អាម៉េរិក​ហាមឃាត់​ជា​ផ្លូវការ​លើ​កិច្ចសន្យា​របស់​រដ្ឋាភិបាល​ខ្លួន​ជាមួយ​ក្រុមហ៊ុន Huawei និង​ក្រុមហ៊ុន​ចិន​ដទៃទៀត​

504
ចែករម្លែក

​កាលពី​ថ្ងៃ​ពុធ​ទី​៧​សីហា សហរដ្ឋ​អាម៉េរិក​បានដាក់​ចេញ​នូវ​វិធាន​ច្បាប់​ជា​ផ្លូវការ​ហាមឃាត់​លើ​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស Huawei និង​ក្រុមហ៊ុន​ចិន​ដទៃទៀត​ពី​កិច្ចសន្យា​នានា​ជាមួយ​រដ្ឋាភិបាល​អាម៉េរិក​នៅក្នុង​ចំណាត់ការ​ចុងក្រោយ​នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កំពុងតែ​ឡើងក​ម្តៅ​។​

​វិធាន​ច្បាប់​បណ្តោះអាសន្ន​នេះ​នឹង​រារាំង​រាល់​ទីភ្នាក់ងារ​សហព័ន្ធ​អាម៉េរិក​ពី​ការទិញ​ឧបករណ៍​ទូរគមនាគមន៍​ឬ​បច្ចេកវិជ្ជា​ពី​ក្រុមហ៊ុន​ចិន​នេះ “​សម្រាប់​ធ្វើជា​សមាសធាតុ​សំខាន់​ឬ​ចាំបាច់​នៃ​ប្រព័ន្ធ​ណាមួយ​ឬ​សម្រាប់​ជា​បច្ចេកវិជ្ជា​សំខាន់ ដែលជា​ផ្នែក​នៃ​ប្រព័ន្ធ​ណាមួយ​” ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី ១៣ សីហា​។​

​វិធាន​ច្បាប់​នេះ​អនុវត្ត​នូវ​ការហាមឃាត់ ដែល​ត្រូវបាន​រួមបញ្ចូល​នៅក្នុង​ច្បាប់​ស្តីពី​ការផ្តល់​សិទ្ធិ​ការពារជាតិ ដែល​ត្រូវបាន​សភា​អនុម័ត​កាលពីដើម​ឆ្នាំនេះ​។​

​ករណី​លើកលែង​ចំពោះ​វិធាន​ច្បាប់​នេះ​អាច​ត្រូវបាន​ផ្តល់ឱ្យ “​ក្រោម​កាលៈទេសៈ​ជាក់លាក់​” ដោយ​ប្រធាន​ទីភ្នាក់ងារ​នានា​សម្រាប់​រយៈពេល​រហូតដល់​ពីរ​ឆ្នាំ​ឬ​ដោយ​នាយក​ស៊ើបការណ៍​ជាតិ​ក្នុងករណី​ផ្សេងទៀត ដែល​មិនត្រូវ​បានបញ្ជាក់​។​

​ក្រុមហ៊ុន Huawei បាន​និយាយថា​ខ្លួន​នឹងដាក់​ពាក្យ​បណ្តឹងតវ៉ា​ចំពោះ​ការហាមឃាត់​នេះ​នៅក្នុង​តុលាការ​សហព័ន្ធ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ក្រុមហ៊ុន​បាន​និយាយថា វិធាន​ច្បាប់​នេះ “​នឹងមិន​អាចធ្វើ​អ្វី​បានទេ​ដើម្បី​ធានា​ការពារ​បណ្តាញ​ទូរគមនាគមន៍​និង​ប្រព័ន្ធ​ទូរគមនាគមន៍​របស់​សហរដ្ឋ​អាម៉េរិក ហើយ​ផ្ទុយទៅវិញ វា​គឺជា​របាំង​ពាណិជ្ជកម្ម​ផ្អែកលើ​ប្រភពដើម​នៃ​ប្រទេស ដោយ​ញ៉ាំងឱ្យមាន​សកម្មភាព​ដាក់ទណ្ឌកម្ម​ដោយ​គ្មាន​ភស្តុតាង​នៃ​ការប្រព្រឹត្ត​ខុស​”​។​

​វិធាន​ថ្មី​នេះ​គឺជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏​ខ្លាំងក្លា​របស់​រដ្ឋបាលរ​បស់​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​ក្នុងការ​រឹតត្បិត​ក្រុមហ៊ុន Huawei ដែល​ក្រុមមន្ត្រី​អះអាងថា​មាន​ជាប់ទាក់ទង​នឹង​ការ​ស៊ើបការណ៍​សម្ងាត់​របស់​ចិន​។​

​វា​ក៏​កើតឡើង​ចំពេល​មាន​ជម្លោះ​ដ៏​ក្តៅគគុក​រវាង​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ​ទាក់ទង​នឹង​ច្បាប់ពាណិជ្ជកម្ម​អន្តរជាតិ ដែល​អ្នកវិភាគ​ខ្លះ​និយាយថា​អាចធ្វើឱ្យ​រង្គោះរង្គើ​ប្រព័ន្ធ​សេដ្ឋកិច្ចពិភពលោក​។​

​វិធាន​ច្បាប់ ដែល​តម្រូវឱ្យមាន​ពេល​តវ៉ា ៦០ ថ្ងៃនេះ ក៏​រារាំង​កិច្ចសន្យា​ចំពោះ​ក្រុមហ៊ុន​ចិន​ដូចជា​ក្រុមហ៊ុន ZTE ក្រុមហ៊ុន Hytera Communications Corporation ក្រុមហ៊ុន Hangzhou Hikvision Digital Technology Company និង​ក្រុមហ៊ុន Dahua Technology Company ផងដែរ​។​

​ក្រុមហ៊ុន Huawei ក៏​ប្រឈម​នឹង​ការដាក់ទណ្ឌកម្ម​ជាច្រើន​ផងដែរ ដែល​រារាំង​ការនាំចេញ​បច្ចេកវិជ្ជា​អាម៉េរិក​ឱ្យទៅ​ក្រុមហ៊ុន​ចិន​មួយ​នេះ ដោយ​ឈរលើ​មូលដ្ឋាន​សន្តិសុខ​ជាតិ​។​

​ការហាមឃាត់ ដែល​ត្រូវបាន​ផ្អាក​រហូតដល់​ពាក់កណ្តាល​ខែសីហា​នេះ អាច​រារាំង​ក្រុមហ៊ុន Huawei មិនឱ្យ​ទទួលបាន​ហាដវែ​និង​សូ​ហ្វ​វែ​សំខាន់ៗ​រួមមាន​ឈី​ប​ស្មា​ត​ហ្វូ​ន​និង​សមាសធាតុ​សំខាន់ៗ​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ Google Android៕ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុន Huawei និង​ក្រុមហ៊ុន​ចិន​ដទៃទៀត​ត្រូវបាន​ហាម​ធ្វើ​កិច្ចសន្យា​ជាមួយ​បណ្តា​ទីភ្នាក់ងារ​របស់​អាម៉េរិក