អាយុ​ទើប​៩​ឆ្នាំ ក្លាយជា​និស្សិត​បញ្ចប់​ការសិក្សា​វ័យក្មេង​បំផុត​ក្នុង​ពិភពលោក

389
ចែករម្លែក

​ក្មេងប្រុស​ម្នាក់​អាយុ ៩ ឆ្នាំ​មកពី​ប្រទេស​បែលហ្ស៊ិក នឹង​ក្លាយជា​និស្សិត​បញ្ចប់​ការសិក្សា​វ័យ ក្មេង​បំផុត​ក្នុង​ពិភពលោក​នៅត្រឹម​ដំណាច់​ឆ្នាំនេះ​។​

​បច្ចុប្បន្ន កុមារា ឡូ​រ៉េ​ន សាយ​ម៉ុ​នស៍ (Laurent Simons) កំពុងស្ថិត​ក្នុងដំណាក់កាល​ចុងក្រោយ នៃ​ការបញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​វិស្វកម្ម​អគ្គិសនី​នៅ​សាកលវិទ្យាល័យ Eindhoven University of Technology (TUE) ក្នុងប្រទេស ហូ​ឡង់​។ ក្មេងប្រុស​អច្ឆរិយៈ​នេះ​បានបញ្ចប់​ដោយ​ជោគជ័យ រួចមក​ហើយដោយ​ប្រើពេល​ត្រឹមតែ ១២ ខែ​លើ​មុខ​វិទ្យា​ដែល​គេ​ត្រូវ​រៀន​ដល់​ទៅ ៥ ឆ្នាំ​។​

​ទូរទស្សន៍ CNN បាន​ដកស្រង់​សម្ដី​លោក Sjoerd Hulshof ប្រធាន ដឺ​ប៉ា​តឺ​ម៉​ង់​វិស្វកម្ម​អគ្គិសនី នៃ​សាកល​វិទ្យា​ខាងលើ​ដូច្នេះ​ថា “​ឡូ​រ៉េ​ន ជា​និស្សិត​រៀន​ចាប់បាន​លឿន​បំផុត​ដែល​យើង​ធ្លាប់ ជួប​។ គាត់​មិន​ត្រឹមតែ​ជា​ក្មេង​កំពូល​ឆ្លាត​ទេ ហើយក៏​រួសរាយ​គួរឱ្យ​ចូលចិត្ត​ដែរ​គាត់​សាមញ្ញ មែនទែន​”​។

​អ្នកស្រី លី​ឌា សាយ​ម៉ុ​ស៍ (Lydia Simons) ម្តាយ​របស់​ក្មេង​នេះ​និយាយថា សមត្ថភាព​ពិសេស របស់ ឡូ​រ៉េ​នស៍ ត្រូវ​យាយ​តា​របស់គេ​សង្កេត​ដឹង​មុនគេ​។ ក្រុម​សាស្ត្រាចារ្យ​បាន​យល់ស្រប ហើយ​មិនយូរប៉ុន្មាន​ពួកគេ​ក៏​ធ្វើតេស្ត​ជាច្រើនលើក​ដើម្បី​កំណត់​ទំហំ​នៃ​ចិត្ត​របស់ ឡូ​រ៉េ​ន​។ លទ្ធផល​ចេញមក​បង្ហាញថា ក្មេង​នេះ​ពិតជា​ឆ្លាត​ខុស​អស់​ក្មេង​ដទៃ​។​

​ក្មេង​ដែលមាន​កម្រិត​ប្រាជ្ញា (Intelligence Quotient) ឬ ហៅ​កាត់ IQ យ៉ាងតិច ១៤៥ នេះ​មាន គម្រោង​ចូលរៀន​កម្មវិធី​ថ្នាក់បណ្ឌិត​ផ្នែក​វិស្វកម្ម​អគ្គិសនី ខណៈ​ខ្លួន​កំពុង​បន្ត​សិក្សា​កម្រិត បរិញ្ញាបត្រ​វេជ្ជសាស្ត្រ​។

​ដោយ​រំពឹងថា​អាច​ជំនួស​តំណែង ម៉ៃ​ឃើ​ល ឃា​នី (Michael Kearney) ជា​និស្សិត​បញ្ចប់​ការ សិក្សា​វ័យក្មេង​បំផុត​ក្នុង​ពិភពលោក​នៅ​ខែធ្នូ ចុងឆ្នាំ​នេះ អ្នកស្រី សាយ​ម៉ុ​នស៍​បាន​បង្ហើប​ពី អាថ៌កំបាំង​ដែល​ធ្វើឱ្យ​កូនប្រុស​គាត់​ឆ្លាត​ដល់​ថ្នាក់​នេះ​។ អ្នកស្រី​និយាយ​បែប​លេងសើច​ថា “​ខ្ញុំ​ញ៉ាំ​ត្រី​ច្រើន​អំឡុង​មាន​ផ្ទៃពោះ​”៕ ប្រែ​សម្រួលៈ ខុម