អាមេរិក​ហៅ​ការបញ្ជូន​យន្តហោះ​យោធា​របស់​រុស្ស៊ី​ទៅកាន់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ជា “​ការបង្កើន​ស្ថានភាព​តានតឹង​ដោយ​គ្មាន​ការប្រុងប្រយ័ត្ន​”

417
ចែករម្លែក
  • 78
    Shares

​កាលពី​ថ្ងៃ​ចន្ទ​ទី​២៥​មីនា សហរដ្ឋ​អាមេរិក​បាន​ចោទប្រកាន់​រុស្ស៊ី​ថា “​បង្កើន​ស្ថានការណ៍​តានតឹង​ដោយ​គ្មាន​ការប្រុងប្រយ័ត្ន​” នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដោយ​ការដាក់​ពង្រាយ​យន្តហោះ​យោធា​និង​បុគ្គលិក​យោធា​ទៅកាន់​ប្រទេស​អាមេរិក​ខាងត្បូង​កំពុងមាន​វិបត្តិ​មួយ​នេះ ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​វាយ​សំពង​ជាមួយ​ការដាក់ទណ្ឌកម្ម​យ៉ាងគំហុក​។​

​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បានឱ្យដឹងថា យន្តហោះ​រុស្ស៊ី​និង​បុគ្គលិក​យោធា​បានមក​ដល់​នៅក្រៅ​ទីក្រុង​កា​រ៉ា​កាស ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា​កាលពី​ថ្ងៃ​សៅរ៍ ពោលគឺ​ពីរ​ខែ​ក្រោយពី​រដ្ឋបាល​ត្រាំ​បាន​បដិសេធ​អំណាច​របស់លោក​នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ​។​

​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បានទទួល​ស្គាល់​មេដឹកនាំ​ប្រឆាំង​លោក​ហ្ស័ន ក្វា​យ​ដូ​ជា​ប្រធានាធិបតី​ស្របច្បាប់​របស់​ប្រទេស​នេះ ហើយ​ទាមទារ​ឱ្យ​លោក​ម៉ា​ឌូ​រ៉ូ​ចាក​ចេញពី​អំណាច ដែល​រុស្ស៊ី​បាន​ពណ៌នា​ថា​ជា​រដ្ឋប្រហារ​គាំទ្រ​ដោយ​អាមេរិក​ប្រឆាំងនឹង​រដ្ឋាភិបាល​សង្គម​និយម​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​ម្នាក់​បាន​និយាយថា “​សហរដ្ឋ​អាមេរិក​ថ្កោលទោស​ចំពោះ​ការដាក់​ពង្រាយ​យន្តហោះ​និង​បុគ្គលិក​យោធា​របស់​រុស្ស៊ី​ទៅកាន់​ទីក្រុង​កា​រ៉ា​កាស ដែលជា​ការធ្វើ​ផ្ទុយ​មួយទៀត​ទៅនឹង​ការអំពាវនាវ​កុំឱ្យ​មាន​អន្តរាគមន៍​យោធា​ពី​សំណាក់​លោក​នី​កូ​ឡា​ម៉ា​ឌូ​រ៉ូ​និង​រុស្ស៊ី​នៅក្នុង​វ៉េ​ណេ​ស៊ុយ​អេ​ឡា និង​ជាការ​បង្កើន​ស្ថានភាព​តឹង​ដោយ​គ្មាន​ការប្រុងប្រយ័ត្ន​”​។​

​អនុប្រធាន​គណបក្ស​ស​ង្គ​ម​និយម​វ៉េ​ណេ​ស៊ុយ​អេ​ឡា​លោក​ឌី​អូ​សដា​ដូ ខា​បែ​ល​ឡូ​បាន​បញ្ជាក់ថា​យន្តហោះ​ពីរ​គ្រឿង​បាន​ហោះហើរ​មកកាន់​ប្រទេស​នេះ​ពី​រុស្ស៊ី​ប៉ុន្តែ​លោក​មិនបាន​ផ្តល់​ហេតុផល​ឬ​និយាយថា​យន្តហោះ​ទាំងនេះ​បាន​ដឹក​កងទ័ព​មក​ធ្វើ​អ្វី​នោះទេ​។​

