អាល់​វើ​រ៉េ​ស និង​ទ្រី​ប​ផល​ជី សន្យា​វាយ​គ្នា​ឱ្យ​សន្លប់​ក្នុងការ​ប្រកួត​សងសឹក​នៅ​ឡាស​វេ​ហ្គាស​

1452
ចែករម្លែក

​ហ្គេ​ន​ណា​ឌី ហ្គោ​ឡូ​វ​គីន (Gennady Golovkin ឬ ហៅថា ទ្រី​ប​ផល​ជី​) និង ខា​ណេ​ឡូ អាល់​វើ​រ៉េ​ស (Canelo Alvarez) បាន​ឆ្លងកាត់​រឿង​រកាំរកូស​ច្រើនណាស់​ទម្រាំ​បានមក​ប្រកួត​សងសឹក​គ្នា បន្ទាប់ពី​ប៉ះគ្នា​កាល​ពីមួយ​ឆ្នាំមុន​។​

​ការប្រកួត​ប្រៀប​បីដូច​ជាការ​សម្តែង​រប​ស់​តួ​ត្លុក​រវាង ផ្ល​យ មេ​វ៉េ​ឌ័​រ និង ខូ​ន័​រ ម៉ាក​ហ្គ្រេ​ហ្គ័​រ នៅ​ប៉ុន្មាន​សប្តាហ៍​មុន មុន​ការប្រកួត​របស់​ទ្រី​ប​ផល​ជី​និង​អាល់​វើ​រ៉េ​ស​កាលពី​ឆ្នាំមុន បាន​ដណ្តើមយក​ការចាប់អារម្មណ៍​ទាំងស្រុង​ពី​ការប្រកួត​ធំ​រវាង​អ្នក​ទាំង​២​។ កាលណោះ ទ្រី​ប​ផល​ជី និង អាល់​វើ​រ៉េ​ស គឺ​វាយ​គ្នា​មែនទែន មិន​មែ​លលេងៗ​ដូច​ផ្ល​យ និង ខូ​ន័​រ​នោះទេ​។​

​អ្នក​ទាំង​២​នឹង​ត្រឡប់មកវិញ​នៅ​រាត្រី​ថ្ងៃ​សៅរ៍​ទី​១៥​កញ្ញា (​ព្រឹក​ថ្ងៃអាទិត្យ​នៅ​កម្ពុជា​) សម្រាប់​ការប្រកួត​សងសឹក​នៅ​សង្វៀន Las Vegas Strip ដែល​អាច​នឹង​កាន់តែ​ល្អមើល​ជាង​ការប្រកួត​លើក​មុន​។ ម្ចាស់​ខ្សែក្រវាត់​ទម្ងន់ ៧២,៥ គីឡូក្រាម​ទាំង​២​នេះ​អាច​នឹង​ប្រឈម​បញ្ហា​ជាថ្មី​ម្តងទៀត​ខណៈដែល​អ្នក​ប្រយុទ្ធ​ទាំង​២​ព្យាយាម​ដោះស្រាយ​អ្វីដែល​ពួកគេ​មិនអាច​ធ្វើបាន​ក្នុងការ​ប្រកួត​ចុងក្រោយ​កាលពី​ខែកញ្ញា​ឆ្នាំមុន​។​

​ប៉ុន្តែ​លើក​នេះ​គឺជា​រឿង​ផ្ទាល់ខ្លួន មិនមែន​ដោយសារ​ភាព​ល្បី​នៃ​ការប្រកួត​រវាង​ផ្ល​យ​និង​ខូ​ន័​រ​នោះទេ​។​

​ការធ្វើ​តេស្ត​គ្រឿងញៀន​បរាជ័យ​របស់​អា​ល់​វើ​រ៉េ​ស មិន​ត្រឹមតែ​ពន្យារពេល​ការប្រកួត​សងសឹក​ពី​កាលបរិច្ឆេទ​ដើម​នៅក្នុង​ខែឧសភា​ប៉ុណ្ណោះ​ទេ​។ វា​ក៏បាន​បង្កឱ្យមាន​ការជជែក​ដេញដោល​ពី​សំណាក់​ទ្រី​ប​ផល​ជី​ផងដែរ ដែល​ចោទ​ជា​មន្ទិល​ដោយ​ចំហ​អំពី​ការ​ដោះសារ​របស់​អាល់​វើ​រ៉េ​ស​អំពី​សាច់មាន​មេរោគ​នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក និង​ថា​តើ​អាល់​វើ​រ៉េ​សមានភាព​ស្អាតស្អំ​ឬ​អត់​ទេ​សម្រាប់​ការប្រកួត​លើកដំបូង​របស់​ពួកគេ​នោះ​។​

​ទ្រី​ប​ផល​ជី​បាន​និយាយ​នៅ​សប្តាហ៍​នេះ​ថា “​ខ្ញុំ​មិន​ជឿ​រឿងរ៉ាវ​ទាំងអស់​របស់គាត់​អំពី​សាច់មាន​មេរោគ​នោះទេ​។ ខ្ញុំ​គិតថា​វា​មិន​សម​ហេតុ​សម​ផល​ទេ​។ ខ្ញុំ​មិន​ចង់​ឮ​រឿង​មិន​សម​ហេតុផល​របស់គាត់​អំពី​សាច់មាន​មេរោគ​នោះទេ​”​។​

​អាល់​វើ​រ៉េ​ស​ពិតជា​ខកចិត្ត​នឹង​សម្តី​របស់​ទ្រី​ប​ផល​ជី រហូតដល់​ថ្នាក់​រូបគេ​បដិសេធ​មិន​ឡើងឈរ​ទល់មុខ​គ្នា​ដើម្បីឱ្យ​អ្នកកាសែត​ថត នៅមុន​ការប្រកួត​ថ្ងៃ​សៅរ៍​ទៀតផង​។​

​នៅពេលដែល​ពួកគេ​ជួបគ្នា​នៅ​រាត្រី​ថ្ងៃ​សៅរ៍ នោះ​ច្បាស់​ជា​មានការ​ថ្នាំងថ្នាក់​ចិត្ត​ចំពោះ​ភាគី​ទាំង ២ ដែល​បាន​ប្រកួត​ត្រឹម​ស្មើគ្នា​យ៉ាង​ចម្រូងចម្រាស់​កាលពី​ឆ្នាំមុន​។​

​អាល់​វើ​រ៉េ​ស​និយាយថា “​ខ្ញុំ​ខឹង ប៉ុន្តែ​ខ្ញុំ​នឹង​ប្រើ​វា​ដើម្បី​យកឈ្នះ​លើ​ការប្រកួត​នេះ​។ ខ្ញុំ​ពិតជា​សង្កៀរត្រចៀក​ចំពោះ​រឿងរ៉ាវ​ឆ្កួតៗ​ដែល​ពួកគេ​កំពុងនិយាយ​”៕ ដោយ៖ កញ្ញាដាលីស

ទ្រី​ប​ផល​ជី (​ឆ្វេង​) និង អាល់​វើ​រ៉េ​ស នឹង​ប្រកួត​សងសឹក​នៅ​ឡាស​វេ​ហ្គាស​នៅ​យប់​ថ្ងៃ​សៅរ៍ (​ព្រឹក​ថ្ងៃអាទិត្យ​នៅ​កម្ពុជា​)
#