អាល្លឺម៉ង់​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប ដែល​បាន​នាំចូល​ទំនិញ​ពី​កម្ពុជា ច្រើនជាងគេ

181
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួល​ជួប​សវនាការ​ជាមួយ លោក គ្រី​ស្ទា​ន បែក​ហ្គឺ (H.E. Mr. Christian Berger) ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៩​នេះ នៅ​វិមាន​រដ្ឋសភា​។​

​នៅក្នុង​ជំនួប​នេះ លោក គ្រី​ស្ទា​ន បែក​ហ្គឺ បាន​ជម្រាប សម្តេច​ប្រធានរដ្ឋសភា ថា ក្នុង​បេសកកម្ម​ការទូត​របស់​លោក​នៅ​កម្ពុជា​នេះ ឯកឧត្តម​នឹង​ខិតខំ​ជំរុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​ព្រះរាជាណាចក្រ​កម្ពុជា និង​អាល្លឺម៉ង់ ឲ្យ​កាន់តែ​រឹងមាំ​ឡើង​នៅ​គ្រប់​វិស័យ មាន​វិស័យ​អប់រំ សុខាភិបាល និង​អភិបាលកិច្ច ជាដើម​។

​ឯកអគ្គរដ្ឋទូត បាន​កត់សម្គាល់ថា ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា អាល្លឺម៉ង់ បាន​កំពុងដំណើរការ​ល្អ ដោយនៅ​ក្នុងនោះ ប្រទេស​ទាំងពីរ​បានធ្វើ​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​គ្នា​ទៅវិញទៅមក​ជា​បន្តបន្ទាប់​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​ស្វា​គម ន៍​បេសកកម្ម​ការទូត​របស់​ឯកឧត្តម គ្រី​ស្ទា​ន បែក​ហ្គឺ នៅ​កម្ពុជា​។ សម្តេច​បាន​គូសបញ្ជាក់ថា រដ្ឋសភា​កម្ពុជា សូម​គាំទ្រ និង​សន្យា​ធ្វើ​កិច្ច​សហ ប្រតិបត្តិការ​ឲ្យ​បាន​ពេញលេញ ដើម្បី​បេសកកម្ម​ការទូត​របស់​ឯកឧត្តម​នៅ​កម្ពុជា ទទួលបាន​ជោគជ័យ ។​

​សម្តេច​ប្រធានរដ្ឋសភា បាន​លើកឡើងថា អាល្លឺម៉ង់​ជា​ប្រទេសមួយ នៅក្នុង​ចំណោម​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប ដែល​បាន​នាំចូល​ទំនិញ​ពី​កម្ពុជា ច្រើនជាងគេ ក្នុងចំណោម​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​។ អាល្លឺម៉ង់​ក៏​ជា​ប្រទេស ដែល​បាន​ផ្តល់ជំនួយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដល់​កម្ពុជា លើ​គំរោងការ​អភិវឌ្ឍន៍​នានា ជាង​៧០​គម្រោង​កន្លងមកនេះ​។​

​សូមជម្រាបថា កម្ពុជា​និង​សហព័ន្ធ​អាល្លឺម៉ង់ មាន​ទំនាក់ទំនង​ការទូត​ជាមួយគ្នា តាំងពី​ចុងឆ្នាំ​១៩៦៧ ហើយ​ទំនាក់ទំនង​ដ៏​ល្អ​នេះ ត្រូវបាន​បន្ត​លើកកម្ពស់​កាន់តែ​ល្អប្រសើរ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​៕