អាម៉េរិក​សាទរ​តួ​ក​គី​ចំពោះ​បទ​ឈប់​បាញ់​ហើយ​ថា​ពួក​ឃឺ​ដ​ត្រូវតែ​ចាកចេញ​ពី​តំបន់​ព្រំដែន​

319
ចែករម្លែក

​សហរដ្ឋ​អាម៉េរិក​និង​តួ​ក​គី​បាន​ព្រមព្រៀងគ្នា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៧​តុលា​ចំពោះ​បទ​ឈប់​បាញ់​ក្នុង​ការវាយលុក​ដ៏​ប្រល័យ​របស់​តួ​ក​គី​ទៅលើ​ពួក​យុទ្ធជន​ឃឺ​ដ​នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី ដោយ​ទាមទារ​ឱ្យ​ពួក​ឃឺ​ដ​ចាក​ចេញពី​តំបន់​នេះ​ក្នុងការ​ព្រមព្រៀង​មួយ ដែល​ពង្រឹង​ជំហរ​និង​បំណង​របស់​តួ​ក​គី​យ៉ាង​ខ្លាំងក្លា​នៅក្នុង​ជម្លោះ​រយៈពេល​ពេញ​មួយ​សប្តាហ៍​នេះ​។ កិច្ចព្រមព្រៀង​នេះ​រួមបញ្ចូល​ទាំង​ការបញ្ឈប់​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​អាម៉េរិក​ដោយមាន​លក្ខខណ្ឌ​។​

​បន្ទាប់ពី​ការចរចា​ជាមួយ​ប្រធានាធិបតី​តួ​ក​គី​លោក រី​ស៊ី​ប ថា​យី​ប អឺ​ដូ​ហ្គា​ន អនុ​ប្រធានាធិបតី​អាម៉េរិក​លោក ម៉ៃ ផេ​ន បាន​សាទរ​ចំពោះ​បទ​ឈប់​បាញ់​រយៈពេល ៥ ថ្ងៃ​ដែលជា​មធ្យោបាយ​ដើម្បី​បញ្ចប់​ការ​បង្ហូរឈាម​បង្កឡើង​ពី​ការឈ្លានពាន​របស់​តួ​ក​គី​។ លោក​ផេ​ន​នៅតែ​ស្ងាត់ស្ងៀម​អំពី​ថា​តើ​បទ​ឈប់​បាញ់​នេះ​គឺ​បណ្តាលមកពី​ការបោះបង់ចោល​អតីត​សម្ព័ន្ធមិត្ត​ឃឺ​ដ​របស់​អាម៉េរិក​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​រដ្ឋ​អ៊ីស្លាម​ឬ​យ៉ាងណា​នោះទេ​។​

​កងទ័ព​តួ​ក​គី​និង​យុទ្ធជន​ស៊ី​រី​ដែល​គាំទ្រ​ដោយ​តួ​ក​គី​បាន​បើក​ការវាយលុក​របស់​ពួកគេ​ប្រឆាំងនឹង​កងកម្លាំង​ឃឺ​ដ​នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​កាល​ពីមួយ​សប្តាហ៍​មុន ពោលគឺ​ពីរ​ថ្ងៃ​បន្ទាប់ពី​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ​បានប្រកាស​ភ្លាមៗ​ថា​លោក​នឹង​ដក​កងទ័ព​អាម៉េរិក​ចេញពី​តំបន់​នោះ​។ លោក​ត្រាំ​ត្រូវបាន​រិះគន់​យ៉ាងខ្លាំង​ចំពោះ​ការបោះបង់ចោល​ពួក​ឃឺ​ដដែល​ខាតបង់​ធ្ងន់​បំផុត​ក្នុងនាម​ជា​ដៃគូ​ជាមួយ​សហរដ្ឋ​អាម៉េរិក​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​ជ្រុលនិយម​រដ្ឋ​អ៊ីស្លាម ចាប់តាំងពី​ឆ្នាំ ២០១៦ មក​។​

