អាម៉េរិក​អាច​នឹង​រក្សាទុក​ទ័ព​ខ្លះ​ក្នុងប្រទេស​ស៊ី​រី​ដើម្បី​ការពារ​វាល​ប្រេងកាត

177
ចែករម្លែក

​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាម៉េរិក​លោក​ម៉ាក អេ​ស្ពើ​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២១​តុលា​ថា ទោះបីជា​កងកម្លាំង​អាម៉េរិក​បាន​ដកចេញ​យ៉ាង​ប្រញាប់ប្រញាល់​និង​យ៉ាង​វឹកវរ​ពី​ភាគ​ឦសាន​នៃ​ប្រទេស​ស៊ី​រី​ក៏ដោយ ក៏​សហរដ្ឋ​អាម៉េរិក​នៅ​កំពុង​ពិចារណា​ទុក​កងទ័ព​មួយចំនួន​ដើម្បី​ការពារ​វាល​ប្រេងកាត​នៅក្នុង​តំបន់​និង​ធ្វើឱ្យ​ប្រាកដថា វាល​ប្រេងកាត​ទាំងនោះ​នឹងមិន​ធ្លាក់​ចូលក្នុង​កណ្តាប់ដៃរ​បស់​ក្រុម​រដ្ឋ​អ៊ីស្លាម​ដែល​កំពុង​រស់រានមានជីវិត​ឡើងវិញ​។

​ប្រមុខ​មន្ទីរ​បញ្ច​កោណ​រូបនេះ​បាន​និយាយថា​ផែនការ​នេះ​កំពុងស្ថិត​ក្នុងដំណាក់កាល​ពិភាក្សា​នៅឡើយ​ហើយ​មិនទាន់បាន​បង្ហាញជូន​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​ទេ​។ លោក​ត្រាំ​បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀតថា ក្រុម​រដ្ឋ​អ៊ីស្លាម​ត្រូវបាន​បរាជ័យ​ហើយ និង បាន​បង្ហាញថា ការដក​ការគាំទ្រ​របស់​អាម៉េរិក​សម្រាប់​កងកម្លាំង​ឃឺ​ដ​គឺជា​ផ្នែក​មួយ​នៃ​គោលដៅ​ធំ​របស់គាត់​ក្នុង​ការនាំ​កងទ័ព​ចេញពី​មជ្ឈិមបូព៌ា​។​

​លោក​អេ​ស្ពើ​បាន​សង្កត់ធ្ងន់ថា​ការស្នើសុំ​ទុក​កងទ័ព​ខ្លះ​នៅ​ភាគ​ខាងកើត​ប្រទេស​ស៊ី​រី​គឺមាន​គោលបំណង​ផ្តល់ឱ្យ​ប្រធានាធិបតី​នូវ “​បន្ទប់​បញ្ជា​” ហើយ​មិនទាន់​រៀបចំ​រួច​នៅឡើយ​ទេ​។​

​លោក​អេ​ស្ពើ​បាន​ប្រាប់​សន្និសីទ​សារព័ត៌​មាននៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​មុនពេល​ធ្វើដំណើរ​ទៅកាន់​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត​ថា “​កំពុងមាន​ការពិភាក្សា​អំពី​លទ្ធភាព​រក្សាទុក​ទ័ព​ខ្លះ​។ មិនទាន់មាន​ការសម្រេច​ចិត្ត​នៅឡើយ​ទេ​ទាក់ទង​នឹង​ចំនួន​ទ័ព​ឬអ្វីៗ​ផ្សេងទៀត​”​។​

​ទោះបីជា​យ៉ាងណាក៏ដោយ​ផែន​ការដែល​កំពុង​ត្រូវបាន​ពិចារណា​នេះ​គឺជា​សញ្ញា​មួយ​ផ្សេងទៀត​បង្ហាញថា​រដ្ឋបាល​ត្រាំ​នៅតែ​ព្យាយាម​រៀបចំ​យុទ្ធសាស្ត្រ​រួម​របស់ខ្លួន​ចំពេល​មានការ​រិះគន់​យ៉ាងខ្លាំង​ពី​សម្ព័ន្ធមិត្ត​របស់​បក្ស​សាធារណរដ្ឋ​អំពី​ការសម្រេចចិត្ត​ភ្លាមៗ​របស់គាត់​ក្នុង​ការដក​កងកម្លាំង​អាម៉េរិក​ត្រឡប់មកវិញ ដោយ​បើកផ្លូវ​ឱ្យ​តួ​ក​គី​លុកលុយ​ចូល​តំបន់​ព្រំដែន​ដើម្បី​រុញច្រាន​កងកម្លាំង​ឃឺ​ដ​ដែលជា​សម្ព័ន្ធមិត្ត​អាម៉េរិក​៕ ដោយ៖ កញ្ញាដាលីស

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាម៉េរិក​លោក​ម៉ាក អេ​ស្ពើ