អាម៉េរិក ព្រមាន​កូរ៉េខាងជើង អំពី​ផលវិបាក​នៃ​«​កាដូ​បុណ្យ​គ្រី​សម៉ាស​»

223
ចែករម្លែក

​សហរដ្ឋ​អាម៉េរិក​កាលពី​ថ្ងៃ​ពុធ​ទី​១១​ធ្នូ​ បាន​ព្រមាន​កូរ៉េខាងជើង​អំពី​ផលវិបាក បើ​ប្រទេស​នេះ​ធ្វើ​តាម​ការ​គំរាម​ថា​នឹង​សាកល្បង​សព្វាវុធ​ដ៏​អស្ចារ្យ​មួយ​នៅ​ថ្ងៃ​ចូលឆ្នាំ​សកល​ថ្មី​​ ហើយ​បាន​សន្យាថា​នឹង​ផ្លាស់ប្តូរ​គោលជំហរ​ចរចា​បើសិនជា​កូរ៉េខាងជើង​នៅ​បន្ត​ការពិភាក្សា​គ្នា​។​

​ធុញថប់​នឹង​ការខ្វះ​ការរីកចម្រើន​នៅក្នុង​ការចរចា​ក្រោយពី​មេដឹកនាំ​របស់​ខ្លួន​បាន​ជួប​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ អស់​៣​លើក កូរ៉េ​ខាងជើង​បាន​ប្តេជ្ញា​ផ្តល់​«​កាដូ​បុណ្យ​គ្រី​សម៉ា​​ស​» បើ​អាម៉េរិក​មិន​ធ្វើ​សម្បទាន​ទាន់ពេល​នៅ​ចុងឆ្នាំ​នេះ​ទេ​។​

​តែ​នៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ឯកអគ្គរដ្ឋទូត​អាម៉េរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ លោកស្រី ខេ​ល​លី ក្រា​ហ្វ បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​សញ្ញា​ដែល​ថាកូ​​រ៉េ​ខាងជើង​នឹង​សាកល្បង​កាំជ្រួច​ផ្លោង​ឆ្លង​ទ្វីប ដែល​ប្រទេស​នេះ​ផលិតឡើង​សម្រាប់​បំពាក់​ក្បាល​គ្រាប់​នុយគ្លេអ៊ែរ​ដើម្បី​វាយប្រហារ​សហរដ្ឋ​អាម៉េរិក​។​

​ក្រា​ហ្វ បាន​និយាយថា​«​ការសាកល្បង​កាំជ្រួច​ឬ​នុយគ្លេអ៊ែរ នឹង​មិន​នាំ​ឲ្យ​កូរ៉េ​ខាងជើង​មាន​សន្តិសុខ​ច្រើន​ឡើង​ទេ​។​យើង​ជឿ​ថា​កូរ៉េ​ខាងជើង​នឹង​ងាក​ចេញពី​អរិភាព​និង​​ការ​គំរាម ផ្ទុយ​មកវិញ​ចូល​មក​ពាក់ព័ន្ធ​ជាមួយ​អាម៉េរិក​»​។​

​ដោយ​ព្រលយ​ថា​នឹង​ដាក់​ទណ្ឌកម្ម​បន្ថែម ក្រា​ហ្វ បាន​និយាយថា​« បើ​អ្វីៗ​មិន​សម​តាម​បំណង​ទេ យើង ក្រុមប្រឹក្សាសន្តិសុខ ទាំងអស់គ្នា​ត្រូវ​តែ​ត្រៀម​ចាត់​វិធានការ​សមស្រប​»​។​

​លោកស្រី​បាន​ហៅ​ការសាកល្បង​កាំជ្រួច​ចម្ងាយ​ខ្លី​ជា​ប្រចាំ​របស់​កូរ៉េ​ខា​ជើង​ថា​ប្រឆាំង​នឹង​ន័យ​ស្ថាបនា​និង​ថា​វា​រំលោភ​សេចក្តីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សា​អង្គការសហប្រជាជាតិ​៕​ដោយៈ​វាសនា​/Ha

ឯកអគ្គរដ្ឋទូត​អាម៉េរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ លោកស្រី ខេ​ល​លី ក្រា​ហ្វ ទំនង​ជា​ច្រាន​ចោល​ការទាមទារ​របស់​កូរ៉េ​ខាងជើង អោយ​អាម៉េរិក​ប្តូរ​ជំហរ​ចរចា​នៅ​យ៉ាងយូរ​​ត្រឹម​ចុងឆ្នាំ​នេះ ដោយ​លោកស្រី​បាន​និយាយថា «​ត្រូវ​ច្បាស់​ថា អាម៉េរិក​និង​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​មាន​គោលដៅ​មួយ «​មិនមែន​កាលកំណត់​ទេ​»