អាល្លឺម៉ង់អង់គ្លេសបារាំងជំរុញឱ្យអ៊ីរ៉ង់គោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

153
ចែករម្លែក

មេដឹកនាំអាល្លឺម៉ង់បារាំងនិងអង់គ្លេសបានអំពាវនាវកាលពីថ្ងៃអាទិត្យទី៥មករាឱ្យអ៊ីរ៉ង់គោរពលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដែលទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានរាយការណ៍ថាប្រទេសនេះនឹងបោះបង់ចោលចំពេលមានភាពតានតឹងកាន់តែខ្លាំងជាមួយសហរដ្ឋអាម៉េរិកជុំវិញការសម្លាប់ឧត្តមសេនីយ៍ដ៏មានឥទ្ធិពលបំផុតរបស់អ៊ីរ៉ង់។

ប្រធានាធិបតីអាម៉េរិកដូណាល់ត្រាំបានដកសហរដ្ឋអាម៉េរិកចេញពីកិច្ចព្រមព្រៀងក្នុងឆ្នាំ ២០១៨ និងបង្កើនការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរបបក្រុងតេហេរ៉ង់ទោះបីជាប្រទេសមហាអំណាចដទៃទៀតប្រកាន់ខ្ជាប់កិច្ចព្រមព្រៀងនេះក៏ដោយ។

នៅក្នុងសេចក្តីថ្លែងការណ៍រួម អធិការបតីអាល្លឺម៉ង់ អ៊ែនជេឡា មឺគែល ប្រធានាធិបតីបារាំង អេមម៉ានូអែល ម៉ាក្រុង និង នាយករដ្ឋមន្រ្តីអង់គ្លេស បូរីស ចនសុន បានជំរុញឱ្យអ៊ីរ៉ង់ចៀសវាងកុំធ្វើសកម្មភាពឬគាំទ្រ “អំពើហិង្សា” បន្ថែមទៀត។

អ៊ីរ៉ង់បានគំរាមសងសឹកចំពោះការដែលអាម៉េរិកសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់ កាសសេម សូឡីម៉ានី (Qassem Soleimani) នៅអ៊ីរ៉ាក់កាលពីសប្តាហ៍មុន។

មេដឹកនាំអឺរ៉ុបទាំង ៣ រូបនេះបានទទូចជាពិសេសដល់អ៊ីរ៉ង់ឱ្យដកចេញរាល់វិធានការនានាដែលមិនស្របតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដែលមានគោលបំណងបញ្ឈប់តេហេរ៉ង់ពីការបន្តកម្មវិធីអាវុធបរមាណូ។

ពួកគេក៏បានអំពាវនាវដល់តួអង្គទាំងអស់ដែលពាក់ព័ន្ធឱ្យបង្ហាញការអត់ធ្មត់និងការទទួលខុសត្រូវខ្ពស់ផងដែរហើយបានសន្យាថានឹងបន្តស្វែងរកការកាត់បន្ថយភាពតានតឹងនិងធានាស្ថិរភាពនៅមជ្ឈិមបូព៌ា។

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានដកស្រង់សេចក្តីថ្លែងការណ៍របស់រដ្ឋបាលប្រធានាធិបតីហាសសាន់ រូហានីថាប្រទេសនេះនឹងមិនគោរពតាមការរឹតត្បិតរបស់កិច្ចព្រមព្រៀងលើការចម្រាញ់ប្រេងឥន្ធនៈលើទំហំស្តុកសារធាតុអ៊ុយរ៉ានីញ៉ូមរបស់ខ្លួននិងលើសកម្មភាពស្រាវជ្រាវនិងអភិវឌ្ឍន៍របស់ខ្លួនឡើយ។

អ្នកផ្សាយទូរទស្សន៍រដ្ឋមួយរូបបាននិយាយថា “សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់លែងប្រឈមមុខនឹងការដាក់កំហិតណាមួយនៅក្នុងប្រតិបត្តិការទៀតហើយ”៕ ដោយ៖ កញ្ញាដាលីស

រាប់ពីឆ្វេងទៅស្តាំ ៖ នាយករដ្ឋមន្រ្តីអង់គ្លេស បូរីស ចនសុន អធិការបតីអាល្លឺម៉ង់ អ៊ែនជេឡា មឺគែល និងប្រធានាធិបតីបារាំង អេមម៉ានូអែល ម៉ាក្រុង ជំរុញឱ្យអ៊ីរ៉ង់ចៀសវាងកុំធ្វើសកម្មភាពឬគាំទ្រ “អំពើហិង្សា” បន្ថែមទៀត