​លោក​ខា​បែ​ល​ឡូ​បាន​និយាយ​នៅក្នុង​សុន្ទរកថា​នៅលើ​កញ្ចក់​ទូរទស្សន៍​រដ្ឋ​ថា “​យន្តហោះ​ពី​ប្រទេស​រុស្ស៊ី​បាន​ចុះចត​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដោយសារតែ​ពួកគេ​ត្រូវបាន​អនុញ្ញាត​ដោយ​រដ្ឋាភិបាល​តែមួយគត់​ដែលមាន​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា នោះ​គឺ​គេ​ហៅថា​រដ្ឋាភិបាល​របស់លោក​នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ​”​។​

​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក​ម៉ៃ ផ​ម​ផេ​វ បាន​ប្រាប់​សម​ភាគី​រុស្ស៊ី​របស់លោក​គឺ​លោក​សឺ​ហ្គី ឡាវ​រ៉ូ​វ នៅក្នុង​ការ​តេ​តាម​ទូរស័ព្ទ​មួយ​កាលពី​ថ្ងៃ​ចន្ទ​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន “​នឹងមិន​ឈរ​នៅ​ស្ងៀម​នោះឡើយ​” ខណៈដែល​រុស្ស៊ី​បាន​គាំទ្រ​លោក​ម៉ា​ឌូ​រ៉ូ ដែល​មើល​ការខុសត្រូវ​ចំពោះ​ការដួលរលំ​នៃ​សេដ្ឋកិច្ច​ដែល​ធ្លាប់តែ​រីកចម្រើន​មួយ​នេះ​។​

​ទោះយ៉ាងណា លោក​ផ​ម​ផេ​វ​មិនបាន​និយាយថា​តើ​សហរដ្ឋ​អាមេរិក​នឹងធ្វើ​អ្វី​ដើម្បី​ឆ្លើយតប​ចំពោះ​កងទ័ព​រុស្ស៊ី​នោះទេ​។​

​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់​ត្រាំ បាន​និយាយ​នៅ​ឆ្នាំ ២០១៧ ថា “​ជម្រើស​យោធា​” គឺ​នៅលើ​តុ នៅពេល​និយាយ​ដល់​វ៉េ​ណេ​ស៊ុយ​អេ​ឡា ប៉ុន្តែ​ចាប់តាំងពី​ពេល​នោះមក​មន្ត្រីរដ្ឋបាល​បាន​និយាយ​សម្រាល​អំពី​ការធ្វើអន្តរាគមន៍​ប្រដាប់អាវុធ​។​

​អ្នកនាំពាក្យ​របស់​ទីបញ្ជាការ​កងទ័ព​ខាងត្បូង​របស់​សហរដ្ឋ​អាមេរិក​ដែល​ឃ្លាំមើល​កងកម្លាំង​អាម៉េរិក​នៅ​ទ្វីប​អាម៉េរិក​ឡាទីន​បាន​និយាយថា ការដាក់​ពង្រាយ​កងទ័ព​របស់​រុស្ស៊ី “​បាន​កាត់ផ្តាច់​សេចក្តីប្រាថ្នា​អំពី​ប្រជាធិបតេយ្យ​របស់​ប្រជាជន​វ៉េ​ណេ​ស៊ុយ​អេ​ឡា​” ។​

​អ្នកនាំពាក្យ​លោក​អា​ម៉ាន់​ដូ ហឺ​ណង់​ដេ​សបាន​និយាយថា “​របប​មុនៗ​របស់លោក​ម៉ា​ឌូ​រ៉ូ ដែល​ត្រូវបាន​ជួយ​និង​គាំទ្រ​ដោយ​ប្រទេសមួយ​ចំនួន​ដូចជា​រុស្ស៊ី​និង​គុយបា​នៅតែ​បន្ត​គាបសង្កត់​អ្នកធ្វើ​ប្រជាធិបតេយ្យ​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​”៕ ដោយ៖ កញ្ញាដាលីស

យន្តហោះ​និង​កងទ័ព​រុស្ស៊ី​បានមក​ដល់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​កាលពី​ថ្ងៃ​សៅរ៍