​រដ្ឋមន្ត្រីការបរទេស​តួ​ក​គី​លោក មេ​វ​លូត ខា​វូ​សូ​គ្លូ និយាយថា សហរដ្ឋ​អាម៉េរិក​បានទទួល​យក​គំនិត​នៃ “​តំបន់​សុវត្ថិភាព​” ដែល​ត្រូវបាន​ជំរុញ​ដោយ​តួ​ក​គី​ជា​យូរ​មកហើយ ហើយ​លោក​បាន​ទទូចថា​កងកម្លាំងប្រដាប់អាវុធ​តួ​ក​គី​នឹង​គ្រប់គ្រង​តំបន់​នោះ​។ លោក​ក៏បាន​បញ្ជាក់​យ៉ាងច្បាស់​ដែរ​ថា តួ​ក​គី​នឹងមិន​បញ្ឈប់​នៅ​តំបន់​ដែល​បានកំណត់​ពីមុន​ទេ​។ លោក​បាន​និយាយថា ការគ្រប់គ្រង​របស់​តួ​ក​គី​នៅ​ព្រំដែន​ស៊ី​រី​ត្រូវតែ​ពង្រីក​ទៅដល់​ព្រំដែន​អ៊ីរ៉ាក់​។​

​មេបញ្ជាការ​នៃ​កងកម្លាំង​ដឹកនាំ​ដោយ​ឃឺ​ដ​នៅក្នុង​ប្រទេស​ស៊ី​រី​លោក ម៉ាស​លូ​ម អាប់​ឌី បាន​ប្រាប់​ទូរទស្សន៍​ឃឺ​ដ​ថា “​យើង​នឹងធ្វើ​អ្វីដែល​យើង​អាច​ធ្វើបាន​ដើម្បី​ទទួលបាន​ជោគជ័យ​នៃ​កិច្ចព្រមព្រៀង​ឈប់​បាញ់​”​។ ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​ជនជាតិ​ឃឺ​ដ​ម្នាក់​ឈ្មោះ​រ៉ា​ហ្សា​ន ហ៊ី​ដ​ដូ បានប្រកាសថា ប្រជាជន​ឃឺ​ដ​នឹង​បដិសេធ​ការរស់នៅ​ក្រោម​ការកាន់កាប់​របស់​តួ​ក​គី​។​

​លោក​ត្រាំ​គ្មានអ្វី​និយាយ​ច្រើន​នោះទេ ដោយ​គ្រាន់តែ​សាទរ “​ថ្ងៃ​ដ៏​អស្ចារ្យ​សម្រាប់​អរិយធម៌​”​។ លោក​បាន​ប្រាប់​អ្នកកាសែត​ថា “​គ្រប់គ្នា​បាន​ព្រមព្រៀង​ចំពោះ​រឿងរ៉ាវ​ជាច្រើន ដែល​កាលពី​បី​ថ្ងៃមុន ពួកគេ​នឹងមិន​ព្រមព្រៀងគ្នា​នោះឡើយ​។ ទាំងនោះ​ក៏​រួមបញ្ចូល​ពួក​ឃឺ​ដ​ផងដែរ​។ ពួក​ឃឺ​ដ​ឥឡូវ​កាន់តែ​ទោរទន់​ធ្វើ​នូវ​អ្វីដែល​ត្រូវតែ​ធ្វើ​។ តួ​ក​គី​ក៏​កាន់តែ​ទោរទន់​ធ្វើ​នូវ​អ្វីដែល​ត្រូវតែ​ធ្វើ​ផងដែរ​”៕ ដោយ៖កញ្ញាដាលីស

អនុ​ប្រធានាធិបតី​អាម៉េរិក​និយាយ​នៅ​ស្ថានទូត​អា​ម៉េ​រិ​ក្នុង​ទីក្រុង​អង់កា​រ៉ា​របស់​តួ​ក​គី​កាលពី​ថ្ងៃ​ព្រហស្បតិ៍