​ដោះស្រាយ​ដោយ​ទ្វេភាគី​​រវាង​ប្រទេស​ទាំង​ពីរ​។​ពេលនេះ ស្រាប់តែ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាម៉េរិក លោក​ច​ន បុល​ថុន ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​បុគ្គលនិយម​សង្គ្រាម​បំផុត​ម្នាក់​ក្នុងចំណោម​ទីប្រឹក្សា​របស់​​ប្រធានាធិបតី ត្រាំ បាន​សរសេរ​បង្ហោះ​ថា «​ចរិត​បែប​គំរាម​ចាប់បង្ខំ​របស់​ចិន​ចំពោះ​ប្រទេស​ជិតខាង​នៅ​អាស៊ីអាគ្នេយ៍​របស់​ខ្លួន​វា​អ​ស្ថាបនា​និង​គំរាម​សន្តិភាព​និង​ស្ថិរភាព​​តំបន់​»​ទៅវិញ​។​

ចិនបញ្ជូននាវាស្រាវជ្រាវ អមដោយនាវាឆ្មាំសមុទ្រទៅជិតប្រជុំកោះស្រ្ព៉ាតលី ជាហេតុនាំអោយវៀតណាមទាមទារអោយដកនាវានេះចេញនិងអមដោយប្រតិកម្មរបស់អាម៉េរិក

​សម្តី​នេះ​ត្រូវបាន​បង្ហើរ​ឡើង​បន្ទាប់​ពី​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាម៉េរិក​លោកស្រី ម័រ​ហ្គឹ​ន អ័​រតា​ហ្គូស បាន​និយាយថា​«​អំពើ​បង្ករឿង​ម្តង​ជា​ពីរ​ដង​របស់​ចិន​មាន​គោលដៅ​លើ​​ការអភិវឌ្ឍន៍​ប្រេង​និង​ហ្គាស​ក្នុង​សមុទ្រ​របស់​បណ្តា​ប្រទេស​អះអាង​កម្មសិទ្ធិ​ផ្សេងៗ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​គំរាម​សន្តិសុខ​ថាមពល​និង​បំផ្លាញ​ទីផ្សារ​ថាមពល​ឥណ្ឌូ​-​ប៉ា​ស៊ី​​ហ្វិក​សេរី​និង​បើកចំហ​…​ចិន​គួរ​បញ្ឈប់​ចរិត​សម្លុត​គំរាម​របស់ខ្លួន និង​ដក​ខ្លួន​ចេញ​ពី​សកម្មភាព​បង្ក​រឿង​និង​ធ្វើអោយ​បាត់​ស្ថិរភាព​»​។​

​សរុប​ចូលគ្នា​មក សម្តី​របស់​មន្ត្រី​អាម៉េរិក​ទាំង​ពីរ​រូប​នេះ​ហាក់​អារិភាព​ណាស់​និង​តំណាង​អោយ​ការប៉ុនប៉ង​មួយ​របស់​អាម៉េរិក​ដើម្បី​ជ្រៀតជ្រែក​ចូល​ក្នុង​តំបន់​។​តាមពិត វា​មិន​គួរ​​មាន​សម្តី​បែបនេះ​ទេ តែ​ចាប់​តាំងពី​ក្រសួង​ការពារជាតិ​អាម៉េរិក​បញ្ចេញ​«​របាយការណ៍​យុទ្ធសាស្ត្រ​ឥ​ណ្ឌូ​-​ប៉ាស៊ីហ្វិក​»​មក អាម៉េរិក​ហាក់​ធ្វើ​អ្វីៗ​ដើម្បី​តែ​«​ទប់​ចិន​»​តាមរយៈ​បង្កើត​​ក្រុម​ចម្រុះ​នៃ​ប្រទេស​ដែល​មានគំនិត​ដូច​គ្នា​មួយ​លើ​ដែន​ឆ្លងកាត់​មហាសមុទ្រ​។​

