អាល្លឺម៉ង់​ចោទថា វៀតណាម​ចាប់ពង្រត់​ជន​ស្វែងរក​សិទ្ធិ​ជ្រកកោន​ម្នាក់​នៅក្នុង​រដ្ឋធានី​បែរ​ឡាំង​

1056
ចែករម្លែក

​អាល្លឺម៉ង់​បាន​ចោទ​ប្រទេស​វៀតណាម​កាលពី​ថ្ងៃ​ពុធ​ទី​២​សីហា​ថា​បាន​ចាប់ពង្រត់​ជន​ស្វែងរក​សិទ្ធិ​ជ្រកកោន​វៀត​ណា​ម្នាក់​នៅក្នុង​ទីក្រុង​បែរ​ឡាំង និង​ប្រគល់​រូបគាត់​ទៅ​ប្រទេស​គាត់​វិញ ជាទី​ដែល​អាជ្ញាធរ​សង្ស័យ​គាត់​ប្រព្រឹត្ត​អំពើពុករលួយ​។ នេះ​បើតាម​ប្រភព​បាងកក​ប៉ុស្តិ៍​។

​រដ្ឋាភិបាល​ក្រុង​បែរ​ឡាំង​បានធ្វើការ​ឆ្លើយតប​ដោយ​បញ្ជា​ឱ្យ​មន្ត្រី​ស៊ើបការណ៍​សម្ងាត់​វៀត​ណា​ម្នាក់​នោះ ចាក​ចេញពី​អាល្លឺម៉ង់​។

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ម្នាក់​បាន​ប្រាប់​អ្នកកាសែត​ថា “​គ្មាន​ការសង្ស័យ​ធ្ងន់ធ្ងរ​អ្វី​ទេ​អំពី​ការចូលរួម​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ និង​ស្ថានទូត​វៀតណាម ក្នុងការ​ចាប់ពង្រត់​ព​ល​រដ្ឋ​វៀតណាម​លើ​ទឹកដី​អាល្លឺម៉ង់​”​។

​លោក​និយាយថា “​ដូច្នេះ​រដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់​បាន​កោះហៅ​លោក​ឯក​រដ្ឋទូត​មកពី​វៀតណាម​កាលពី​រសៀល​ម្សិលមិញ (​ថ្ងៃ​អង្គារ ទី​១ សីហា​)”​។​

​អ្នកនាំពាក្យ​រូបនោះ​និយាយទៀតថា “​ការចាប់​ពង្រត់​ពលរ​ដ្ឋ​វៀតណាម​លើទឹក​ដី​អាល្លឺម៉ង់​គឺ​មិន​ធ្លាប់មាន​ពីមុន​ទេ​…​វា​ខុសច្បាប់​អាល្លឺម៉ង់ និង​ច្បាប់​អន្តរជាតិ​…​និង​មាន​សក្តានុពល​អវិជ្ជមាន​ប៉ះពាល់​ទំនាក់ទំនង​យ៉ាងធ្ងន់ធ្ងរ​”​។​

​លោក​និយាយថា តំណាង​មន្ត្រី​នៃ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​វៀតណាម​ត្រូវបាន​បញ្ជា​ឱ្យ​ចាក​ចេញពី​អាល្លឺម៉ង់​ក្នុង​រយៈពេល ៤៨ ម៉ោង ហើយ​រដ្ឋាភិបាល​ក្រុង​បែរ​ឡាំង​កំពុង​ពិចារណា​ធ្វើ​ចំណាត់ការ​បន្ថែមទៀត​។

​អ្នកនាំពាក្យ​ក្រសួង​និយាយថា ជន​ស្វែងរក​សិទ្ធិ​ជ្រកកោន​ឈ្មោះ ត្រិ​ញ សួន ថា​ញ់ គឺជា​អ្នកជំនួញ ដែល​អាជ្ញាធរ​វៀតណាម​ជឿថា មាន​ទំនាក់ទំនង​ទៅនឹង​ការបាត់​លុយ​ដ៏​ច្រើន​ពី​ក្រុមហ៊ុន​រដ្ឋ​មួយ​។ បណ្តាញ​ផ្សព្វផ្សាយ​អាល្លឺម៉ង់​រាយការណ៍​ថា បុរស​នេះ​ត្រូវបាន​បុរស​ប្រដាប់អាវុធ​ម្នាក់​នាំខ្លួន​ពី​តំបន់ ធៀ​ហ្គា​ដិ​ន ដែលជា​ឧទ្យាន​ព្រៃ​ក្រាស់​ដ៏​ធំ​មួយ​ក្នុង​រដ្ឋធានី​បែរ​ឡាំង កាលពី​ថ្ងៃទី ២៣ កក្កដា​៕ ដោយ៖ កញ្ញាដាលីស

លោក ត្រិ​ញ សួន ថា​ញ់