អាម៉េរិក​វាយ​ពន្ធ​ពិន័យ​លើ​ទំនិញ​សហភាព​អឺរ៉ុប ដោយ​ផ្តោតលើ​យន្តហោះ Airbus ស្រា​បារាំង និង​ស្រា​វី​ស្គី​ស្កុ​តឡែ​ន​

211
ចែករម្លែក

​សហរដ្ឋ​អាម៉េរិក​បាន​វាយ​ពន្ធ​លើ​ទំនិញ​សហភាព​អឺរ៉ុប​តម្លៃ ៧,៥ ពាន់​លាន​ដុល្លារ​នៅ​ថ្ងៃ​សុក្រ​ទី​១៨​តុលា​នេះ ទោះបីជា​មានការ​គំរាម​សងសឹក​វិញ​ក៏ដោយ ជាមួយ​ក្រុមហ៊ុន Airbus ស្រា​បារាំង និង ស្រា​វី​ស្គី​ស្កុ​តឡែ​ន​គឺ​ស្ថិត​ក្នុងចំណោម​គោលដៅ​លេចធ្លោ​ជាងគេ​។​

​ពន្ធ​ដែល​បាន​ចូល​ជា​ធរមាន​បន្ទាប់ពី​ពាក់កណ្តាល​អធ្រាត្រ​នៅ​ទីក្រុង​វ៉ាស៊ីនតោន បានកើត​ឡើង បន្ទាប់ពី​កិច្ចចរចា​រវាង​មន្ត្រី​អឺរ៉ុប​និង​តំណាង​ពាណិជ្ជកម្ម​អាម៉េរិក​មិនបាន​ទទួលជោគជ័យ​ក្នុងការ​ប្រជុំ​វិនាទី​ចុងក្រោយ​របស់ខ្លួន​។​

​ការ​វាយ​ពន្ធ​របស់លោក​ត្រាំ​ដែល​ទទួលបាន​ការគាំទ្រ​ពី​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ក៏បាន​កើតឡើង​ផងដែរ​ស្រប​ពេលដែល​ទីក្រុង​វ៉ាស៊ីនតោន​កំពុង​រវល់​ធ្វើសង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន ហើយ​អាច​នឹង​បង្ក​ហានិភ័យ​ដល់​ស្ថិរភាព​សេដ្ឋកិច្ចពិភពលោក​បន្ថែ​ម​ទៀត​។​

​យន្តហោះ​ស៊ីវិល​មកពី​អង់គ្លេស​បារាំង​អាល្លឺម៉ង់​និង​អេ​ស្ប៉ា​ញ​ដែលជា​ប្រទេស​បង្កើត​ក្រុមហ៊ុន Airbus ឥឡូវនេះ​នឹងត្រូវ​ចំណាយ​ថែម ១០ ភាគរយ​ទៀត​នៅពេល​នាំ​ចូលទៅ​សហរដ្ឋ​អាម៉េរិក​។​

​ប៉ុន្តែ​ពន្ធគយ​នេះ​ក៏​ផ្តោតទៅលើ​ផលិតផល​ប្រើប្រាស់​ផងដែរ ដូចជា ស្រា​បារាំង ដែល​លោក​ត្រាំ​ប្តេជ្ញា​វាយប្រហារ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​។ ឥឡូវនេះ​ស្រា​ពី​បារាំង​អេ​ស្ប៉ា​ញ​និង​អាល្លឺម៉ង់​នឹងត្រូវ​ប្រឈម​នឹង​ពន្ធ ២៥ ភាគរយ​។​

​ថ្លែង​នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន​ប៉ុន្មាន​ម៉ោង​មុនពេល​ពន្ធ​ចូល​ជា​ធរមាន រដ្ឋមន្ត្រី​សេដ្ឋកិច្ច​បារាំង​លោក ព្រូ​ណូ ឡឺ​មៀរ ព្រមាន​ថា ចំណាត់ការ​នេះ​អាច​នឹង​ប្រឈម​វិញ​នូវ​ការសង​សឹក​។

​លោក​បាន​ប្រាប់​អ្នកកាសែត​បន្ទាប់ពី​ជួបប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​រតនាគា​រ​អាម៉េរិក លោក ស្តេ​វិ​ន មេ​នូ​ជីន នៅក្រៅ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ យ៉ាង​ដូច្នេះ “​អឺរ៉ុប​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​សងសឹក ក្នុង​ក្របខ័ណ្ឌ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​”៕ ដោយ៖ កញ្ញាដាលីស

ពន្ធគយ​នឹង​ឡើង ១០ ភាគរយ​ទៀត​លើ​ការ​នាំចូល​យន្តហោះ Airbus ពី​អឺរ៉ុប​មក​អាម៉េរិក