​វៀតណាម ត្រូវ​បាន​និយាយ​នៅក្នុង​ឯកសារ​នេះ​ថា ទោះ​ជា​មិន​សំខាន់​ណាស់ណា តែ​វា​ច្បាស់​ណាស់​ថា អាម៉េរិក​មានបំណង​ប្រើប្រាស់​សភាពការណ៍​វិវត្តន៍​ចុងក្រោយ​នេះ​ដើម្បី​ទាក់​​ទាញ​អតីត​គូសត្រូវ​មួយ​នេះ​អោយ​ចូល​ក្នុង​ក្រុម​របស់​ខ្លួន​។​ទោះជា​យ៉ាងណា រដ្ឋាភិបាល​ក្រុង​ហាណូយ​តាំងពី​មុន​មក​បាន​ជៀស​វាង​ការចូលរួម​ក្នុង​ក្រុមចំរុះ​ប្រចាំ​តំបន់​ណាមួយ ដោយ​ទុក​អោយ​អតីត​សត្រូវ​របស់ខ្លួន​ដឹកនាំ​ក្រុម​មួយ​តែ​ឯង​។​

​ទំនាក់ទំនង​អាម៉េរិក​-​វៀតណាម ត្រូវបាន​ធ្វើ​អោយ​ល្អ​ប្រសើរ​ឡើង​គួរអោយកត់សំគាល់​ចាប់តាំងពី​សង្គ្រាមត្រជាក់​និង​មុនៗ​នេះ​អាម៉េរិក​បានផ្តល់​កាដូ​ជា​ទូក​ល្បាត​ទៅ​អោយ​ដៃគូ​​ថ្មី​របស់​ខ្លួន​។​ជាគោលការណ៍ ការ​ត្រូវ​គ្នា​ដ៏​ឆាប់​នេះ​ត្រូវបាន​ស្វាគមន៍ ដរាបណា​វា​មិន​ដើម្បី​ប្រឆាំង​នឹង​ភាគី​ទី​៣​ណាមួយ ដូចជា​ចិន​និង​ជៀសវាង​ការចូលរួម​ក្នុង​យុទ្ធសាស្ត្រ​ឥណ្ឌូ​-​ប៉ា​​ស៊ី​ហ្វិក​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​។​

​តែ​ពួក​មន្ត្រី​អាម៉េរិក​កំពុង​អោយ​សញ្ញា​គាំទ្រ​ជំហរ​របស់​វៀតណាម​នៅក្នុង​ជម្លោះ​ចុងក្រោយ​នេះ​ក្នុង​កិច្ច​ខិតខំ​មួយ​ដើម្បី​បង្កើន​ផ្នែក​យុទ្ធសាស្ត្រ​យោធា​នៃ​ភាព​ជា​ដៃគូ​រីកចំរើន​ដ៏​​ឆាប់​របស់​របស់គេ ដែល​តំណាងអោយ​អន្តរាគមន៍​ការទូត​មួយ​នៅក្នុង​តំបន់ ជំរុញ​ដោយ​ចេតនា​អរិភាព​។​វា​ក៏​នឹង​ធ្វើអោយ​ស្មុគស្មាញ​សភាពការណ៍​ដោយសារ​តែ​លើក​ទឹកចិត្ត​អោយ​​រដ្ឋាភិបាល​ក្រុង​ហាណូយ​រក្សា​ជំហរ​មិន​ផ្លាស់ប្តូរ​របស់ខ្លួន​នៅក្នុង​ការដោះស្រាយ​បញ្ហា​នេះ​។​

