អាម៉េរិក​វាយប្រហារ​ចិន​ឥត​បន្ធូរដៃ ដោយ​ដាក់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​៥​ទៀត​ទៅ​ក្នុង​បញ្ជីខ្មៅ​

612
ចែករម្លែក

​សហរដ្ឋ​អាម៉េរិក​ដាក់​អង្គការ​ចិន​ចំនួន​៥​ដែល​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​កុំព្យូទ័រ​កំរិត​ខ្ពស់​ជាមួយនឹង​កិច្ចការ​យោធា ទៅក្នុង​បញ្ជីខ្មៅ​របស់ខ្លួន ដោយ​សំអាង​លើ​សន្តិសុខ​ជាតិ ​សំរាប់​ជា​ហេតុផល​បដិសេធ​មិន​អោយ​អង្គការ​ទាំងនេះ​ទទួលបាន​បច្ចេកវិទ្យា​សំខាន់ៗ​របស់​អាម៉េរិក​។​

​ចំណាត់ការ​កាលពី​ថ្ងៃ​សុក្រ​ទី​២១​មិថុនា​ដោយ​ក្រសួង​ពាណិជ្ជកម្ម​អាម៉េរិក​អាច​ធ្វើអោយ​ស្មុគស្មាញ​កិច្ចពិភាក្សា​នា​សប្តាហ៍​ខាង​មុខ​រវាង​ប្រធានាធិបតី អាម៉េរិក ដូ​ណា​ល់ ត្រាំ និង​​សម​ភាគី​ចិន​លោក​ស៊ី ជីន​ពីង ក្នុង​បំណង​បន្ថយ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច​ធំ​បំផុត​ទាំងពីរ​។​

​អង្គការ​ជាប់​ក្នុង​បញ្ជីខ្មៅ​ទាំង​៥ រួម​មាន​ក្រុមហ៊ុន​ផលិត​កុំព្យូទ័រ​ប្រតិបត្តិការ​កំរិត​ខ្ពស់​(supercomputer )Sugon​ដែល​ពឹង​លើ​ផ្នែក​ផ្សំ​ជាខ្លាំង​ពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​អាម៉េរិក រួមមាន​​ក្រុម​ផលិត​ឈីប Intel, Nvidia និង​Advanced Micro Devices​។​

​អង្គារ​៤​ទៀត​គឺ វិទ្យាស្ថាន​បច្ចេកវិទ្យា​កុំព្យូទ័រ​Wuxi Jiangnan​និង​សាខា​បី​របស់​Sugon​។​ក្រសួង​ពាណិជ្ជកម្ម​បាន​ហៅ​សកម្មភាព​របស់​អង្គការ​ខាងលើ​ថា​«​ផ្ទុយ​នឹង​ផលប្រយោ​​ជន៍​សន្តិសុខ​ជាតិ​និង​គោលនយោបាយ​ការបរទេស​អាម៉េរិក​»​។​

Sugon និង​វិទ្យាស្ថាន Wuxi Jiangnan ដែល​អាម៉េរិក​បាន​និយាយថា​ជា​របស់​វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវ​កងទ័ព​ចិន មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការជំរុញ​របស់​ចិន​ដើម្បី​អភិវឌ្ឍ​កុំ​ព្យូ​​ទ័រ​ប្រតិបត្តិការ​ខ្ពស់​exascale​ជំនាន់​បន្ទាប់ ដើម្បី​ជួយ​ធ្វើ​ទំនើបកម្ម​យោធា​។​បច្ចេកវិទ្យា​នេះ​គាំទ្រ​ការងារ​យោធា មាន​តាំងពី​នុយគ្លេអ៊ែ​រ កាំជ្រួច​និង​បច្ចេកវិទ្យា​លឿន​ជាង​សម្លេង​,​នេះ​បើ​តាម​លោក ផល ទ្រី​អូ​ឡូ អ្នកវិភាគ​បច្ចេកវិទ្យា​នៅ​អង្គការ Eurasia Group​។​

​សូម​រំលឹក​ថា កាលពី​ខែ​ឧសភា​កន្លង​ទៅ ក្រសួង​ពាណិជ្ជកម្ម​អាម៉េរិក​ក៏​បាន​ដាក់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​Huawei​ទៅក្នុង​បញ្ជីខ្មៅ​របស់ខ្លួន​ផងដែរ ដែល​វា​រឹតតែ​បង្កើន​ភាព​​តានតឹង​រវាង​ប្រទេស​ទាំង​ពីរ​នៅ​ពេល​សង្គ្រាម​វាយ​ពន្ធ​សងសឹក​កំពុង​ចូល​ជា​ធរមាន​ស្រាប់​។​

​ការដាក់​បញ្ចូល​ក្នុង​បញ្ជី​ខ្មៅ មានន័យថា​បណ្តា​ក្រុមហ៊ុន​ឬ​អង្គភាព​អាម៉េរិក​ត្រូវ​ហាមប្រាម​លក់​បច្ចេកវិទ្យា​ទៅអោយ​បណ្តា​អង្គការ​ឬ​ក្រុមហ៊ុន​ចិន​ដែល​រង​ទណ្ឌកម្ម (​បញ្ចូល​ក្នុង​​បញ្ជី​)​ដោយ​គ្មាន​ការអនុញ្ញាត​ពី​រដ្ឋាភិបាល​អាម៉េរិក​។​

​នេះ​មិនមែន​ជា​លើកដំបូង​ទេ ដែល​អាម៉េរិក​ដាក់​អង្គការ​ចិន​ពាក់ព័ន្ធ​នឹង​កុំព្យូទ័រ​ប្រតិបត្តិការ​ខ្ពស់​ទៅ​ក្នុង​បញ្ជី​Entity List ។​កាលពី​ឆ្នាំ​២០១៥ សកល​វិទ្យាល័យ​បច្ចេកវិទ្យា​យោធា​​ចិន​ក៏​ត្រូវ​អាម៉េរិ​ដាក់ចូល​ក្នុង​បញ្ជី​នេះ​ដែរ​។​

​សូមបញ្ជាក់​ថា អាម៉េរិក បាន​វាយ​ពន្ធ​២៥​ភាគរយ​លើ​ទំនិញ​ចិន​តំលៃ​២៥០​ពាន់​លាន​ដុល្លារ​និង​កំពុង​ត្រៀម​យក​ពន្ធ​លើ​ទំនិញ​ចិន​តំលៃ​ជាង​៣០០​ពាន់​លាន​ទៀត ដោយ​ពង្រីក​ពន្ធ​​នាំ​ចូល​ទៅ​គ្រប់​មុខ​ទំនិញ​នាំចូល​ពី​ចិន​។​ចិន​បាន​វាយ​ពន្ធ​សងសឹក​វិញ​តែ​ក្នុង​បរិមាណ​ទំនិញ​តិចជាង​៕​ដោយ​៖​វាសនា​