អាម៉េរិក​អំពាវនាវ​អោយ​អ៊ីរ៉ាក់​ធ្វើ​ការបោះឆ្នោត​មុន​កាលកំណត់​និង​បញ្ឈប់អំពើ​ហិង្សា​លើ​អ្នក​ប្រឆាំង​តវ៉ា​

329
ចែករម្លែក

​សេត​វិមាន កាលពី​ថ្ងៃអាទិត្យ​ទី​១០​វិច្ឆិកា បាន​និយាយថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មាន​ការព្រួយបារម្ភ​ជា​ខ្លាំង​អំពី​សភាពការណ៍​នៅ​អ៊ីរ៉ាក់​និង​បាន​អំពាវនាវ​នាវ​អោយ​រដ្ឋា​​ភិបាល​អ៊ីរ៉ាក់​រៀបចំ​ធ្វើ​ការបោះ​ឆ្នោត​មុន​កាលកំណត់ ហើយ​បញ្ឈប់​អំពី​ហិង្សា​លើ​អ្នក​ប្រឆាំង​តវ៉ា​។​

​ក្រុម​សិទ្ធិ​មនុស្ស​អ៊ីរ៉ាក់​មួយ​បាន​អះអាង​នៅពេល​មុន​នេះ​ថា យ៉ាងតិច​មនុស្ស​១២​នាក់​ត្រូវបាន​សម្លាប់​ក្នុងអំឡុងពេល​បង្ក្រាប​លើ​បាតុកម្ម​នៅ​កណ្តាល​ក្រុង​បា​ដា​តរបស់​អ៊ីរ៉ាក់​កាល​​ពី​ថ្ងៃ​សៅរ៍ ហើយ​កងកម្លាំង​អនុវត្តន៍​ច្បាប់​បាន​ប្រើ​គ្រាប់​បែកផ្សែង​និង​បាញ់​គ្រាប់​ពិត​ដើម្បី​បំបែកហ្វូង​បាតុកម្ម តែ​អ្នកនាំពាក្យ​យោធា​អ៊ីរ៉ាក់​បាន​អះអាងថា យោធា​អ៊ីរ៉ាក់​មិន​​បាន​ប្រើ​អាវុធ​លើ​អ្នក​ប្រឆាំង​តវ៉ា​ទេ​។​

​ក្នុង​ការប៉ះទង្គិច​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ មនុស្ស​យ៉ាង​តិច​៣​នាក់​ត្រូវបាន​សម្លាប់​និង​រាប់សិប​នាក់​រងរបួស​។​ទោះ​ជា​មនុស្ស​១២​នាក់​ត្រូវបាន​សម្លាប់​កាលពី​ថ្ងៃ​សៅរ៍ ពួក​បាតុករ​បាន​​ជួបជុំគ្នា​ឡើងវិញ​នៅ​ថ្ងៃអាទិត្យ​នៅ​ក្រុង​បា​ដា​ត​។​

​រលឹក​ថា ចលាចល​បាន​ផ្ទុះឡើង​នៅ​ខែតុលា នៅពេល​ប្រជាជន​នាំគ្នា​ទាមទារ​អោយ​រដ្ឋាភិបាល​ចុះចេញ​ពី​តំណែង កែ​ទំរង់​សេដ្ឋកិច្ច ធ្វើអោយ​ស្ថានភាព​រស់នៅ​ល្អប្រសើរ​ឡើង​និង​​កម្មវិធី​សុខុមាលភាព​សង្គម​ល្អប្រសើរ​ជាង​សព្វថ្ងៃ តែ​កម្លាំង​នយោបាយ​បាន​រួមគ្នា​ការពារ​រដ្ឋាភិបាល​។​

​កំហឹង​សាធារណជន​បាន​ផ្ទុះឡើង​កាលពីដើម​ខែ​តុលា ក៏​ដោយសារ​តែ​អំពើ​ពុករលួយ​ជា​ទូទៅ បក្ខពួក​និយម​និង​ការខ្វះ​ការងារ​ធ្វើ​។​អ៊ីរ៉ាក់​ជា​ប្រទេស​ផលិត​ប្រេង​ធំ​បំផុត​ទី​២​នៅក្នុង​​អង្គការ​ប្រទេស​នាំចេញ​ប្រេង​OPEC តែ​ប្រជាជន​អ៊ីរ៉ាក់​ម្នាក់​ក្នុងចំណោម​៥​នាក់​រស់នៅ​ក្នុង​ភាពក្រីក្រ និង​ការ​អត់​ការងារ​ធ្វើ​ក្នុងចំណោម​យុវជន​មាន​២៥​ភាគរយ​។​

​យោង​តាម​ស្នងការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ មនុស្ស​៣១៩​នាក់​ត្រូវបាន​សម្លាប់​ក្នុងអំឡុង​ការតវ៉ា​ប្រឆាំង​ចាប់តាំងពី​ពេល​ផ្ទុះ​ការប្រឆាំង​តវ៉ា​មក​រួម​មាន​អ្នកប្រឆាំង​តវ៉ា​និង​កងកម្លាំង​សន្តិសុខ​៕​ដោយ​៖​វាសនា​