អាម៉េរិក ស្នើអោយ​កូរ៉េខាងជើង​ចាប់យក​ឱកាស​ស្តីពី​ការចរចា​

180
ចែករម្លែក

​តំណាង​អាម៉េរិក​សម្រាប់​កូរ៉េខាងជើង កាលពី​ថ្ងៃ​ពុធ​ទី​២០​វិច្ឆិកា បាន​ទទួលស្គាល់ថា រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​នៅ​មិនទាន់បាន​ចាត់វិធានការ​ដែល​អាច​បញ្ជាក់បាន​សំ​រាប់ការ​រំ​​សាយ​ចោល​នុយក្លេអ៊ែ​រ និង​បាន​អំពាវនាវ​អោយ​របប​គ្រប់គ្រង​នេះ «​ចាប់​យក​ឱកាស​»​។​

​លោក​ស្ទេ​ហ្វិន ប៊ី​ហ្កា​ន់ ដែល​ឡើង​ធ្វើ​សក្ខីកម្ម​នៅ​សភា​អាម៉េរិក​ស្តីពី​ការតែងតាំង​លោក​ជា​អនុ​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក ក៏​បាន​អំពាវនាវ​អោយ​កូរ៉េ​ខាងជើង​បង្កើន​កំរិត​តំណាង​​របស់​ខ្លួន​ក្នុង​កិច្ចពិភាក្សា​។​

​លោក​បាន​ប្រាប់​គណៈកម្មការ​ទំនាក់ទំនង​ការបរទេស​ព្រឹទ្ធសភា​ថា «​មិន​មាន​ភស្តុតាង​ដ៏​មាន​ន័យ​និង​ស្មោះត្រង់​ដែល​បង្ហាញ​ថា​កូរ៉េ​ខាងជើង​បាន​ជ្រើសរើស​យក​ផ្លូវ​រំសាយ​ចោល​​នុយក្លេអ៊ែ​រ​។​យើង​នៅតែ​ជឿថា រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង អាច​ជ្រើសរើស​ផ្លូវ​នេះ​។​ទ្វារ​នៅ​បើកចំហ តែ​ពួកគេ​ត្រូវ​ចេះ​ចាប់​យក​ឱកាស​»​។​

​សូម​រំលឹក​ថា ប្រធានាធិបតី​អាម៉េរិក លោក ដូ​ណា​ល់ ត្រាំ បាន​ជួបប្រជុំ​៣​លើក​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ដែល​បាន​សន្យាថា​នឹង​ធ្វើការ​ដើម្បី​បញ្ចប់​កម្មវិធី​នុយ​​ក្លេ​អ៊ែ​រនៃ​ប្រទេស​របស់​លោក​។​នៅ​ពេល​លោក​ត្រាំ​បាន​សរសើ​រលោក​គីម​និង​បាន​និយាយថា​លោក​គីម​នឹង​រក្សា​សម្តី​របស់​លោក​កូរ៉េខាងជើង​បាន​ធ្វើ​ការបាញ់​រ៉ុក្កែត​និង​កាំជ្រួច​​ជា​បន្តបន្ទាប់​។​

​លោក​ប៊ី​ហ្កា​ន់ កាលពី​ខែ​មុន​បាន​ជួបប្រជុំ​ជាមួយ​សមាជិក​គណៈប្រតិភូ​កូរ៉េខាងជើង​មួយ​នៅ​ស៊ុយអែត តែ​បាន​និយាយថា​លោក​នៅ​មិនទាន់​បាន​ប្រាស្រ័យ​ទាក់ទង​អ្នកចរចា​ដែល​​ត្រូវបាន​ផ្តល់​សិទ្ធិអំណាច​ណា​ម្នាក់​នៅឡើយ​ទេ​។​លោក​ថា លោក​ចង់​ជួប​ប្រជុំ​ជាមួយ​អនុ​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង ចូ សុន ហ៊ុយ ដោយសារ​លោក​ស្រី ទទួលបាន​ការទុកចិត្ត​​ពី​លោក​គីម និង​នឹង​ជា​សម​ភាគី​របស់​លោក​៕​ដោយ​៖​វាសនា​

ជា​អ្នកជំនាញការ​ជើងចាស់​ខាង​គោលនយោបាយ​បរទេស​នៃ​គណបក្ស​សាធារណរដ្ឋ ដែល​បាន​ធ្វើការ​នៅក្នុង​សភា​អស់​ពេល​រាប់​ឆ្នាំ លោក​ប៊ី​ហ្កា​ន់ ទំនងជា​នឹង​ទទួលបាន​ការយល់​​ព្រម​ពី​ព្រឹទ្ធសភា សម្រាប់​តំណែង​អនុ​រដ្ឋមន្ត្រីការបរទេស​