អារ៉ាប៊ីសាអ៊ូឌីត មិន​ចង់​បាន​សង្គ្រាម តែ​ត្រៀម​ឆ្លើយតប​«​មួយ​ទំហឹង​»

450
ចែករម្លែក

​អា​រ៉ាប៊ីសាអូឌីត នឹង​ខិតខំ​អស់​ពី​សមត្ថភាព​ដើម្បី​បញ្ចៀស​សង្គ្រាម​នៅ​ក្នុង​តំបន់ តែ​ត្រៀម​ខ្លួន​ឆ្លើយតប​«​មួយ​ទំហឹង​និង​ដោយ​ការ​តាំងចិត្ត​»​ក្រោយ​ការវាយប្រហារ​កាល​ពី​សប្តាហ៍​​មុន​លើ​នាវា​ដឹក​ប្រេង​អា​រ៉ាប៊ីសាអូឌីត និង​ទីតាំង​របស់​ខ្លួន​មួយចំនួន នេះ​បើ​តាម​ការបញ្ជាក់​ពី​មន្ត្រី​ជាន់ខ្ពស់​ម្នាក់​កាលពី​ថ្ងៃអាទិត្យ​ទី​១៩​ឧសភា​។​

​ថ្លែង​នៅ​សន្និសីទកាសែត​មួយ ទេស​រដ្ឋមន្ត្រី​ការបរទេស​Adel al-Jubeir បាន​ចោទប្រកាន់​អ៊ីរ៉ង់​ថា​ស្វះស្វែង​ធ្វើអោយ​តំបន់​បាត់​ស្ថិរភាព​និង​បាន​អំពាវនាវ​ដល់​សហគម​ន៍​អន្តរជាតិ​​ជួយ​បញ្ឈប់​កុំអោយ​អ៊ីរ៉ង់​ធ្វើ​ដូច្នេះ​។​

​ស្តេច​អា​រ៉ាប៊ីសាអូឌីត អញ្ជើញ​មេដឹកនាំ​នៅ​ឈូង​សមុទ្រ​និង​រដ្ឋ​អារ៉ាប់​មក​ជួប​ប្រជុំ​បន្ទាន់​ដើម្បី​ពិភាក្សា​សភាពការណ៍​

​ក្នុងពេល​ជាមួយគ្នា អា​រ៉ាប៊ីសាអូឌីត បាន​អំពាវនាវ​អោយមាន​ជំនួប​គ្រាអាសន្ន​នៃ​អង្គការ​ក្រុម​ប្រឹក្សា​កិច្ចសហការ​ឈូង​សមុទ្រ​និង​សម្ពន្ធ​អារ៉ាប់​ដើម្បី​ពិភាក្សា​ភាព​តានតឹង​​ចេះតែ​កើន​ឡើង​នៅ​ឈូង​សមុទ្រ​។​ទីភ្នាក់ងារ​សារព័ត៌មាន​អា​រ៉ាប៊ីសាអូឌីត បាន​និយាយថា ព្រះ​ចៅ​សាល់​ម៉ាន់​បាន​អញ្ជើញ​បណ្តា​មេដឹកនាំ​ឈូង​សមុទ្រ​និង​បណ្តា​រដ្ឋ​អារ៉ាប់​អោយ​មក​​ចូលរួម​ជំនួប​កំពូល​២​នៅ​ក្រុង​ម៉ា​កា​នៅ​ថ្ងៃ​៣០​ឧសភា​ដើម្បី​ពិភាក្សា​«​ការឈ្លានពាន​និង​ផលវិបាក​»​កាលពី​ពេល​ថ្មីៗ​នៅក្នុង​តំបន់​។​

​ភាព​តានតឹង​បាន​កើនឡើង​នៅ​ឈូង​សមុទ្រ​នៅ​ពេល​អាមេរិក​បញ្ជូន​យន្តហោះ​និង​នាវា​មក​កាន់​តំបន់ ដោយ​អះអាង​ថា​មានការ​គំរាម​ពី​អ៊ីរ៉ង់​។​

​រំលឹកថា នាវា​៤​គ្រឿង រួម​មាន​នាវា​ដឹក​ប្រេង​២​គ្រឿង ត្រូវ​បាន​ធ្វើអោយ​ខូចខាត​ក្នុង​វិច្ឆេទកម្ម​ដោយ​អាថ៌កំបាំង​កាលពី​ថ្ងៃ​អាទិត្យ​មុន​នៅ​ឯនាយ​ទីក្រុង​ហ្វ៊ុយ​ជៀ​រ៉ា ដែលជា​​ផ្លូវ​ចូល​ឈូង​សមុទ្រ​។​ឧបទ្ទវហេតុ​នេះ​បាន​កើតឡើង​មុន​ការវាយប្រហារ​ដោយ​ដ្រូ​ន​កាលពី​ថ្ងៃ​អង្គារ​ពី​សំណាក់​ក្រុម​ឧទ្ទាម​ហ៊ូ​ទី​នៅយេ​ម៉ែន​លើ​បំពង់​បង្ហូរ​ប្រេង​សំខាន់​មួយ​របស់​​អា​រ៉ាប៊ីសាអូឌីត​។​

​សូមបញ្ជាក់​ថា អ៊ីរ៉ង់​បាន​គំរាម​រារាំង​ការដឹកជញ្ជូន​ប្រេង​នៅ​ច្រក​សមុទ្រហ័​រមូស ក្នុងករណី​មាន​ការប្រឈមមុខ​យោធា​ណាមួយ​ជាមួយ​អាមេរិក​៕ដោយ៖វាសនា