​អាម៉េរិក​បាន​ព្យាយាម​ធ្វើ​ដូច​គ្នា​ចំពោះ​ជម្លោះ​របស់​ហ្វីលីពីន​ជាមួយ​ចិន​នៅ​ឆ្នាំនេះ ដោយ​លើក​ហេតុផល​ថា​ខ្លួន​ធ្វើ​តាម​គោលនយោបាយ​តំបន់​ថ្មី​មួយ តែ​ក្នុង​បំណង​ពន្យុះ​អោយ​​បណ្តារ​ដ្ឋ​នៅ​អាស៊ី​អាគ្នេយ៍​រួមគ្នា​ប្រឆាំង​ចិន ។​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ចង់អោយ​រដ្ឋាភិបាល​ក្រុង​ហាណូយ​និង​ម៉ានីល នាំមុខ​គេ​ក្នុងការ​ប្រែក្លាយ​អាស៊ាន​ទៅ​ជា​វេទិកា​មួយ​សំរាប់​​ដោះស្រាយ​ជម្លោះ​ពហុភាគី​ជុំវិញ​សមុទ្រ​ចិន​ខាងត្បូង ជា​ជាង​ប្រទេស​មួយ​ដោះស្រាយ​បញ្ហា​របស់​គេ​ជាមួយ​ចិន​ក្នុង​លក្ខណៈ​ទ្វេភាគី​ដែល​មាន​ប្រសិទ្ធភាព​ជាង​។​

​មធ្យោបាយ​របស់​អាម៉េរិក​នេះ ច្បាស់​ណាស់​ជា​ផ្នែក​នៃ​ស្មារតី​ទូទៅ​នៃ​«​របាយការណ៍​យុទ្ធសាស្ត្រ​ឥ​ណ្ឌូ​-​ប៉ាស៊ីហ្វិក​» តែ​វា​មុខតែ​នឹង​បរាជ័យ នៅ​ពេល​ទាំង​ហ្វីលីពីន​និង​វៀតណាម​ដឹងថា​ ពួកគេ​ត្រូវបាន​ប្រទេស​មួយ​ប្រើ​ដើម្បី​បំផ្លាញ​ទំនាក់ទំនង​ជាមួយ​ប្រទេស​ជិតខាង​ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​កំពូល​របស់​គេ​ផង​ដែរ​។​

​ជំនួស​អោយ​ការ​ធ្លាក់​ក្នុង​តាក់​ទិក​បំបែក​ហើយ​គ្រប់គ្រង​របស់​អាម៉េរិក តំបន់​ទាំងមូល​គួរ​ឱបក្រសោប​ទស្សនៈ​ឈ្នះ​ឈ្នះ​របស់ គឺ​«​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ​»​របស់​ចិន​។​​ការ​បំភ្លៃ​ព័ត៌មាន អន្តរាគមន៍​ការទូត និង​ការគាំទ្រ​ផ្នែក​យោធា មិន​មាន​កន្លែង​ត្រូវបាន​ការស្វាគមន៍​ទៀត​ទេ​នៅក្នុង​សតវត្សរ៍​ទី​២១​នេះ​នៅ​អាស៊ី ។​មិន​ថា​អាម៉េរិក​ព្យាយាម​អូស​​ទាញ​អោយ​វៀតណាម​និង​ហ្វីលីពីន​គិត​យ៉ាងណា​ក៏ដោយ​ចុះ ប្រទេស​ទាំងអស់​នឹង​ទទួល​ផល​ពី​កិច្ចសហការ​សេដ្ឋកិច្ច​រួមគ្នា ការអភិវឌ្ឍន៍​ដោយ​ចីរភាព​និង​ការទាក់ទង​រវាង​មនុស្ស​​នឹង​មនុស្ស​ដោយ​វិជ្ជមាន​។​រាល់​ជម្លោះ​រវាង​មិត្ត​តែងតែ​ង​អាច​ដោះស្រាយបាន​ដោយ​មេត្រីភាព តែ​ការ​លូក​ដៃ​ដោយ​ភាគី​ទី​៣​ទាំង​គ្មាន​ការអញ្ជើញ​បូក​រួម​ទាំង​ចេតនា​អាក្រក់​មក​​ជាមួយ អាច​ធ្វើអោយ​ការដោះស្រាយ​ជួប​ការលំបាក​៕​ប្រែ​សម្រួល​ពី​CGTN​ដោយ​៖​វាសនា​